Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញ​ទំនិញ​កម្ពុ​ជា ​ទៅកាន់​​អូស្ត្រាលី​សម្រេចបាន​ទឹកប្រាក់​ជាង​ ១១៨ ​លាន​ដុល្លារ​ ធ្លាក់ចុះ​ជិត ៩​ ភាគរយ

Media LNN | May 25, 2023
ការនាំចេញ​ទំនិញ​កម្ពុ​ជា ​ទៅកាន់​​អូស្ត្រាលី​សម្រេចបាន​ទឹកប្រាក់​ជាង​ ១១៨ ​លាន​ដុល្លារ​ ធ្លាក់ចុះ​ជិត ៩​ ភាគរយ
Clinic narith

ភ្នំពេញៈ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​ប្រទេស​អូស្ត្រាលី ក្នុង​រយៈពេល ៤ ខែ​ ដើមឆ្នាំ​២០២៣ សម្រេចបាន​ទឹកប្រាក់​ជាង ១៦៤​ លាន​ដុល្លារ ធ្លាក់ចុះ​ជិត ៩​ ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ ខណៈ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អូស្ត្រាលី មាន​ទឹកប្រាក់​ជាង ១១៨​ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​ប្រទេស​អូស្ត្រាលី ក្នុង​រយៈពេល ៤​ ខែ​ ដើមឆ្នាំ​២០២៣​ មាន​ទឹកប្រាក់​សរុប ១៦៤,៤៦​ លាន​ដុល្លារ ធ្លាក់ចុះ ៨,៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​កាលពី​ឆ្នាំ​២០២២ ដែលមាន​ចំនួន ១៨០,៣១​ លាន​ដុល្លារ​។ ប្រទេស​អូស្ត្រាលី គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ១៧ របស់​កម្ពុជា​។

ក្នុង​ចំនួន​ទឹកប្រាក់​ខាងលើ គឺ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អូស្ត្រាលី មាន​ចំនួន ១១៨,៧៣ ​លាន​ដុល្លារ ធ្លាក់ចុះ ៦ ​ភាគរយ និង​ទំនិញ​នាំ​ពី​អូស្ត្រាលី មក​កម្ពុជា មាន​ចំនួន ៤៥,៧២​ លាន​ដុល្លារ ថយចុះ ១៥,២​ ភាគរយ​។ ផ្អែក​តាម​តួ​លេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឧត្តមភាព ៧៣,០១​ លាន​ដុល្លារ​។​

​តារាង​ស្ថិតិ​បានឱ្យដឹង​ទៀតថា សម្រាប់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ក្នុង​ខែមេសា ឆ្នាំ​២០២៣ គឺមាន​ចំនួន ២៨,៦៤​ លាន​ដុល្លារ ធ្លាក់ចុះ ៤៦,៨៩​ ភាគរយ​ពី​ចំនួន ៥៣,៩៣​​ លាន​ដុល្លារ​ កាលពី​ខែមេសា ឆ្នាំ​២០២២​។​ ដោយឡែក​ទំហំ​ពាណិជ្ជកម្ ម​ក្នុង​ខែមេសា ធៀប​នឹង​ខែមីនា ឆ្នាំ​២០២៣ គឺ​ធ្លាក់ចុះ ៤៣,៧៨ ​ភាគរយ​ពី​ចំនួន ៥០,៩៤ ​លាន​ដុល្លារ ដោយ​ការនាំចេញ​របស់​កម្ពុជា មាន​ចំនួន ៣៧,៣៥​ លាន​ដុល្លារ និង​នាំចូល ១៣,៦​ លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ដែល​ទើប​ដឹកនាំ​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា ​(CCC) ទៅ​ចូលរួម​ពិធី​បើក​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា ​ប្រចាំ​នៅ​ទីក្រុង​មែ​ល​ប៊​ន និង​ទីក្រុង​ស៊ីដនី នៃ​ប្រទេស​អូស្ត្រាលី កាលពីដើម​ខែឧសភា នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​២៤ ខែឧសភា ​ថា អូស្ត្រាលី គឺជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​មាន​តម្រូវការ​នាំចូល​ផលិតផល​ច្រើន​ពី​កម្ពុជា ខណៈ​បច្ចុប្បន្ន​ក៏មាន​​វិនិយោគិន ​អូស្ត្រាលី​ មួយចំនួន ​កំពុង​វិនិយោគ​នៅ​កម្ពុជា​ ផងដែរ​។

 

