Alynana Media Cambodia
Icon Collap
clinic narit

ក្រុម​​គ្រូពេទ្យ ព្រមទាំង​បុគ្គលិក​បម្រើ​កាមន្ទីរ​សម្រាក​ព្យាបាល​ក្តីសង្ឃឹម​ស្នើរ​សុំឱ្យ​បើក​មន្ទីរពេទ្យឡើងវិញ

Media LNN | Jun 06, 2023
ក្រុម​​គ្រូពេទ្យ ព្រមទាំង​បុគ្គលិក​បម្រើ​កាមន្ទីរ​សម្រាក​ព្យាបាល​ក្តីសង្ឃឹម​ស្នើរ​សុំឱ្យ​បើក​មន្ទីរពេទ្យឡើងវិញ
Clinic narith

ភ្នំពេញៈ ក្រុម​វេជ្ជបណ្ឌិត ក្រុម​​គ្រូពេទ្យ ព្រមទាំង​បុគ្គលិក​បម្រើ​ការ​ជាង​ ២០០ ​នាក់ នៅ​មន្ទីរ​​សម្រាក​ព្យាបាល​ក្តីសង្ឃឹម​ទាំង​ ៣ សាខា ទទូច​សុំឱ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោកស្រី​ ប៊ុន រ៉ានី ជួយ​អន្តរាគមន៍ ផ្តល់​ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​មន្ទីរពេទ្យ​ទាំង​ ៣​ នេះ​ឡើងវិញ ដោយបាន​ត្អូញត្អែរ​ពី​ទុក្ខលំបាក​របស់ខ្លួន បន្ទាប់ពី​បាត់បង់​ការងារ​ដោយ​គ្មាន​ប្រាក់​ផ្គត់ផ្គង់​សម្រាប់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ និង​សងបំណុល​ធនាគារ​។​

​ការ​ត្អូញត្អែរ​ពី​ទុក្ខលំបាក និង​ការស្នើសុំ​នេះ​បាន​ធ្វើឡើង​តាម​​រយៈ​សារ​រួមគ្នា​ ១ ​ដែល​បាន​បង្ហោះ​ជា​សាធារណៈ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​សេន​ធ័​រ អ​ហ្វ ហូប ហ្វ​ន​ស៊ី​ប គ្លីនិក ឯ​.​ក នៅ​ដើមខែ​មិថុនា​នេះ បន្ទាប់ពី​មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព​មណ្ឌល​នៃ​ក្តីសង្ឃឹម មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព​ចតុមុខ និង​មន្ទីរ​សម្រាក​ព្យាបាល​មិត្តភាព​ពោធិ៍​​ចិន​តុង ត្រូវបាន​ក្រសួង​សុខា​ភិ​បាល​បិទ​កាលពី​ខែឧសភា​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន​សេន​ធ័​រ អ​ហ្វ ហូប ហ្វ​ន​ស៊ី​ប​គ្លីនិក ឯ​.​ក បាន​អះអាងថា​៖​​ «​កូនចៅ​ទាំងអស់គ្នា​ចំនួន ​២៤៣ នាក់​ ដែលជា​ក្រុម​វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ព្រមទាំង​បុគ្គលិក​បម្រើការ​ក្នុង​មន្ទីរ​សម្រាក​ព្យា​​បាល​ទាំង​ ៣ ​សាខា​។ បច្ចុប្បន្ននេះ កូនចៅ​ទាំងអស់​មានទុក្ខ​លំបាក​យ៉ាងខ្លាំង​ក្នុងការ​បាត់បង់​ការងា​រ​ដោយ​គ្មាន​ប្រាក់​ផ្គត់ផ្គង់​សម្រាប់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ និង​សងបំណុល​ធនាគារ ដែលជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​បន្ថែមទៀត​»​។​

​ក្រៅពី​បង្ហាញ​ទុក្ខលំបាក​របស់ខ្លួន​ក្រុម​វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ព្រមទាំង​បុគ្គលិក​បម្រើការ​ទាំង​​នេះ ក៏បាន​ស្នើសុំ​ទៅកាន់​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​ឱ្យជួយ​អន្តរាគមន៍​ដើម្បី​បើក​ដំណើរការ​មន្ទីរ​សម្រាក​ព្យា​បាល​ទាំង ៣ ​នេះ​ឡើងវិញ​ក្នុងការ​បន្តការងារ​ប្រចាំថ្ងៃ​របស់ខ្លួន និង​អាច​បន្ត​ព្យាបាល និង​ពិនិត្យ​ជំងឺ​អ្នកជំងឺ​ឡើងវិញ​។

ខ្លឹមសារ​រួម​នោះ​បញ្ជាក់ថា​៖ ​​«​យើងខ្ញុំ​ជា​កូន​ជា​ចៅ សូម​អង្វរករ​ដល់​សម្តេច​ពុក មេត្តា​សន្តោស​ប្រណី​ដល់​កូនចៅ​ដែលជា​បុគ្គលិក​ទាំង​​អស់ ដើម្បី​ឱ្យមាន​ការងារ​ធ្វើ​បន្តទៀត​ដោយ​ក្តី​អនុគ្រោះ​។ កូនចៅ​ទាំងអស់គ្នា សង្ឃឹម និង​ជឿជាក់ថា សម្តេច​ពុក នឹងមិន​បោះបង់​កូនចៅ​ដែល​កំពុង​ជួប​ការលំបាក​នេះឡើយ មានតែ​សម្តេច​ពុក​ទេ​ដែល​អាចជួយ​ដល់​កូនចៅ​ទាំង​​អស់​គ្នា​បាន​»​។

