យោងតាមលោក Karthik បានឱ្យដឹងថា វិនិយោគិនឥណ្ឌាមួយចំនួនចាប់អារម្មណ៍ជាពិសេស លើឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ក៏ដូចជា វិស័យអភិវឌ្ឍន៍ជំនាញនៅកម្ពុជា។
លោកបានបន្តទៀតថា “នឹងមានការចូលរួមតាមវិស័យកាន់តែច្រើននាពេលអនាគត ហើយយើងក៏ជឿជាក់ផងដែរថា ការចាប់ផ្តើមជើងហោះហើរត្រង់ គឺមានសារៈសំខាន់ក្នុងការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ”។
លោក Sandeep Majumdar ប្រធានសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា InCham បានអះអាងថា“យើងជឿជាក់ថា ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូឥណ្ឌា អាចបង្កើនការយល់ដឹងអំពីឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា”។ លោកបន្តថា “គណៈប្រតិភូអាចជួបជាមួយអ្នកជំនួញកំពូលៗ មួយចំនួនក្នុងប្រទេសកម្ពុជា ហើយថែមទាំងអាចជួបមន្ត្រីកំពូលៗ និងអ្នកធ្វើការសម្រេចចិត្តផងដែរ”។
ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការចាប់ផ្តើមជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
លោក Sandeep បានកត់សម្គាល់ថា ការហោះហើរត្រង់អាចដើរបានឆ្ងាយ ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍ ហើយសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា នឹងបន្តចូលរួមជាមួយកុងស៊ុល ដើម្បីផ្សព្វផ្សាយកម្ពុជានៅក្នុងប្រទេសឥណ្ឌា។
ជាមួយគ្នានេះ លោក Anthony Galliano នាយកប្រតិបត្តិនៃក្រុមហ៊ុន Cabodian Investment Management Holdings ដែលជាអ្នកជឿជាក់យ៉ាងមុតមាំ លើការរំពឹងទុករបស់កម្ពុជា ក្នុងការក្លាយជាខ្លាអាស៊ីនៃសតវត្សរ៍ទី២១ បានប្រាប់គណៈប្រតិភូឥណ្ឌា ដែលកំពុងបំពេញទស្សនកិច្ចថា កត្តាជាច្រើនធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏ល្អ។
លោក Anthony បានអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជាមានអត្រាប្រចាំឆ្នាំជាមធ្យម៧,៧ភាគរយ នៅចន្លោះឆ្នាំ១៩៩៨ និង២០១៩ ដែលជាកំណើនលឿន បំផុតមួយនៅក្នុងពិភពលោក។
ប្រទេសកម្ពុជា ក៏បានងើបចេញពីវិបត្តិជំងឺកូវីដ ជាមួយនឹងភាពរឹងមាំជាថ្មី និងភាពធន់ ហើយអត្រាកំណើនសេដ្ឋកិច្ច អាចឈានដល់ជិត៦ភាគរយនៅឆ្នាំនេះ នេះបើយោងតាមការព្យាករណ៍មួយចំនួនធៀបនឹង៥,១ភាគរយនៅឆ្នាំ២០២២។
លោក Anthony ក៏បានចង្អុលបង្ហាញថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ក្នុងតំបន់ដែលអនុញ្ញាតឱ្យមានភាពជាម្ចាស់កម្មសិទ្ធពីបរទេស ចំនួន១០០ភាគរយ សម្រាប់អ្នកវិនិយោគ។
