សៀមរាបៈ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានឱ្យដឹងថា កម្ពុជាទទួលបានសមិទ្ធផលថ្មីចំនួន ២ បន្ថែមទៀត ពីការជួយគាំទ្ររបស់រដ្ឋាភិបាលជប៉ុន គឺរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតស្ទឹងសែនទី២ ខេត្តកំពង់ធំ។
លោក ទៀ បាញ់ បានឱ្យដឹងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតស្ទឹងសែនទី២ ខេត្តកំពង់ធំ នៅថ្ងៃទី ២២ ខែឧសភា។
លោកថ្លែងថា៖«ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីទាំង២កន្លែងនៅថ្ងៃនេះ ក៏ជានិមិត្តរូប មួយនៃភាពរីកចម្រើននៃចំណងទាក់ទងរវាងកម្ពុជា និងជប៉ុន ដែលឆ្នាំនេះមានគម្រប់ ៧០ឆ្នាំហើយ (១៩៥៣- ២០២៣)»។
លោក ទៀ បាញ់ បានថ្លែងអបអរសាទរចំពោះសមិទ្ធផល និងអំណោយដ៏ថ្លៃថ្លានោះនិងបានថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលមានឆន្ទៈមុតស្រួច បន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាដោយឥតងាករេ។
លោកបានលើកឡើងថា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ(JICA) បានយកចិត្តទុកដាក់ជាខ្លាំងជួយដល់កម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ដោយបានគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងទឹកស្អាតនានា នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងថា តាមរយៈគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត សំដៅដោះស្រាយបញ្ហាកង្វះទឹកស្អាតក្នុងក្រុងសៀមរាប ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាង រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀង ២លើកជាមួយនិង JICA សរុបមក ទឹកប្រាក់ឥណទានសម្បទានទាំង២ដំណាក់កាលនៃកិច្ចព្រមព្រៀង មានចំនួន ១៣ ៤៩៧ លានយ៉េន (ប្រមាណ ១១៥លានដុល្លារអាមេរិក) ដែលជាទំហំទឹកប្រាក់មួយធំគួរសម សម្រាប់ជាគុណប្រយោជន៍ដល់ខេត្តសៀមរាប។
លោកបញ្ជាក់ថា៖«តាមរយៈគម្រោងនេះបានធ្វើឱ្យរដ្ឋាករទឹកស្វយ័តសៀមរាបមានសមត្ថភាពផលិតទឹកសរុប ៩០ ០០០ ម៉ែត្រគុបក្នុង១ថ្ងៃ ហើយប្រជាពលរដ្ឋទទួលផលពីគម្រោងសរុបប្រមាណជា ៨២ ៥៦០គ្រួសារ គ្របដណ្ដប់ លើសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប ឃុំចំនួន៨នៃស្រុកប្រាសាទបាគង ឃុំរុនតាឯកនៃស្រុកបន្ទាយស្រី និង ឃុំចំនួន២ទៀតនៃស្រុកអង្គរធំ»។
លោកបន្ថែមថា ទន្ទឹមនេះ បានផ្ដល់លទ្ធភាពឱ្យរដ្ឋាករទឹកស្វយ័តសៀមរាបអាចអនុវត្តភារកិច្ច បន្ទាន់ចំពោះមុខក្នុងការតភ្ជាប់បណ្តាញទឹកស្អាត ចូលទៅតំបន់អភិវឌ្ឍន៍ថ្មី «រុនតាឯក» និង «ពាក់ស្នែង» បានទាន់ពេលវេលា ដែលពីដើមមកមិនធ្លាប់មានទឹកស្អាតនោះទេ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានឱ្យដឹងទៀតថា ចំពោះការបន្ថែមប្រព័ន្ធផ្គត់ផ្គត់ទឹកស្អាតថ្មីនៅខេត្តកំពង់ធំបានធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តនេះ មានសមត្ថភាពផលិតទឹកស្អាត សរុបចំនួន ១៣ ២៦០ ម៉ែត្រគុបក្នុង១ថ្ងៃ និងបណ្តាញទឹកស្អាតសរុបប្រវែង ២៨១គីឡូម៉ែត្រ ដែល គ្របដណ្ដប់ភូមិចំនួន៣៩ ក្នុងក្រុងស្ទឹងសែន និង ៣ភូមិ ក្នុង២ឃុំ នៃស្រុកកំពង់ស្វាយ ដែលឈានទៅផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងតំបន់សេវាកម្ម ១០០% នៅក្នុងឆ្នាំ២០២៥ ពោលគឺប្រជាពលរដ្ឋប្រមាណជាង ៦៧ ០០០នាក់ នឹងទទួលបានសេវាទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យពីគម្រោងនេះ។
លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជាថ្លែងថា ឆ្នាំនេះ គឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ហើយចាប់ពី ឆ្នាំនេះទំនាក់ទំនងរវាងប្រទេសយើងទាំង២បានឈានឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ»។
លោកបន្តថា ក្នុងពេលវេលាដ៏គួរឱ្យចងចាំបែបនេះ លោកពិតជាមានអារម្មណ៍យ៉ាងពិសេសអស្ចារ្យដែលគម្រោងចំនួន២ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតដែលជាស្នូលនៃជំនួយរបស់ប្រទេសជប៉ុនដល់ ប្រទេសកម្ពុជាត្រូវបានបញ្ចប់ការសាងសង់ដោយជោគជ័យ។
លោកថ្លែងថា៖«រដ្ឋាភិបាលជប៉ុន នឹងសហការជាមួយក្រុមហ៊ុនឯកជនជប៉ុនផងដែរ មានបំណងបន្តជួយគាំទ្រដល់កម្ពុជា ក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋទាំងអស់នៅតាមទីក្រុងនិងទីប្រជុំជននៅត្រឹមឆ្នាំ២០២៥»។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី បានសម្តែងក្តីសង្ឃឹមថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតខេត្តសៀមរាប និង រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតខេត្តកំពង់ធំនេះ នឹងចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា៕