Alynana Media Cambodia
Icon Collap
clinic narit

មកដឹកពីររបៀបលេងនិងប្រវត្តិល្បែងចត្រង្គ ឬ ល្បែងអុកខ្មែរ ដែលមានឆ្លាក់ជាប់ប្រាសាទខ្មែរ

Admin Alynana | May 04, 2023
មកដឹកពីររបៀបលេងនិងប្រវត្តិល្បែងចត្រង្គ ឬ ល្បែងអុកខ្មែរ ដែលមានឆ្លាក់ជាប់ប្រាសាទខ្មែរ
Clinic narith

រាជធានី​ភ្នំពេញ៖ នៅតាម​ប្រាង្គប្រាសាទ​សិលាខ្មែរ​មួយចំនួន​ដូចនៅ​ប្រាសាទ​បាពួន អង្គរ​វត្ត បាយ័ន ​និងព្រះ​ខ័ន នា​តំបន់សៀម​រាប​អង្គរ យើង​ឃើញ​មាន​ចម្លាក់​មនុស្សអង្គុយ​លេងល្បែង​ចត្រង្គ ឬអុក ​ដោយមាន​វត្តមាន​របស់អ្នក​មើលជាច្រើន​នាក់នៅជុំវិញ​គូបដិបក្ខ ។ នៅពេលនេះ​យើងសូម​លើក​យក​តែចំណុច​សំខាន់ៗប៉ុណ្ណោះ​នៃល្បែង​ចត្រង្គ ឬអុក​មកបកស្រាយ​ ។

តើពាក្យ ​«ចត្រង្គ» និង​ពាក្យ «អុក» មាន​ប្រភពចេញមក​ពីណា ហើយមាន​សារសំខាន់​យ៉ាងដូចម្តេច​ខ្លះក្នុង​សង្គមខ្មែរ ? ល្បែង​​ចត្រង្គ ឬល្បែង​អុក ត្រូវបាន​គេចាត់ទុកថា ​ជាកីឡាផ្នែក​ខាងមនោ​ពលកម្ម គឺ​ជាល្បែង​បង្ហាត់ចិត្ត​ឱ្យរឹងមាំ ​មានះ ប្រកាន់ជំហរ​រឹងមាំ តស៊ូ​ក្នុងកិច្ចការ​ដែលជាតួនាទី​របស់​ខ្លួនដែល​ត្រូវធ្វើ ។ ​ល្បែងអុក​ចត្រង្គមាន​តាំងពីបុរាណ​កាលមកម៉្លេះ​សម្រាប់កងទ័​ពលេងឱ្យ​មានប្រាជ្ញាវាងវៃក្នុង​ការប្រើឧបាយ​កលក្នុង​ចម្បាំង ជាពិសេស​សំដៅដល់​ការរៀបចំ​ទ័ពទាំង៤ ​ឱ្យបាន​ត្រឹមត្រូវតាម​ក្បួនយុទ្ធ​សាស្ត្រមុនពេល​ចេញទៅ ច្បាំង​នៅសមរភូមិ ។

បានសេចក្តី​ថា ល្បែងអុក​ចត្រង្គនេះ​ជាល្បែង​ដ៏ថ្លៃថ្លា​បំផុត ព្រោះ​ផ្តល់នូវ​បច្ចេកទេស និង​យុទ្ធសាស្ត្រ​លេងប្រកប​ដោយទេព​កោសល្យ​ខ្ពស់ និង​សក្តា​នុ​ពល​ខាងផ្លូវ​ចិត្ត ឬបញ្ញា​ញាណ និង​ផ្លូវកាយ ។ ដៃគូ​ដែលលេង​សុទ្ធតែខ្លាំង​ពូកែ ពោល​គឺពោរពេញ​ទៅដោយ​ស្នៀតខុសប្លែក​ពីគ្នា ហើយ​នៅទីបញ្ចប់​អាច​ធ្វើឱ្យគូបដិ​បក្ខទាល់ច្រក​ ហើយស្លាប់​តែម្តង ដោយ​ការវិភាគ​ស្ថានភាព​ស៊ីជម្រៅ តើត្រូវដក​ថយ សម្ងំ ​ឬក៏វាយ​លុកទៅមុខ ។ បានជា​គេហៅថា ល្បែង​អុក ដោយ​សារល្បែងនេះ​មានគោល​ដៅសម្លាប់ «ខុន» ​បើកូនចត្រង្គ​ណាមួយ​ដើរដល់ក្រឡា​ដែលអាច​ស៊ីខុន បាន​គេតែង​បន្លឺពាក្យថា ​«អុក» ។ ចំពោះ​ពាក្យ​ចត្រង្គ ក្លាយ​មកពីភាសា​សស្ក្រឹត ​និងបាលីថា​ «ចតុរង្គ» ​មានន័យ​ដូចគ្នានឹង​ពាក្យខ្មែរថា ​អុក។

