Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​នាំ​ទំនិញ​ទៅ​ចិន​កើនឡើង​ជាង ១៣​ ភាគរយ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ មាន​ទឹកប្រាក់​ជាង $៥ ០០០ ​លាន​

Media LNN | Jun 16, 2023
កម្ពុជា​នាំ​ទំនិញ​ទៅ​ចិន​កើនឡើង​ជាង ១៣​ ភាគរយ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ មាន​ទឹកប្រាក់​ជាង $៥ ០០០ ​លាន​
Clinic narith

 

ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន ​ក្នុង​រយៈ​​ពេល ៥ ​ខែ ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​ជិត ៦០០​ លាន​ដុល្លារ កើនឡើង​ជាង ១៣​ ភាគរយ ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ដល់​ជាង ៥ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គ​​នាយកដ្ឋាន​គយ និង​រដ្ឋាករ​។​

​ទិន្នន័យ​ឱ្យដឹងថា ចាប់ពី​ខែ​​មករា​-​ខែឧសភា ឆ្នាំ​ ២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ មាន​ទឹកប្រាក់​សរុប ៥ ០៧៦,៣​ លាន​ដុល្លារ កើនឡើង ១,៧​ ភាគរយ​ពី​ចំនួន ៤ ៩៩៩០,២៦​ លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ ដោយ​ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​ចិន មាន ៥៨៨,៨​ លាន​ដុល្លារ កើនឡើង ១៣,៣ ​ភាគរយ និង​ទំនិញ​ចិន​នាំមក​កម្ពុជា ៤ ៤៨៧,៥ ​លាន​ដុល្លារ កើនឡើង ០,៤​ ភាគរយ​។ ផ្អែក​តាម​តួលេខ គឺ​ជញ្ជីង​ពាណិជ្ជ​​កម្ម​កម្ពុជា​មាន​ឱនភាព ៣ ៨៩៨,៧ ​លាន​ដុល្លារ ​ជាមួយ​ប្រទេស​ចិន​។​

​សម្រាប់​ខែឧសភា ឆ្នាំ​ ២០២៣ ពា​​ណិ​ជ្ជ​កម្ម​ទ្វេភាគី​មាន​ទឹកប្រាក់​សរុប ១ ១៨២,២៩​ លាន​ដុល្លារ កើន ១១,៥៨ ​ភាគរយ​ បើ​ធៀប​ខែឧសភា ឆ្នាំ​ ២០២២ ដែលមាន ១ ០៥៩,៥៥​ លាន​ដុល្លារ​។ កម្ពុជា​នាំទៅ​ប្រទេស​ចិន ១៤៩,២៦​ លាន​ដុល្លារ កើន ៥៥,៣​ភាគរយ និង​ទំនិញ​នាំ​ពី​ប្រទេស​ចិន ១ ០៣៣,០៤ ​លាន​ដុល្លារ កើនឡើង ៧,២​ ភាគរយ​។ កាលពី​ខែមេសា ឆ្នាំ​ ២០២៣ ពាណិជ្ជ​​កម្ម​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ១ ០៣១,៥៩ ​លាន​ដុល្លារ​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី ​១៥ ខែមិថុនាថា ក្នុងនាម​ជា​ប្រទេស​មាន​ទំនាក់ទំនង​នយោបាយ និង​ការទូត​ល្អ​ជាមួយគ្នា ចរន្ត​ធ្វើ​ពាណិជ្ជ​​កម្ម​រវាង​ប្រទេស​ទាំង ២ បាន​កើន​ឡើងជា​បន្តបន្ទាប់ ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន ដែល​ចូល​ជា​ធរមាន​កាលពីដើមឆ្នាំ​ ២០២២ កំពុង​ដើរតួនាទី​ជា​ច្រកទ្វារ​សំខាន់​ក្នុង​ការជួយ​ឱ្យ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​ចិន​កាន់តែច្រើន​។​