លើកលែងតែប្រភេទមួយចំនួនដូចជា (ការផលិតបារី ការផលិតភាពយន្ត ការកិនស្រូវ ការជីកយករ៉ែត្បូង និងកែច្នៃ) អ្នកវិនិយោគបរទេស អាចកាន់កាប់ក្រុមហ៊ុនទាំងស្រុង នៅក្នុងប្រទេសកម្ពុជា ហើយមិនមានការរឹតបន្តឹង លើសញ្ជាតិរបស់នាយក ឬម្ចាស់ភាគហ៊ុន និងគ្មានការរឹតបន្តឹង លើការធ្វើពាណិជ្ជកម្មនោះទេ។ ដើម្បីកាន់កាប់ដីធ្លីបាន៥១ភាគរយ នៃភាគហ៊ុនរបស់ក្រុមហ៊ុន ត្រូវកាន់កាប់ដោយពលរដ្ឋកម្ពុជា។
កម្រិតខ្ពស់នៃប្រាក់ដុល្លាររបស់កម្ពុជា គឺជាការទាក់ទាញមួយទៀតសម្រាប់អ្នកវិនិយោគ។
លោក Anthony បានចង្អុលបង្ហាញថា កត្តានេះលុបបំបាត់ហានិភ័យនៃការកែតម្រូវ អត្រាប្តូរប្រាក់យ៉ាងមុតស្រួច និងកាត់បន្ថយលំហូរចេញនៃមូលធន។
លោកក៏បានបន្ថែមថា ក្រុមហ៊ុនបរទេស ដែលត្រូវបានចុះបញ្ជីជាគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) មានសិទ្ធិទទួលបាន ការលើកលែងពន្ធបន្ថែម ឬរំលោះពន្ធពិសេស។
យោងតាមលោក Anthony មនុស្សម្នាក់អាចចាប់ផ្តើមក្រុមហ៊ុនឯកជនមានកំណត់ក្នុងប្រទេសកម្ពុជា ដោយចំណាយត្រឹមតែ១.០០០ដុល្លារប៉ុណ្ណោះ។
អត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀតគឺចំនួន ប្រជាជនវ័យក្មេងរបស់ប្រទេសកម្ពុជា ដែលធានាបាននូវកម្លាំងពលកម្ម គ្រប់គ្រាន់សម្រាប់កំណើននាពេលអនាគត។
ក្នុងចំណោមប្រជាជនកម្ពុជា ចំនួន១៧,៣លាននាក់ ក្នុងនោះប្រជាជនប្រហែលពាក់កណ្តាល មានអាយុក្រោម២៥ឆ្នាំ។ ចំណែកអត្រាភាពអត់ការងារធ្វើ នៅក្នុងប្រទេសមានកម្រិត៦ភាគរយ ដែលជាអត្រាមួយទាបបំផុតនៅលើពិភពលោក ហើយកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសុវត្ថិភាពបំផុត ក្នុងការរស់នៅផងដែរ។
លោកបានកត់សម្គាល់បន្ថែមទៀតថា ទិន្នផលឧស្សាហកម្មរបស់កម្ពុជា ធ្លាប់ត្រូវបានគេរំពឹងទុកថា នឹងកើនឡើង៨,១ភាគរយនៅឆ្នាំ២០២២ និង៩,១ភាគរយនៅឆ្នាំ២០២៣នេះ។
ច្បាប់ថ្មីស្តីពីការវិនិយោគ ដែលត្រូវបានអនុម័តដោយប្រទេសក្នុងខែតុលា ឆ្នាំ២០២១ កំពុងជួយទាក់ទាញការវិនិយោគផ្ទាល់ ក្នុងស្រុក និងពីបរទេសបន្ថែមទៀតចូលទៅក្នុងការផលិត។
លោក Anthony បានកត់សម្គាល់ថា ច្បាប់នេះផ្តល់នូវក្របខ័ណ្ឌច្បាប់ដ៏ទូលំទូលាយ តម្លាភាព និងអាចព្យាករណ៍បាន ដើម្បីធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញបន្ថែមទៀត។
លោកក៏បានទាញចំណាប់អារម្មណ៍ ចំពោះវណ្ណៈកណ្តាលដែលកំពុងកើនឡើង នៅក្នុងប្រទេសកម្ពុជាផងដែរ ដោយបង្ហាញថា វាធានានូវកំណើននៃតម្រូវការ ក្នុងវិស័យអចលនទ្រព្យ និងសេវាកម្ម។