ពាក្យ​ចត្រង្គដែល​បានឱ្យកំណើត​មកជាពាក្យ​អុករបស់ខ្មែរ​បច្ចុប្បន្នតាមវ​ចនានុក្រម​ខ្មែរមានន័យ​ថា ទ័ពទាំង៤​ គឺទ័ពសេះ, ​ដំរី, ថ្មើរជើង ​និងជើង​ទឹក ហើយ​អាចជាសញ្ញាឆ្លុះ​បញ្ចាំងឱ្យឃើញ​ថា វាជាការ​រៀបចំទ័ព​ទាំង៤ប្រភេទ​ខាងលើនេះ​ដែលជាកាតព្វ​កិច្ចរបស់មេទ័ព​ផងដែរ ។ ចត្រង្គមាន​ចំនួន៣២ សម្រាប់ដើរ​លេងលើក្តារ​៤ជ្រុង (ក្តារអុក) ​ដែលមាន​ក្រឡា៦៤ ។ ​ក្តារនេះមាន​សណ្ឋាន៤​ជ្រុងស្មើគ្នា​មិនកំណត់​ទំហំទេ ។ ​កូនចត្រង្គ​ទាំង៣២ គេអាច​ធ្វើពីភ្លុក​ ឬពីស្នែង​ ឬឈើផ្សេងៗ​ដូចជា នាង​នួន និងដើម​ដៃខ្លាជា​ដើមទៅតាម​លទ្ធភាព និងធន​ធានដែល​គេមាន និង​ធ្វើទៅបាន ក្នុងនោះ​ដើម្បីកុំ​ឱ្យ​ច្រឡំនៅពេល​លេងកូន​ចត្រង្គត្រូវ​មានពណ៌ខុសគ្នា​ជាពីរពួក (មួយ​ពួកមាន១៦​កូន) បើ​មួយពួក​ធ្វើពីភ្លុក មួយ​ទៀតធ្វើពី​ស្នែង ឬមួយ​ពួកធ្វើពី​នាងនួន មួយពួក​ទៀតធ្វើ​ពីគ្រញូង​ជាដើម ។

 
 

សម្រាប់កូន​ចត្រង្គទាំង៣២​នោះមានសមាស​ភាពដូចជា ​កូន២ហៅថា «ខុន»​ ទុកជាស្តេច​សោយរាជ្យ ​ដែលមានរូប​សណ្ឋានដូច​សន្លឹកសីមា, ​កូន២ ហៅថា ​​«នាង» ទុកជាព្រះអគ្គមហេសី មានសណ្ឋានដូចតួចេតិយ, កូន៤ ហៅថា «គោល» មានសណ្ឋានដូចសន្លឹកសីមាទំហំតូចជាងខុន ទុកជា​សេនាបតី ឬមេទ័ព, កូន៤ ​ហៅថា «សេះ» ​មានសណ្ឋាន​ដូចជាក្បាល​សេះមានមាត់ ​ច្រមុះ ត្រចៀក ​ក ស្មា, កូន៤ ​ហៅថា «ទូក» មាន​សណ្ឋា​នដូច​ឫស​សីមា, កូន១៦ ​ហៅថា «ត្រី» ​មានសណ្ឋានមូល​សំប៉ែតប៉ុន​ប្រាក់កាក់ ដោយ​មានសញ្ញា​ឱ្យដឹងថា ពោះខ្នង​ដែលកូនទាំង​អស់នេះទុក​ជាសេនារេហ៍​ពល ។