 

​បុគ្គលិក​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៥ មិថុនា​ថា ខ្លួន​កំពុងតែ​អត់​ការងារ​ធ្វើ ប្រឈម​នឹង​ការខ្វះខាត​ជីវភាព​ប្រចាំថ្ងៃ​។ យ៉ាងណា​បុគ្គលិក​រូបនេះ សុំ​មិន​និយាយ​អ្វី​ច្រើន​ទេ ដោយ​គ្រាន់តែ​សង្ឃឹមថា ក្រសួងសុខាភិបាល នឹង​ផ្តល់​ការងារ​ឱ្យ​ខ្លួន​វិញ​តាមរយៈ​ផ្តល់​ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​មន្ទីរពេទ្យ​ទាំងនេះ​ឡើងវិញ​។​

​បុគ្គលិក​រូបនោះ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​មានការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ ខ្ញុំ​មិន​ហ៊ាន​ឆ្លើយ​ទេ គ្រាន់តែ​ពេលនេះ ពួកយើង អត់​មាន​ការងារ​ធ្វើ​ទេ​។ ខ្ញុំ​សុំ​មិន​អត្ថា​ធិ​ប្បាយ​អ្វី​ទេ ព្រោះ​រឿងនេះ ទុកឱ្យ​ចំណាត់ការ​រប​ស់​រដ្ឋាភិបាល ឬ​ក្រសួង​លោក​ធ្វើការ​តាម​នីតិ​​វិធី​របស់លោក​អ៊ីចឹងទៅ​»​។​

​កាលពី​ថ្ងៃទី​ ១២ ខែឧសភា មន្ទីរ​សម្រាក​ព្យាបាល​ទាំង ​៣ ត្រូវបាន​ក្រសួងសុខាភិបាល​ប្រកាស​បិទ​ក្នុង​ថ្ងៃ​តែ ​១ ដោយ​សារ​តែ​ពុំមាន​វេជ្ជបណ្ឌិត​ឈរ​ឈ្មោះ​ទទួលខុសត្រូវ និង​មិនបាន​ផ្ញើ​របាយការណ៍​ជូន​ក្រសួង​តាមច្បាប់​កំណត់​។

​បន្ទាប់ពី​ប្រកា​សបិទ នៅ​ថ្ងៃទី​ ១៣ ឧសភា ក្រសួងសុខាភិបាល​ក៏បាន​ចេញ​លិខិត​បំភ្លឺ​ជាថ្មី ដើម្បី​ឆ្លើយតប​ទៅកាន់​សាធារណជន​កុំឱ្យ​មានការ​យល់ច្រឡំ ដោយ​អះអាងថា ការបិទ​មន្ទីរ​សម្រាក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ​ទាំង ​៣ ​នេះ ក៏​ព្រោះតែ​មន្ទីរ​សម្រាក​ព្យាបាល​ទាំងនោះ​មិន​គោរព​តាមច្បាប់​ទម្លាប់​។​

​នៅ​ថ្ងៃទី​ ៥ មិថុនា ភ្នំពេញ​ ប៉ុស្តិ៍ មិនអាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពី​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ដើម្បី​ឆ្លើយ​​តប​ជុំវិញ​បញ្ហា​នេះ​បានទេ​។

​យោងតាម​លិខិត​របស់​ក្រុម​​ហ៊ុន​សេន​ធ័​រ អ​ហ្វ ហូប ហ្វ​ន​ស៊ី​ប គ្លីនិក ឯ​.​ក ចុះ​ថ្ងៃទី​ ២២ ខែ​ឧសភា ឱ្យដឹងថា មន្ទីរ​សម្រាក​ព្យាបាល​ទាំង ៣​ សាខា គឺ​បាន​ដំណើរការ​ស្របច្បាប់ កាលពី​ឆ្នាំ​ ២០២១ និង​បាន​ជួយ​ព្យាបាល​អ្នកជំងឺ​ចំនួន​ជាង ៨៩ ៦២៨​ នាក់ ក្នុង ​១ ឆ្នាំៗ ដើម្បី​ទទួល​បានការ​ថែទាំ​សុខភាព​ដែលមាន​គុណ​​ភាពល្អ និង​តម្លៃ​សមរម្យ​។

ក្រុម​ហ៊ុន​នេះអះអាងថា សាខា​របស់ខ្លួន​ទាំង​ ៣ ក៏បាន​ជួយ​ដល់​អ្នក​ជំងឺ​ក្រីក្រ​ដែល​តែងតែ​មក​ទទួល​សេវា​នៅទីនេះ ដោយ​ការទទួល​​បានការ​បញ្ចុះតម្លៃ ខណៈ​បង្ហាញ​ក្តីបារម្ភ​ថា អ្នកជំងឺ​មួយចំនួន នឹងមិន​អាច​ទៅ​ទទួល​ការព្យាបាល​នៅ​កន្លែង​ផ្សេង​បានទេ ព្រោះ​ពួក​​គាត់​គ្មាន​ថវិកា​គ្រប់គ្រាន់​៕