ខណៈនិយាយអំពីអគារខ្ពស់ៗ និងផ្សារទំនើបជាច្រើន ដែលកំពុងដុះដាលពេញទីក្រុង លោក Anthony បានបញ្ជាក់ថា“ពេលខ្ញុំមកទីនេះ មានអគារខ្ពស់មួយក្នុងទីក្រុងភ្នំពេញ និងផ្សារទំនើបតូចមួយប៉ុណ្ណោះ។
លោក Anthony បានចង្អុលបង្ហាញ ខណៈលើកទឹកចិត្តដល់អ្នកវិនិយោគឥណ្ឌា ដែលមានសក្តានុពលឱ្យចូលរួម ជាមួយកម្ពុជាថា “មានឱកាសជាច្រើនក្នុងវិស័យសេវាកម្ម ដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ហើយវិស័យធានារ៉ាប់រង និងធនាគារកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស”។
លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) មានប្រសាសន៍ថា កម្ពុជានឹងក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗនេះ។
លោកបានកត់សម្គាល់ថា “បរិយាកាសធុរកិច្ចនៅកម្ពុជា គឺស័ក្តិសមខ្លាំង ក្នុងការទាក់ទាញការវិនិយោគពីបរទេស ហើយយើងក៏កំពុងតាមទាន់ប្រទេសជិតខាងដូចជាថៃ និងវៀតណាមផងដែរ”។
យោងតាម ស៊ាង សុបញ្ញា បានឱ្យដឹងទៀតថា អ្នកធុរកិច្ចឥណ្ឌាមានឱកាសល្អ ក្នុងការវិនិយោគលើវិស័យ បច្ចេកវិទ្យានៅកម្ពុជា ការទូទាត់តាមឌីជីថលគឺជាវិស័យមួយ ដែលប្រទេសឥណ្ឌាអាចជួយឱ្យរីកចម្រើន ខណៈយើងក៏ត្រូវការវិទ្យាស្ថាន បណ្តុះបណ្តាលជំនាញបន្ថែមទៀតផងដែរ។
លោកបានបន្ថែមថា យុវជនកម្ពុជារហូតដល់១,៥លាននាក់ នឹងទទួលបានការបណ្តុះបណ្តាល ជំនាញចន្លោះឆ្នាំ២០២៣និង២០២៥។ ក្រុមហ៊ុននានាក៏ត្រូវបានផ្តល់ការលើកទឹកចិត្ត ផ្នែកពន្ធផងដែរ សម្រាប់ការបង្កើនជំនាញរបស់បុគ្គលិក។
លោកបានកត់សម្គាល់ថា “មួយផ្នែកធំនៃកម្លាំងពលកម្មកម្ពុជាឥឡូវអាចនិយាយភាសាអង់គ្លេសបាន ហើយពួកគេភាគច្រើនក៏និយាយភាសាចិនបានដែរ”។លោកបញ្ជាក់ថា “នៅកម្ពុជាមិនមានឧបសគ្គផ្នែកភាសាសម្រាប់ជនបរទេសទេ ប្រជាជនកម្ពុជាក៏រួសរាយរាក់ទាក់ណាស់។ ខ្ញុំស្វាគមន៍សហគ្រិនឥណ្ឌា ជាពិសេសសហគ្រិនវ័យក្មេងមកកាន់កម្ពុជា ហើយអង្គការរបស់ខ្ញុំត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រទាំងអស់ដល់ពួកគេ”។
ចំណែកលោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិនកម្ពុជា (CCCA) បានមានប្រសាសន៍ថា កម្ពុជាចាំបាច់ត្រូវចូលរួមបន្ថែមទៀតជាមួយឥណ្ឌា។
លោកបានបន្តថា “ប្រទេសឥណ្ឌាគឺជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក ហើយកម្ពុជាអាចចូលក្នុងទីផ្សារនេះ។ ប្រជាជនឥណ្ឌា មិនត្រឹមតែអាចវិនិយោគ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចទិញទំនិញ កាន់តែច្រើនពីកម្ពុជាផងដែរ”។
ទន្ទឹមនឹងនោះ លោក ឡោ វិចិត្រ ក៏បានក្រើនរំលឹកអ្នកវិនិយោគឥណ្ឌាអំពីច្បាប់ពន្ធដារថ្មីរបស់កម្ពុជា។