ចំពោះការ​ប្រកួតល្បែង​អុកនេះ គឺចែក​ជាពីរក្រុម ​ក្នុងនោះអាច​ម្នាក់ទល់​ម្នាក់ ឬក៏​មួយក្រុម​ទល់នឹង​មួយក្រុម ហើយមាន​មនុស្សចាប់​ពី២ទៅ៣​នាក់ឡើង​ទៅក៏​បាន ។ អ្នក​លេងត្រូវ​យកកូន​ចំនួន៣២ ដែលមាន​២ពណ៌ខុស​គ្នាមកចែក​ជា២ទៅតាម​ពណ៌ដែល​អ្នកលេង​បានជ្រើស​រើសយកមក​ធ្វើជាកូន​អុក​សម្រាប់ប្រកួត ។ ​ក្នុងនោះក្រុម​នីមួយៗត្រូវ​មានកូនអុក​ចំនួន១៦កូន ​ស្មើគ្នាដែល​មានខុន១ ​នាង១ គោល​២ សេះ២ ទូក២ ​និងត្រី៨ ដោយមុននឹង​លេង​ក្រុមនីមួយៗ​ត្រូវរៀប​កូនចត្រង្គរបស់​ខ្លួនលើក្តារអុក​ដែលមាន៦៤ក្រឡា​នោះ ។ របៀបលេងសម្រាប់​ការធ្វើដំណើរ​របស់ទូក គឺដើរ​តាមបណ្តោយ​ក្រឡា​ដោយ​ឥតព្រំដែន ​ខណៈសេះដើរ​ផ្លោះកាត់បញ្ចៀង​៣ក្រឡា, ចំណែក​គោលវិញ​អាចដើរបាន​៥ផ្លូវ គឺដើរទៅ​ក្នុងក្រឡាមុខខ្លួន​មួយក្រឡា និងក្រឡា​នៅជ្រុង​ទាំង៤ដែលជាប់​នឹងក្រឡាខ្លួន​ជាលក្ខណៈ​បញ្ឆិត ។

ចំពោះ​ខុនអាចដើរ​បាន៨ផ្លូវ គឺ​ក្រឡាទាំង៨​ដែលនៅជុំវិញ​ខ្លួន, នាងអាច​ដើរបាន​៤ផ្លូវ គឺដើរ​ទៅក្នុងក្រឡា​នៅជ្រុងទាំង៤ ​ដែលជាប់នឹ​ង​ខ្លួន, ត្រីដែល​មិន​ទាន់បក ​ដើររុកទៅ​មុខខ្លួនមួយ​ក្រឡាម្តងៗ​ទាំងមានសិទ្ធិ​ស៊ីកូនចត្រង្គ​ជាគូប្រកួត​របស់ខ្លួននៅ​ក្នុងក្រឡាជ្រុង​អមផ្លូវទាំង២​ជ្រុង (បើត្រីបក​ដើរដល់​ក្រឡាជា​ព្រំដែន​នៃកូនចត្រង្គ​របស់គូប្រកួត​ ហើយអាចដើរ​បានដូចនាង ។ ការចាប់​ផ្តើមលេង​បន្ទាប់ពីអ្នក​ចូលរួមលេង​បានរៀបចំ​កូនចត្រង្គ​រៀងៗខ្លួន​ជាស្រេចនោះ ទាំង​ពីរក្រុមត្រូវឱ្យក្រុមណាមួយ​ដើរកូនចត្រង្គ​មុន (ករណីលើក​ដំបូង) បើលើក​ទី១ មានអ្នកចាញ់​ឈ្នះហើយដល់​លេងបន្ត​បន្ទាប់ទៀត ​គឺអ្នកឈ្នះ​ជាអ្នកដើរមុន ។

