Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា នាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់បានជាង ១.៣ពាន់លានដុល្លារ រយៈពេល៤ខែ

Media LNN | May 16, 2023
កម្ពុជា នាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់បានជាង ១.៣ពាន់លានដុល្លារ រយៈពេល៤ខែ
Clinic narith

 

កម្ពុជា បាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ មានតម្លៃជាង ១.៣ពាន់លានដុល្លារ រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ ២០២៣ ពោលគឺមានការធ្លាក់ចុះ ២៨.៥ភាគរយ បើធៀបនឹងរយៈ​ពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានតម្លៃ ១.៩ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យ​បណ្តោះអាសន្នរបស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រទេសគោលដៅសំខាន់ដែលកម្ពុជានាំចេញ មានដូចជា សហរដ្ឋអាមេរិក វៀតណាម សិង្ហបុរី ជប៉ុន ចិន អាល្លឺម៉ង់ ថៃ កាណាដា និងអង់គ្លេសជាដើម។

សម្រាប់ខែមេសា ឆ្នាំ ២០២៣ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា សម្រេចបានជាង ៣៤៧លានដុល្លារ មានការធ្លាក់​ចុះ ៣១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ សម្រេចបានជាង ៥១០លានដុល្លារអាមេរិក។

 

អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា បើទោះជាការនាំចេញមានការធ្លាក់ចុះ តែកម្ពុជា​នៅតែរក្សាបានកំណើន​សេដ្ឋកិច្ចល្អ និងរឹងមាំ ដោយផ្អែកលើការងើបឡើងវិញនៃវិស័យសំខាន់ៗ មានដូចជា វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ ជាដើម ខណៈវិស័យសំខាន់ៗ ទាំងអស់នេះ បានបង្កើតឱកាសការងារយ៉ាងច្រើនកន្លែងសម្រាប់ប្រជាជនកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បញ្ហាប្រឈមធំៗ របស់ពិភពលោក បានជះឥទ្ធិពលអវិជ្ជមាន សម្រាប់ការនាំចេញរបស់កម្ពុជា មានដូចជា វិបត្តិសង្រ្គាមនៅអ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង ការកើនឡើងនូវអតិផរណា ជាដើម។

យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញរបស់កម្ពុជា នារយៈពេល ៤ខែឆ្នាំ២០២៣ បានធ្លាក់ចុះប្រមាណ ៥ភាគរយ ជាពិសេសការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងវាយនភ័ណ្ឌ៕