លោកបញ្ជាក់ថា“ច្បាប់ថ្មីនឹងផ្តល់ការលើកទឹកចិត្តបន្ថែមទៀត ហើយនឹងមានភាព អាចព្យាករណ៍ទុកបានកាន់តែច្រើន រួមជាមួយនឹងច្បាប់វិនិយោគ វាអាចជួយទាក់ទាញដល់ការវិនិយោគ ពីបរទេសកាន់តែច្រើនមកកម្ពុជា”។
លោក ឡោ វិចិត្រ បានកត់សម្គាល់ថា ប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងគំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង ហើយអ្នកធុរកិច្ចឥណ្ឌា អាចស្វែងរកឱកាសវិនិយោគ ក្នុងវិស័យទាំងនេះ។
លោកបានចង្អុលបង្ហាញថា “ដោយសារប្រទេសឥណ្ឌាជាប្រទេស ដែលមានក្រុមហ៊ុនទូរគមនាគមន៍ ឱសថ និងបច្ចេកវិទ្យាឈានមុខគេមួយចំនួន ភាពជាដៃគូដ៏រឹងមាំជាមួយប្រទេសនេះ អាចជួយកម្ពុជាក្នុងការពង្រឹងឧស្សាហកម្ម ផ្អែកលើចំណេះដឹងរបស់ខ្លួន”។
កម្ពុជា និងឥណ្ឌាបានពន្លឿនការងារ បច្ចេកទេសផ្ទៃក្នុងរបស់ខ្លួន ដើម្បីបង្កើតការចរចា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី។ កិច្ចព្រមព្រៀងបែបនេះ នឹងជួយប្រទេសទាំងពីរ ក្នុងការនាំមកនូវផលិតផល និងសេវាកម្មបន្ថែមទៀត ក្រោមពាណិជ្ជកម្មគ្មានពន្ធ។
លោកសាស្ត្រាចារ្យ Ujjwal Anu Chowdhury នាយកប្រតិបត្តិនៃសាកលវិទ្យាល័យអន្តរជាតិអនឡាញ ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ដែលជាវាគ្មិនម្នាក់ នៅក្នុងព្រឹត្តិការណ៍នេះ បានលើកទឹកចិត្តអ្នកវិនិយោគ ឱ្យពិនិត្យមើលតម្រូវការ ដែលកំពុងកើនឡើងសម្រាប់ការអប់រំឧត្តមសិក្សា ប្រកបដោយគុណភាពផងដែរ។
លោកបានបន្តថា ទីផ្សារអប់រំពិភពលោកមានតម្លៃ៥,៩ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ហើយនឹងឈានដល់១០,២ពាន់ពាន់លានដុល្លារនៅឆ្នាំ២០២៦។
ទំហំទីផ្សារអប់រំអាស៊ីប៉ាស៊ីហ្វិក មានតម្លៃ១,០៩ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់២,០៥ពាន់ពាន់លានដុល្លារនៅឆ្នាំ២០២៦។
យោងតាមសាស្រ្តាចារ្យ Ujjwal តំបន់អាស៊ីដែលជាកន្លែងសម្រាប់មនុស្សច្រើន ជាងទីតាំងផ្សេងទៀត នៅតែត្រូវការការវិនិយោគបន្ថែមទៀត នៅក្នុងការអប់រំឧត្តមសិក្សា។
តាមគំនិតរបស់លោក ប្រទេសកម្ពុជាអាចក្លាយជាមជ្ឈមណ្ឌលសម្រាប់ឧត្តមសិក្សានៅអាស៊ីអាគ្នេយ៍ ដែលមានដីគ្រប់គ្រាន់ ងាយស្រួលចូល និងក្លាយជាចំណុចក្តៅនៃទេសចរណ៍ពិភពលោក។
ទន្ទឹមនឹងនោះ ប្រតិភូមួយចំនួនបានលើកឡើងច្រើន អំពីបរិយាកាសធុរកិច្ច ដែលកំពុងកើតមាននៅកម្ពុជា។
លោក Anil Joseph Pinto មន្ត្រីអត្រានុកូលដ្ឋាននៃសាកលវិទ្យាល័យ Christ Deemed នៅទីក្រុង Bangalore បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ មកកាន់ប្រទេសកម្ពុជាគឺជាបទពិសោធន៍វិជ្ជមានសម្រាប់លោក៕