ជាទម្លាប់​ទូទៅ គេច្រើនដើរ​ត្រីទៅខាងមុខ​ខុន ឱ្យបាន​ត្រី២ ឬ៣សិន​ រួចចាំដើរ​កូនចត្រង្គ​ដទៃទៀតតាមដំណើរ​នៃប្រភេទ​កូនចត្រង្គ​នីមួយៗ ។ នៅ​ពេលប្រកួតអ្នក​លេងត្រូវប្រុង​ប្រយ័ត្ន២យ៉ាង​គឺត្រូវប្រយ័ត្នកុំ​ឱ្យកូនចត្រង្គ​ខាងគូប្រកួតដែល​មានឥទ្ធិពលតិច​ស៊ីកូនចត្រង្គរបស់​ខ្លួនដែលមាន​ឥទ្ធិពល​ច្រើនជាង ​ឧទាហរណ៍ ត្រីរ​បស់គូប្រកួត​ត្រូវស៊ីសេះ​ ទូក គោល​របស់យើង​ដោយស៊ីឥតថ្នូរ ។ មួយទៀត​ត្រូវប្រយ័ត្នបំផុត​កុំឱ្យចត្រង្គខាង​គេចោម​សម្លាប់​ខ្លួន​ខុនរបស់យើងបាន​ ព្រោះគោលដៅ​នៃល្បែងចត្រង្គ​គឺសម្លាប់ខុន ​បើគេសម្លាប់​បានហើយ គឺចាត់​ទុកថាយើង​ជាអ្នកចាញ់ ។ ក្នុងការ​លេង បើទ័ពគឺកូន​ចត្រង្គរបស់អ្នក​ណាមួយដែល​អ្នកលេងម្ខាង​ទៀតបានស៊ីអស់​ហើយនៅសល់​តែខុនមួយ ខុននោះត្រូវខុន​ដែលមានទ័ព​ច្រើនតាម​ប្រដេញ​សម្លាប់ចោលទាល់​តែរត់លែងរួច ប៉ុន្តែប្រសិន​បើនៅមានសល់​ត្រីបក ខុនទាំង​ពីរត្រូវដើរ​ផ្សងព្រេងដោយ​វិធីរាប់ជើង បើរាប់ទៅ​ឃើញហួសចំនួន​កំណត់​នោះគេចាត់ទុក​ថាស្មើគ្នា តែ​បើស្លាប់មុននឹង​ដល់ការរាប់​ចំនួនជើងដែល​បានកំណត់​នោះគេចាត់ទុក​ថាចាញ់ ។

ចំពោះវិធីរាប់ជើង គឺមានច្រើនបែបទៅតាមទម្លាប់របស់អ្នកលេងដែលមានចំនួនប្រែប្រួលអាស្រ័យទៅតាមចំនួនសល់នៃកូនចត្រង្គ និងប្រភេទនៃ​កូនចត្រង្គរួម​មាន ៖បើសល់ទូក​២ រាប់៨, បើសល់​ទូក១ រាប់១៦, បើ​សល់សេះ១ ​រាប់៦៤, បើសល់​គោល២ រាប់២២, ​បើសល់គោល១​ រាប់៤៤, បើ​សល់ត្រីបក ឬនាង ​រាប់៦៤ ។​ ករណីសល់កូន​ចត្រង្គលាយ​ចម្រុះគ្នាគេរាប់ដូច​ជា បើសល់​ទូក១ និងសេះ​១ ឬ២ រាប់​១៦, បើសល់​ទូក១ និងគោល​១ ឬ២​ រាប់១៦, បើសល់​ទូក១ និងនាង​ ឬត្រីបក​ រាប់១៦, បើសល់​សេះ១ ឬ២ ​និងគោល២ រាប់២២,​ បើសល់សេះ១ និ​ងគោល១ រាប់៤៤, ​បើសល់សេះ​២ និងគោល១ ​រាប់៣២, បើសល់សេះ១ ​និងនាង ឬត្រីបក​ រាប់៦៤, បើសល់​សេះ២ និងនាង ​ឬត្រីបករាប់៣២ ។

អ្វីដែល​កាន់​តែពិសេសក្នុង​ការលេងល្បែង​នេះមានពាក្យមួយ​ចំនួនដែល​គេត្រូវប្រើដូច​ជា ស៊ី, ចង់,​ ផាយ, អង់,​ អុក, បិទ,​ អុកបែក, ​អាប់ ដែល​ជា​ពាក្យ​និយាយ​ប្រាប់គ្នាឱ្យដឹង​តាមហេតុការណ៍​ដែលមាន ។ ស៊ីៈ ពាក្យនេះ​និយាយប្រើ​ចំពោះកូនចត្រង្គ​ណានៅក្នុងក្រឡា​ដែលជាជើង​របស់គេ គេអាច​ស៊ីកូន​ចត្រង្គនោះ​បានដូចទូក​ក្នុងជើងសេះ ​គឺសេះអាច​ស៊ីទូកបាន ។ ចង់ៈ ពាក្យនេះ​ប្រើចំពោះកូន​ចត្រង្គណានៅ​ក្នុងក្រឡា​ដែលជា​ជើងនៃ​កូន​ចត្រង្គគេ​ ដែលគេ​អាចស៊ីបាន​នោះគេត្រូវ​រកកូនចត្រង្គ​ដទៃទៀត​ដែលមានជើង​អាចស៊ីគេវិញ​ឱ្យដើរមក​ក្នុងក្រឡា​ផ្សេង បើគេ​ស៊ីមក យើងមាន​កូនស៊ីវិញ គេហៅថា​ ចង់ ។

