កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានចាញ់កីឡាការិនីហ្វីលីពីន Kaila Isip Napolis នាការប្រកួតវិញ្ញាសា Ne-Waza ទម្ងន់៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា នាថ្ងៃទី៤ ខែឧសភា នេះ។ បរាជ័យ ២-០ នេះនាំឱ្យកីឡាការិនីកូនកាត់ខ្មែរ-អាមេរិករូបនេះ ទទួលបានត្រឹមមេដាយប្រាក់។
នាការប្រកួតជម្រុះ ខាន់ ចេសា ដែលធ្លាប់មានប្រវត្តិបានមេដាយមាសអាស៊ី និងស៊ីហ្គេម បានយកឈ្នះកីឡាការិនីសិង្ហបុរី May Yong The, កីឡាការិនីវៀតណាម Thi Huyen Dang និងកីឡាការិនីថៃ Nuchanat Singchalad ក្នុងលទ្ធផល ៥០-០ ដូចគ្នា ពោលគឺគូប្រជែងទាំងបី សុទ្ធតែសុំចុះចាញ់។
មេដាយមាសដំបូងរបស់កម្ពុជាពីព្រឹត្តិការណ៍ស៊ីហ្គេមនេះ សម្រេចបានដោយក្រុមកីឡាករជឺជិតស៊ូបុរសជាគូ គឺ គង់ ម៉ូណាមីថុរ៉ា និង ទូច ពីរកក្កដា ដែលបានយកឈ្នះក្រុមថៃ នាជំនួបផ្តាច់ព្រ័ត្រ៕