​លោក​ថ្លែងថា​៖ «​តាមរយៈ​សម្ទុះ​នៃ​កំណើន​ផលិតកម្ម ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​ ការនាំ​ចេញពី​កម្ពុជា​ទៅ​ចិន​នឹង​កើនឡើង​ច្រើន​ថែមទៀត​ចាប់ពីពេលនេះ​តទៅ​។ ផលិតផល​កសិកម្ម​ក​ម្ពុ​ជា​នឹងមាន​វត្តមាន​កាន់តែច្រើន​នៅ​ប្រទេស​ចិន​»​។​

 

​ចំពោះ​ឱនភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​ដែល​កំពុង​កើតមាន​នាពេលនេះ លោក លឹម ហេង ប្រាប់ថា​ ដោយសារតែ​កម្ពុជា​បាន​នាំចូល​វត្ថុធាតុដើម​ច្រើន​ពី​ប្រទេស​ចិន ​មក​កែច្នៃ សម្រាប់​ផលិត​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។​

​ក្រៅពី​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​កែច្នៃ កម្ពុជា​ក៏​នាំចូល​ផលិតផល​មួយចំនួន​មក​បំពេញតម្រូវការ​ប្រើ​ប្រាស់​ក្នុងស្រុក​ដែរ​ដូចជា គ្រឿងសំណង់ សម្ភារ​ការិយាល័យ គ្រឿង​អគ្គិ​ស​នី ​​អេ​ឡិច​​ត្រូ​និក រថយន្ត និង​ចំណីអាហារ ខណៈ​ទំនិញ​កម្ពុជា​នាំទៅ​ចិន​មាន​ផលិតផល​កសិកម្ម និង​វត្ថុធាតុដើម​មួយចំនួន​។ នេះ​បើ​យោងតាម​លោក លឹម ហេង​។​

​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋ​កិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ថា ទោះ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​នា​អំឡុងពេល​ជិត ១ ឆ្នាំ​មកនេះ ​ធ្លាក់ចុះ​ស្ទើរ​គ្រប់​ប្រទេស ក៏​ការផ្លាស់ប្តូរ​ពាណិជ្ជ​​កម្ម​រវាង​កម្ពុជា​-​ចិន មិនបាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​ទេ​។ ការរក្សាបាន​លំនឹង​នេះ គឺ​ដោយសារ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង ២ ​មាន​ទំនាក់​​ទំនង​ល្អ​ជាមួយគ្នា​។ លោក​បន្តថា អ្វីដែល​គួរកត់សម្គាល់ គឺ​ទឹកប្រាក់​នៃ​ការនាំចេញ​របស់​កម្ពុជាកើនឡើង​។​

លោក​លើកឡើងថា​៖ «​កម្ពុជា​ក៏ត្រូវ​ខិតខំ​ពង្រឹងសមត្ថភាព​ផលិតកម្ម​របស់ខ្លួន​ឱ្យបាន​ខ្លាំង និង​មាន​លក្ខណៈ​ចម្រុះ​បន្ថែមទៀត ដើម្បី​មានឱកាស​បង្ហាញ​វត្តមាន​កាន់តែច្រើន​នៅ​ទីផ្សារ​ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត​»​។​

​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ បង្ហាញថា ក្នុង​ឆ្នាំ ​២០២២ ការធ្វើ​ពា​​ណិ​ជ្ជ​កម្ម​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​សរុប ១១ ៦៨៦,១៦ ​លាន​ដុល្លារ កើន ៤,៤ ​ភាគរយ ​ធៀប​ឆ្នាំ ​២០២១ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​ចិន ១ ២៤០,៦៣ ​លាន​ដុល្លារ ថយចុះ
១៧,៩ ​ភាគរយ និង​នាំចូល​ពី ​១០ ៤៤៥,៥៣៣ ​លាន​ដុល្លារ កើន ៧,៩ ​ភាគរយ​៕