ផាយៈ ពាក្យនេះ​និយាយប្រើ​ចំពោះខុន​នៅក្នុង​ជើងទូក ដែល​មានកូន​ចត្រង្គណា​មួយជាបក្ស​ខាងទូកនៅ​រាំងស្ទះ កាលបើ​គេដើរកូន​ដែលស្ទះរាំង​ជើង​ទូក​នោះ​គេពោលថា​ «ផាយ» ព្រោះ​ទូកនោះ​អាចស៊ីខុន​បាន ខុននោះ​ត្រូវរត់ ​បើរត់មិនរួច ​គឺចាញ់គេ​ហើយ ។ អង់ៈ ពាក្យនេះ​ប្រើចំពោះ​ទូកដែល​ដើរ​ទៅនៅក្នុងក្រឡា​ដែលមាន​សិទ្ធិស៊ីខុន ​តែស៊ីមិន​ទាន់បានព្រោះ​ខុននោះមាន​ទ័ពខ្លួន​នៅស្ទះរាំង​ផ្លូវទូក គេហៅថា​ អង់ ។ អុកៈ ពាក្យនេះ​និយាយចំពោះ​កូន​ចត្រង្គណា​ដែលដើរ​ទៅក្នុង​ក្រឡាមាន​ជើងខ្លួន​ត្រូវស៊ីខុន ​ដោយគេទង្គិច​កូននោះយ៉ាង​ខ្លាំងហើយពោល​ថា អុក ។ ប៉ុន្តែចំពោះ​ខុននិងខុន​មិនអាច​អុកគ្នាបាន​ទេ ព្រោះ​ខុនទាំងពីរ​ត្រូវដើរ​ចៀសកុំឱ្យ​ប៉ះជើង​គ្នាទៅវិញ​ទៅមក ។

បិទៈ ពាក្យនេះ​ប្រើនិយាយចំពោះ​ការយកកូន​ណាមួយទៅដាក់បិទ​ផ្លូវជើងទូក ដែលគេអុក​ខុនហើយដើម្បីការពារ​កុំឱ្យគេស៊ីខុន​ខ្លួននោះ។ អុក​បែកៈ កូន​ចត្រង្គណា​មួយដែលអុកខុន​ហើយអាច​ស៊ីកូនដទៃ​ទៀតបាន គេហៅ​ថាអុកបែក ​ឧទាហរណ៍ដូចជា​គេយកសេះ​អុកខុន សេះនោះ​អាចស៊ីទូកបាន​នៅពេលណា​ដែលក្រុមម្ខាង​ទៀតចេញខុន​ហើយ ។ អាប់ៈ ពាក្យនេះ​សម្រាប់ប្រើហៅ​ខុន ដែល​ទ័ពគេដេញ​តាម កាលបើខុន​នោះត្រូវ​ដើរមិនរួចព្រោះ​ក្រឡានៅជុំវិញខ្លួន​សុទ្ធតែជា​ជើងរបស់​គេ ខុននោះ​ត្រូវផ្តួល​ខ្លួនដេក​ក្នុងក្រឡា​ខ្លួន ហើយគេ​ពោលថា​ អាប់ ។ បញ្ជាក់ ខុនដែល​អាប់នេះ​មិនមែន​មានឈ្មោះ​ថា ចាញ់គេ​ទេ ហើយខាង​គេក៏មិន​ទាន់អាចថា​ឈ្នះបាន​ដែរ ។

