កម្ពុជា និងជប៉ុន បានជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី ដោយជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA) ហោះហើរឡើងវិញ មកកាន់ប្រទេសកម្ពុជា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគ។
ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក Ueno Atsushi នៅរាជធានីភ្នំពេញ កាលពីម្សិលមិញ។
ពួកគេបាននិយាយអំពីការផ្សព្វផ្សាយទេសចរណ៍រវាងប្រទេសទាំងពីរបន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យមានទិដ្ឋាការអេឡិចត្រូនិក (e-Visa) ដល់ភ្ញៀវទេសចរកម្ពុជា ។
លោក ថោង ខុន បានមានប្រសាសន៍ថា រដ្ឋាភិបាលនៃប្រទេសជប៉ុនបានប្រកាសជាផ្លូវការថា ភ្ញៀវទេសចរកម្ពុជាទាំងអស់អាចស្នើសុំ e-Visa តាមអ៊ីនធឺណិតបានចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោកបានបន្តថា៖ «តាមរយៈការដាក់ឱ្យដំណើរការនូវ e-VISA នេះ វានឹងជំរុញចំនួនភ្ញៀវទេសចរកម្ពុជាទៅប្រទេសជប៉ុន និងជំរុញឱ្យភ្ញៀវទេសចរជប៉ុនមកទស្សនាប្រទេសកម្ពុជា»។
ឯកអគ្គរាជទូតជប៉ុនបានមានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង២០ ដែល រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតអោយដាក់ពាក្យសុំទិដ្ឋាការ ឬ e-VISA តាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីទៅលេងប្រទេសជប៉ុន។
លោកបានមានប្រសាសន៍ថា “ប្រទេសជប៉ុនប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីទាក់ទាញវិនិយោគិនជប៉ុន និងភ្ញៀវទេសចរជប៉ុនមកកម្ពុជា”។
ភាគីទាំងពីរបាននិយាយថា វាបានលើកទឹកចិត្តដល់ការបន្តការហោះហើរត្រង់ដោយក្រុមហ៊ុនអាកាសចរណ៍ ANA ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលត្រូវបានផ្អាកក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ។
សូមបញ្ជាក់ថា ក្នុងបរិបទមុនកូវីដ១៩ ភ្ញៀវទេសចរជប៉ុនប្រមាណ២០ម៉ឺននាក់បានមកទស្សនាប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជាប្រមាណ២០.០០០នាក់បានទៅលេងប្រទេសជប៉ុន៕