រោងចក្រវារីអគ្គិសនីចំនួន១១ នៅភាគខាងជើងប្រទេសវៀតណាម ត្រូវបិទព្រោះតែខ្វះទឹក ដោយនោះរួមបញ្ចូលទាំងរោងចក្រធំបំផុតមួយចំនួនរបស់ប្រទេសដូចជា Son La, Lai Chau និង Thac Ba ផងដែរ។
រោងចក្រ Thac Ba ក្នុងខេត្ត Yen Bai មានទឹកកម្ពស់៤៥.៦៥ម៉ែត្រ ពោលគឺក្រោមកម្រិតស្តុក ០.៥ម៉ែត្រ។
រោងចក្រនេះ បានបិទទួរប៊ីនពីរក្នុងចំណោមទួរប៊ីនទាំងបីរបស់ខ្លួន ចាប់តាំងពីថ្ងៃទី១ខែមិថុនាមក ពោលគឺជាលើកដំបូងក្នុងរយៈពេល៥២ឆ្នាំ ដែលរោងចក្រធ្វើបែបនេះ។
យ៉ាងណាមិញ ប្រសិនបើកម្ពស់ទឹក ស្រកចុះក្រោម៤៥ម៉ែត្រនោះ ទួរប៊ីនទី៣ក៏នឹងត្រូវបិទផងដែរ។លោក Nguyen Manh Cuong នាយករងរោងចក្របាននិយាយថា បច្ចុប្បន្ន កម្រិតទឹកគឺទាបជាងធម្មតា ៤០% ហើយកាលពីឆ្នាំមុនៗ កម្រិតទឹក គឺខ្ពស់ជាងនេះ ១០ដងឯណោះ។ លោកបន្ថែមថា ឥឡូវ ទួរប៊ីនទីបី កំពុងដំណើរការក្នុងកម្រិតអប្បបរមា ហើយមានហានិភ័យនៃគ្រោះថ្នាក់ ប្រសិនបើទឹកបន្តស្រកថែមទៀត ដូច្នេះ អ្នកបច្ចេកទេសកំពុងបំពេញកាតព្វកិច្ចរាល់ថ្ងៃដើម្បីត្រួតពិនិត្យវា។
ទិន្នផលខែឧសភា របស់រោងចក្រនេះ គឺទទួលបានត្រឹមតែ ២លានគីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ពោលគឺទាបជាងឆ្នាំមុនដល់ទៅ ៩០%។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ក្រុមហ៊ុនអគ្គិសនីរដ្ឋ Vietnam Electricity បាននិងកំពុងកាត់ផ្តាច់ចរន្តអគ្គិសនី នៅទីតាំងភាគខាងជើងមួយចំនួន រួមទាំងនៅទីក្រុងហាណូយ ផងដែរ៕