Alynana Media Cambodia
Icon Collap
clinic narit

អភិបាល​ខេត្ត​កែប បាន​សម្រេច​កំណត់​យុទ្ធសាស្ត្រ​ចំនួន ៧ ​ចំណុច​ ជំរុញ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​កែប ​

Media LNN | May 23, 2023
អភិបាល​ខេត្ត​កែប បាន​សម្រេច​កំណត់​យុទ្ធសាស្ត្រ​ចំនួន ៧ ​ចំណុច​ ជំរុញ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​កែប ​
Clinic narith

លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កែប បាន​សម្រេច​កំណត់​យុទ្ធសាស្ត្រ​ចំនួន ៧ ​ចំណុច​ ធ្វើ​យ៉ាង​ណា​​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​កែប ​ឱ្យ​កាន់​តែ​មាន​ភាព​​រីក​ចម្រើន​​ថែម​មួយ​កម្រិត​ទៀត រួម​ចំណែក​លើក​ស្ទួយ​កំណើន​ភ្ញៀវ​ទេសចរ​។

នៅ​ក្នុង​សន្និសីទ​ស្តី​ពី​ «​ភាព​ជោគ​ជ័យ​រយៈ​ពេល​ ៥​ឆ្នាំ​កន្លង​មក​របស់​រដ្ឋបាល​ខេត្ត​កែប​» ​លោក សោម ពិសិដ្ឋ បានប្រកាស​ដាក់​ចេញ​​យុទ្ធសាស្ត្រ​ ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តកែប​ចំនួន​ ៧​ ចំណុច​។

១.យុទ្ធសាស្ត្រ​បង្កើត​តំបន់​ប៉ូលទេសចរណ៍​ក្នុង​ខេត្ត​កែប៖ រដ្ឋបាល​​ខេត្ត​ត្រូវ​កំណត់​ឱ្យ​បាន​ច្បាស់​​ពី​តំបន់​នីមួយ​ៗ​ដូច​ជា តំបន់​ភ្នំ តំបន់​ឆ្នេរ តំបន់​កោះ និង​តំបន់​ទំនាប​ជា​ដើម។ ​ត្រូវ​កំណត់​បាន​យ៉ាង​ច្បាស់​ថា ខេត្ត​កែប​មាន​អ្វី​ខ្លះ​ ហើយ​ទេសចរ​ដែល​មក​ទស្សនា​ខេត្ត​ត្រូវ​ទៅ​លេង​នៅ​កន្លែង​ណា​ខ្លះ។

២.យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​ខេត្ត​កែប ទៅ​ជា​គោល​ដៅ​ទេសចរណ៍​រួម​ជា​មួយ​ខេត្ត​កំពត៖ តាម​ការ​មើល​ឃើញ​ជាក់​ស្តែង​ សព្វថ្ងៃ​នេះ​ លំហូរ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត​កំពត​ តែ​ងបន្ត​ចូល​មក​លេង​កម្សាន្ត​​បន្ត​នៅ​ក្នុង​ខេត្ត​កែប​ ដូច្នេះ​ ខេត្ត​ទាំង​ពីរ​នេះ​ គឺ​ជា​គោល​ដៅ​ទេសចរណ៍​រួម​ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ពី​គ្រប់​ទិសទី ទាំង​ជាតិ​-អន្តរ​ជាតិ។

៣.យុទ្ធសាស្ត្រ​​​លើក​កម្ពស់​វិនិយោគ គុណភាព និង​សុវត្ថិភាព​ទេសចរណ៍៖ ក្នុង​ន័យ​នេះ ភ្ញៀវ​ទេសចរដែល​បាន​ចូល​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​កែប​ នឹង​ត្រូវ​បាន​រក្សា​សុវត្ថិភាព​ សន្តិសុខ ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ។

៤.យុទ្ធសាស្ត្រ​​ទីផ្សារ និង​ផ្សព្វ​ផ្សាយ​៖ ២៥​ រាជធានី​ខេត្ត​ ក្នុង​ប្រទេស​កម្ពុជា​ អាច​ស្គាល់​ខេត្ត​កែប​បាន​តាម​រយៈ​រមណីយដ្ឋាន​ស្អាត ប្រជាពលរដ្ឋ​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ និង​មាន​ស្នាម​ញញឹម

 

៥.យុទ្ធសាស្ត្រ​​អភិវឌ្ឍន៍​ គ្រប់គ្រង​ និង​គាំទ្រ៖ មាន​ន័យ​ថា មធ្យោបាយសរុប ធនធាន​សរុប និង​កម្លាំង​សរុប ត្រូវ​តែ​អនុវត្ត​ជា​ប្រចាំ​ និង​អនុវត្តតាម​​គោល​ការណ៍​សមូហភាព ​ដឹក​​នាំ​បុគ្គល​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

៦.យុទ្ធសាស្ត្រ​​​គ្រប់​គ្រង និង​អភិវឌ្ឍន៍​ជា​អន្ត​វិស័យ​៖​ ពាក់​ព័ន្ធ​ការ​គាំ​ទ្រ និង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​អនុវត្ត​យុទ្ធសាស្ត្រ​នានា​ ឱ្យ​សម្រេច​បាន​ជោគ​ជ័យ។

៧. យុទ្ធសាស្ត្រ​ពង្រឹង​ចង្វាក់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​កែប៖ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ពង្រឹង​អភិបាល​កិច្ច​នៅ​ក្នុង​ខេត្ត​កែប ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​កែបឱ្យ​កាន់​តែ​ល្អ​ប្រសើរ។

 

គួររំលឹក​ថា ក្នុង​រយៈពេល ៥ឆ្នាំកន្លង ភ្ញៀវទេសចរ​ដែលបានមកលេងកម្សាន្តនៅក្នុងខេត្តកែបមានចំនួន ៦.៧០៤.០៣៥ ក្នុងនោះ​ភ្ញៀវទេសចរជាតិប្រមាណ ៦ ៥៥១.២៣១នាក់ និងអន្តរជាតិ ១៥២ ៨០៤នាក់៕