បច្ចុប្បន្នកម្មករឡាវជាង ៦៤,០០០ នាក់កំពុងអត់ការងារធ្វើ បើទោះបីជារោងចក្រកាត់ដេរក្នុងប្រទេសនៅតែខ្វះកម្លាំងកម្មករជាង ៩ ពាន់នាក់ក៏ដោយ ។ពាណិជ្ជករក្នុងសមាគមកាត់ដេរឡាវបានបង្ហើបប្រាប់ថា ទោះការនាំចេញសម្លៀកបំពាក់របស់ឡាវទំនងជាកើនឡើងនៅឆ្នាំ២០២៣ នេះ ដែលធ្វើឲ្យរោងចក្រកាត់ដេរទាំង ៨៥ រោងចក្រនៅក្នុងប្រទេសឡាវ បានវិលត្រឡប់មកវិញក្នុងការពន្លឿនការផលិតដើម្បីឲ្យទាន់ការបញ្ជាទិញពីបរទេសក៏ដោយ ប៉ុន្តែបញ្ហាដែលនយោជកកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ គឺកង្វះកម្លាំងពលកម្មជាង ៩០០០ នាក់ ដែលបញ្ហាទាំងនេះត្រូវបានគេជឿថា បណ្តាលមកពីអត្រាប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នរបស់កម្មករឡាវក្នុងកម្រិតទាប ពោលត្រឹមតែ ៧០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដូច្នេះមិនគ្រប់គ្រាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ខណៈតម្លៃប្រាក់គីបក៏កំពុងធ្លាក់ចុះយ៉ាងខ្លាំងជាបន្តបន្ទាប់ផងដែរ ។
ចំណែកប្រធានសហជីពកម្មករឡាវ លោកស្រី អាលី វុងណូប៊ុនថាំ បាននិយាយថា បច្ចុប្បន្នមានកម្មករអត់ការងារធ្វើជាង ៦៤,០០០ នាក់ក្នុងចំណោមកម្លាំងកម្មករនៅក្នុងវិស័យផលិតកម្មផ្សេងៗសរុបចំនួនជាង ២.៤ លាននាក់នៅទូទាំងប្រទេស ។លោកស្រីបញ្ជាក់ថា នៅដើមឆ្នាំ២០២៣ មានពលករឡាវជាង ៣,៨០០០ នាក់ ដែលធ្វើដំណើរទៅធ្វើការដោយស្របច្បាប់នៅបរទេស ក្នុងនោះមានស្ត្រីជាង ២១,០០០ នាក់ ខណៈថៃគឺជាប្រទេសដែលពលករឡាវទៅធ្វើការច្រើនជាងគេ ។
ចំណែកមន្ត្រីក្រសួងការងារឡាវវិញក៏បានលើកឡើងដែរថា អត្រាប្រាក់ឈ្នួលកម្មករនៅក្នុងប្រទេសឡាវបច្ចុប្បន្ន គឺ ជាអត្រាប្រាក់ឈ្នួលទាបបំផុតជាងគេក្នុងតំបន់អាស៊ាន ហើយបើធៀបនឹងតម្លៃទំនិញនៅលើទីផ្សារសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់កម្មករឡាវ ពួកគេមានបន្ទុកធ្ងន់ធ្ងរបំផុត ដោយសារអត្រាអតិផរណាប្រាក់គីបឡើងខ្ពស់បំផុតជាង៤០ ភាគរយ ជាពិសេសសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ឡើងខ្ពស់មិនធ្លាប់មានជាង ១៧០ ភាគរយក្នុងរយៈពេល ៥ខែនៃដើមឆ្នាំ ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។គួរបញ្ជាក់ថា ដោយសារតែកត្តលំបាកទាំងនេះហើយ ទើបជាហេតុបណ្ដាលឲ្យកម្មករនៅក្នុងប្រទេសឡាវបង្ខំចិត្តធ្វើដំណើរទៅធ្វើការនៅប្រទេសថៃកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះធ្វើការនៅទៅនោះទទួលបានប្រាក់ឈ្នួលខ្ពស់ជាងធ្វើការនៅប្រទេសកំណើត ៕