គួររំលឹក​ផងដែរ​ថា ថ្វីដ្បិតតែ​គ្មានភស្តុតាង​ណាបញ្ជាក់​អំពីវត្តមាន​របស់ល្បែង​ចត្រង្គនេះ​នាសម័យ​បុរេអង្គរក្តី ​ក៏ប៉ុន្តែយើង​ឃើញថា ល្បែង​ដ៏ឧត្តុង្គឧត្តម​នេះត្រូវបាន​នាំចូលមក​ជ្រោយសុវណ្ណភូមិ ឬ​សុវណ្ណទ្វីប​ដោយជន​ជាតិឥណ្ឌានា​ដើមសត​វត្សទី១ តាម​រយៈវិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ។ ល្បែង​ឥណ្ឌា​នេះបាន​ទៅដល់​ប្រទេសពែសរ៍​ ហើយក៏​បានបន្តដំណើរ​ទៅប្រទេស​អឺរ៉ុបខាងលិច ​និង​ប្រទេសរុស្ស៊ី​ផងដែរ​តាមរយៈ​វិស័យ​ពាណិជ្ជកម្ម​ចាប់តាំង​ពីសត​វត្សទី៩ ​មក ។ ល្បែង​ចត្រង្គខ្មែរ ​ក៏ដូចជាឥណ្ឌា​ដែរ គឺមាន​៦៤ក្រឡា ហើយ​ចែកចេញ​ជាកូនខុន (ស្តេច), ​កូននាង (អគ្គមហេសី)​, កូនសេះ​ (មេទ័ព), និងកូនគោល​ (ទ័ពស្រួច) ហើយកូន​ទូក និងត្រី (សេនា) ។

ជាក់ស្តែង ​នៅក្នុងរឿង​មហាភារត​ឥណ្ឌា យើង​ឃើញមាន​ការពិពណ៌​អំពីការភ្នាល់លេងអុក​រវាងក្រុម​បាណវៈ និង​កៅរវៈ ។ យ៉ាង​ណាមិញ យើងក៏​បាន​ដឹងដែរ​ថា ព្រះគ្រិស្ណៈ ​ក៏បានលេង​ល្បែងចត្រង្គ​ជាមួយព្រះ​នាងរធា ផង​ដែរ ដោយល្បែង​នោះមាន៦៤​ក្រឡាដូចល្បែង​អុកសព្វថ្ងៃអញ្ចឹង ។​ អ្វី​ដែល​ជា​ចំណុច​សំខាន់នោះ​ល្បែងចត្រង្គ ឬអុក​នេះត្រូវបាន​ឆ្លាក់នៅតាម​ប្រាង្គប្រាសាទ​សិលាខ្មែរ ​​ហើយមាន​ការភ្នាល់​ដាក់នគរ​ ប្រពន្ធ កូន​ ដោយ​ការលេង​អុក ដែលជា​មូលហេតុនៃ​សង្គ្រាមស៊ីសាច់​ហុតឈាមគ្នា។​ ក្នុងរឿង​រាមកេរ្តិ៍ខ្មែរ​យើងក៏ឃើញ​មេទ័ពស្វា​ គឺហនុមាន​លេង អុក​ចត្រង្គបណ្តើរ លើក​ជើង​ទទួល​ថ្មបណ្តើរ រួច​បោះទៅក្នុង​ទឹកមហា​សមុទ្រដើម្បី​ធ្វើជាស្ពាន​ទៅកាន់កោះ​លង្កា។

61838476_349179439076682_1272778008725291008_n

ក្នុងរឿង​កាកី ដែល​ជាស្នាព្រះ​ហត្តរបស់​ព្រះបាទ​អង្គឌួង ក៏យើង​ឃើញមាន​លេងល្បែង​អុកដែរ ។ ស្តេចគ្រុឌ​ប្រែកាឡា​ជាកំលោះ​មកលេងអុក​ជាមួយ​ព្រះ​បាទព្រះ​បាទព្រហ្មទត្ត​ រួចហើយ​ក៏ឆក់យក​នាងកាកីហោះ​បាត់ទៅ ។ ​នេះឥត​និយាយ​ដល់រឿង​ធនញ្ជ័យដែល​លេងអុកផង ​។ ដូចនេះ​ការលេង​អុកនៅ​ប្រទេសខ្មែរ​មានអត្ថន័យ​ដូចគ្នានឹង​ការលេង​អុកនៅប្រទេស​ឥណ្ឌា និង​បានប្រសូត​ចេញពីប្រភព​តែមួយ ។ គួរ​បញ្ជាក់​ផងដែរថា សម័យ​បច្ចុប្បន្ន​ល្បែង​អុកនេះ​នៅតែជា​ចំណូលចិត្តរ​បស់ប្រជាព​លរដ្ឋទូទៅ​និយមលេង ហើយមិន​ត្រឹមតែប៉ុណ្ណោះ​ដោយមាន​ការយកចិត្ត​ទុកដាក់​ពីរាជរដ្ឋា​ភិបាលផង​នោះ ល្បែង​នេះត្រូវបាន​រៀបចំឡើង​ជាព្រឹត្តិការណ៍​ប្រកួតថ្នាក់​ជាតិទៀតផង។