មណ្ឌលគិរី៖ កម្ពុជាចម្រាញ់រ៉ែមាសពីតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរី បានចំនួន ៦ ៧២៧ គីឡូក្រាម ដោយទទួលបានចំណូលសួយសារពីក្រុមហ៊ុន Renaissance Minerals បានជាង ១០លានដុល្លារអាម៉េរិក ក្នុងរយៈពេល២ឆ្នាំ នៃប្រតិបត្តិការ គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា គិតមកទល់សព្វថ្ងៃ រោងចក្រចម្រាញ់«រ៉ែមាស»នេះ ដំណើរការបានរយៈពេល២ឆ្នាំហើយដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ក្រោមទុនវិនិយោគ ១២០លានដុល្លារ។
បច្ចុប្បន្ន ក្រុមហ៊ុនចម្រាញ់មាស ដែលមានគុណភាព ៩០ភាគរយបានចំនួន ៦,៧២៧ គីឡូក្រាម។ ក្រុមហ៊ុនបង់សួយសារជូនរដ្ឋ បានជាង១០.២លានដុល្លារ ។
ក្រសួងរ៉ែ និងថាមពល លើកឡើងថា ដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ដែលក្រុមហ៊ុន Renaissance Minerals សម្រេចបាននេះ បានរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិ ហើយកំពុងបង្កើតបាននូវសមត្ថភាពជាតិ និងគំរូថ្មី សម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។
សមិទ្ធផលនៃដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជានេះ គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកបសម្រាប់ទាក់ទាញវិនិយោគទុនពីក្រៅប្រទេស និង ការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន និងសង្គម តាមស្តង់ដារអន្តរជាតិ។
លើសពីនេះ ដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាស អនុញ្ញាតឲ្យកម្ពុជា អាចទាញយកបាននូវធនធានរ៉ែ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម បង្កើតបាននូវផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រជាជនកម្ពុជាជាច្រើន៕