លោក​បន្តថា ដោ​យ​សារ​សម្លឹង​ឃើញ​ពី​សក្តានុពល​នៃ​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អូស្ត្រាលី និង​ការទាក់ទាញ​វិនិយោគិន​អូស្ត្រាលី ​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់​ នៅ​កម្ពុជា​ ឱ្យ​កាន់តែច្រើន កាលពីដើម​ខែឧសភា​នេះ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​សភាពាណិជ្ជកម្ម​កម្ពុជា ក៏​ទើបបាន​បើក​ការិយាល័យ​ចំនួន ២ កន្លែង​នៅ​ប្រទេស​អូស្ត្រាលី​។ ការិយាល័យ​តំណាង​នេះ នឹង​ក្លាយជា​ការរួមចំណែក​យ៉ាងសំខាន់ ​ក្នុង​ការជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ កើ​ឡើង​ខ្ពស់​នាពេលខាងមុខ​ឆាប់ៗ​នេះ​។​

​លោក​ប្រាប់ទៀតថា សម្រាប់​ការធ្លាក់ចុះ​ទំហំ​ទឹកប្រាក់​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នា​រយៈពេល ៤​ ខែ ​ដើមឆ្នាំ​២០២៣ នេះ គឺ​ដោយសារតែ​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ដែល​បណ្តាលមកពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗ និង​ជម្លោះ​ប្រដាប់អាវុធ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​លោក​ថ្លែងថា​៖«​តាមរយៈ​សកម្មភាពរ​បស់​ការិយាល័យ​តំណាង​ទាំង ២ យើង​មាន​រំពឹង​ខ្ពស់​ថា ទំហំ​ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​នឹងមាន​សម្ទុះ​ខ្លាំង​បន្ទាប់ពី​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​ល្អប្រសើរ​ឡើងវិញ​»​។​

​ផលិតផល​សក្តានុពល​ដែល​កម្ពុជា​នាំទៅ​អូស្ត្រាលី មានដូចជា ផលិតផល​វាយ​ន​ភណ្ឌ កង់ និង​កសិកម្ម ចំណែក​ទំនិញ​ដែល​កម្ពុជា​នាំចូល​មកវិញ រួមមាន ផលិតផល​អេឡិចត្រូនិក ឱសថ និង​យានយន្ត ជាដើម​។ នេះ​បើតាម​លោក លឹម ហេង​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា អូស្ត្រាលី​ជា​ប្រទេស​អភិវឌ្ឍន៍ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់ ហេតុនេះ​កម្ពុជា​ត្រូវខិតខំ​បង្កើន​ការផលិត​ទំនិញ​ ឱ្យបាន​ច្រើន​ ដើម្បី​នាំទៅ​លក់​នៅ​ទីផ្សារ​នោះ ខណៈ​ប្រទេស​ទាំង ២ សុទ្ធតែជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ RCEP ។ ការធ្វើ​ពិពិធ​កម្ម​ផលិតកម្ម​ថ្មីៗ គឺជា​រឿង​ចាំបាច់​ដើម្បី​ចាប់យក​អតិថិជន​ថ្មីៗ ​ឱ្យបាន​កាន់តែច្រើន​។​

​លោក​បញ្ជាក់ថា​៖ «​យោងតាម​កិច្ចព្រមព្រៀង RCEP ខ្ញុំ​ហ៊ាន​អះអាងថា ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹងមាន​កំណើន​បន្ថែម​ទៀត ព្រោះ​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ នឹង​ជួយ​កាត់បន្ថយ​ការបង់ពន្ធ​មួយចំនួន​»​។​
​ក្នុង​ឆ្នាំ​២០២២ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ កម្ពុជា​-​អូស្ត្រាលី មាន​ទឹកប្រាក់ ៥២៣,៦១ លាន​ដុល្លារ កើន ៦០,៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែលមាន ៣២៥,៤៧ លាន​ដុល្លារ​។

ការនាំ​ទំនិញ​ពី​កម្ពុជា ​ទៅ ​អូស្ត្រាលី មាន​ចំនួន ៣៧៩,០៣ លាន​ដុល្លារ កើន ៨៤,៦ ភាគរយ និង​ទំនិញ​នាំ​ពី​អូស្ត្រាលី មាន​ចំនួន ១៤៤,៥៨ លាន​ដុល្លារ ​កើនឡើង ២០,៣ ភាគរយ​។ បើ​ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​ មាន​ឧត្តមភាព​ទៅលើ​អូស្ត្រាលី​ ប្រមាណ ២៣៤,៤៦ លាន​ដុល្លារ​៕