ភ្នំពេញៈ សមាគមធានារ៉ាប់រងកម្ពុជាបានឱ្យដឹងថា វិស័យធានារ៉ាប់រងនៅកម្ពុជា នៅតែមានកំណើនជាវិជ្ជមានដដែលក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយបុព្វលាភសរុបដែលទទួលបានក្នុងត្រីមាសទី១ កន្លងទៅនេះ មានប្រមាណ ៩៦ លានដុល្លារកើនឡើង ៥,៥ ភាគរយ ធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២២។
លោកហ៊ុយ វ៉ាថារ៉ូប្រធានសមាគមធានារ៉ាប់រងកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ថា ចាប់តាំងពីចុងឆ្នាំ២០២២មក ស្ថានភាពសេដ្ឋកិច្ចនៅក្នុងសកលលោកមានបញ្ហាអតិផរណា ដែលប្រឈមគ្រប់ទីកន្លែងទាំងក្នុងសកលោកក៏ដូចជានៅប្រទេសកម្ពុជា។ លើសពីនោះការកើនឡើងនៃអត្រាការប្រាក់ក្នុងប្រព័ន្ធធនាគារធ្វើឱ្យមានផលប៉ះពាល់ដល់វិស័យធានារ៉ាប់រងដែរ ជាពិសេសនៅក្នុងតំបន់អាស៊ាន និងពិភពលោកដោយអ្នកជំនាញបានមើលឃើញដូចគ្នាថា បញ្ហាធំៗទាំង២នេះ នឹងមានផលប៉ះពាល់មកលើស្ថានភាពធានារ៉ាប់រង។
លោកបានថ្លែងថា៖«បើយើងពិនិត្យមើលក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ក្នុងទីផ្សារធានារ៉ាប់រងរបស់យើងនេះ យើងនៅតែរក្សាបានកំណើនទីផ្សារជាវិជ្ជមានដដែល ដោយគិតទៅលើបុព្វលាភមានកើនឡើង៥,៥ភាគរយ ប៉ុន្តែកំណើននេះមានការថមថយបន្តិច បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២ ដែលការថយនៃកំណើននៅក្នុងវិស័យធានារ៉ាប់រងនេះ ដោយសារតែវិបត្តិសកល ដែលកំពុងតែកើតមាននាពេលបច្ចុប្បន្ននេះ»។
លោកបានគូសបញ្ជាក់ទៀតថា បុព្វលាភសរុបដែលសមាគមទទួលបានក្នុងត្រីមាសទី១កន្លងទៅនេះមានប្រមាណ៩៦លានដុល្លារ ដូចជា ធានារ៉ាប់រងទូទៅ ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងខ្នាតតូច។ នៅក្នុងចំនួនទីផ្សារធានារ៉ាប់រងទូទៅកើនឡើង៧ភាគរយច្រើនជាងគេ ធានារ៉ាប់រងអាយុជីវិត៣,៣ភាគរយ ខណៈដែលធានារ៉ាប់រងខ្នាតតូចចាប់ផ្តើមមានកំណើនខ្ពស់មកវិញប្រមាណ៤៣ភាគរយបន្ទាប់ពីមានកំណើនកាលពី២ឆ្នាំមុន(២០២១-២០២២)ដោយសារវិបត្តិកូវីដ១៩។
លោកហ៊ុយ វ៉ាថារ៉ូ បានបន្តថាទន្ទឹមនឹងគ្នានេះដែរ បើទោះបីជាបុព្វលាភកើនឡើងក៏ពិតមែន តែសំណងវិញក៏មានការកើនឡើងច្រើនដែរ ដែលមានន័យថា ហានិភ័យបានកើតឡើងទៅលើអ្នកទទួលបានការធានារ៉ាប់រងទាំងអស់នោះហើយ។
លោកបានបន្ថែមថា នៅក្នុងសំណង ដែលក្រុមហ៊ុនធានារ៉ាប់រងទាំងអស់នៅក្នុងប្រទេសកម្ពុជាបានទូទាត់ទៅឱ្យអតិថិជនរបស់ខ្លួនមានប្រមាណជាង១២លានដុល្លារ ដែលកើនឡើង២៤ភាគរយ ធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំ២០២២។
ស្រដៀងគ្នានេះដែរ លោកយក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងហ្វតេ(Forte)បានយល់ឃើញថា ក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ កំណើននៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាគឺយឺតជាងត្រីមាសកន្លងទៅ ខណៈដែលរៀងរាល់ត្រីមាសនៃឆ្នាំនីមួយៗតែងតែមានកំណើនក្នុងរង្វង់១០ទៅ១៥ភាគរយ។
លោកបានបញ្ជាក់ថា៖«បញ្ហាវិបត្តិសកលនាពេលបច្ចុប្បន្ននេះ ដូចជាបញ្ហាជំងឺកូវីដ១៩ បញ្ហាសង្រ្គាម បញ្ហាអតិផរណា រួមទាំងវិបត្តិសកលមួយចំនួនទៀតបានធ្វើឱ្យកំណើនធានារ៉ាប់រងត្រីមាសទី១នេះកើនយឺត។ខ្ញុំយល់ថា នៅត្រីមាសទី២នេះ អាចនឹងកាន់តែយ៉ាប់ជាងត្រីមាសទី១ទៀត បើសិនស្ថានភាពវិបត្តិសកលនៅតែមិនមានភាពធូរស្រាល»៕