ប្រទេសឥណ្ឌូណេស៊ីកំពុងពិចារណាលើការយកពន្ធភ្ញៀវទេសចរដែលទៅលេងលើកោះបាលី បន្ទាប់ពីរដ្ឋាភិបាលបានដោះស្រាយបញ្ហាចរាចរណ៍ និងការបំពានទិដ្ឋាការស្នាក់នៅពីសំណាក់ភ្ញៀវដែលបានទៅលេងកម្សាន្ត ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូណេស៊ី លោក Sandiaga Uno និយាយថា ការយកពន្ធនេះនឹងបង្កើនមូលនិធិសម្រាប់គម្រោងអភិរក្ស រួមទាំងការដាំដើមកោងកាង និងផ្កាថ្ម ដើម្បីធានាថា ភ្ញៀវទេសចរនឹងមានអារម្មណ៍កាន់តែស្រស់ស្រាយទៅលើបរិស្ថានក្នុងតំបន់ ដូចគ្នាទៅនឹងប្រទេសថៃបានធ្វើបែបនេះរួចទៅហើយ ។
តាមរយៈការយកពន្ធនេះ លោក Uno បញ្ជាក់ថា ពេលវេលា និងទំហំនៃពន្ធ គឺកំពុងតែស្ថិតក្រោមការពិភាក្សានៅឡើយ ពោលមិនទាន់ឈានដល់ការសម្រេចជាផ្លូវការណាមួយនៅឡើយទេ ។
គួរឲ្យដឹងថា អ្នកទេសចររាប់សិបនាក់ត្រូវបានបណ្តេញចេញពីកោះបាលីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលបង្កើនការអនុវត្តច្បាប់ប្រឆាំងនឹងជនបរទេសដែលប្រើប្រាស់ទិដ្ឋាការរបស់ពួកគេទៅធ្វើការនៅលើដីគោក បំពានច្បាប់ចរាចរណ៍ និងបំពានលើទីតាំងសាសនាជាដើម ៕