ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ សុខសន្តិភាពផ្តល់ឱកាសឱ្យរដ្ឋាភិបាលកសាង ប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រមាណ២២លានដុល្លារ នៅក្រុងកំពង់ចាម
ខេត្តកំពង់ចាម៖អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហា អនុតំបន់មេគង្គជំហានទី៤ ដែលមានតម្លៃប្រមាណ២២លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់។
ការបើកការដ្ឋានសាងសង់នេះនៅថ្ងៃសុក្រម្សិលមិញ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងពិធីបើកការដ្ឋាន លោកស៊ុន ចាន់ថុល បានថ្លែងថា មានសុខសន្តិភាព រាជរដ្ឋាភិបាលយេីងមានឱកាសទាក់ទាញអ្នកវិនិយោគ មកដាក់ទុននៅកម្ពុជា មានសុខសន្តិភាព យេីងមានឱកាសទាក់ទាញភ្ញៀវទេសចរ រាប់លាននាក់មកលេងនៅកម្ពុជា មានសុខសន្តិភាព យេីងមានឱកាសយកកសិផល ផលិតផលយេីងទៅលក់នៅបរទេស បង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋយើងធ្វើ ពោលគឺសុខសន្តិភាព ជាកត្តាមួយដ៏សំខាន់ដែលមិនអាចកាត់ថ្លៃបាន ក្នុងការកសាងជាតិមាតុភូមិយេីង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមជាមួយរាជរដ្ឋាភិបាល ដេីម្បីថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយនេះ ឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ ដេីម្បីយេីងកសាងជាតិមាតុភូមិរបស់យើងឱ្យបានរុងរឿងថែមទៀត។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការបើកការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្រុងកំពង់ចាមនេះ ជាសក្ខីភាពថ្មីមួយដែលបង្ហាញពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចហ៊ុន សែន ក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្រុងកំពង់ចាម សំដៅលើកកម្ពស់ សុខមាលភាព ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រុងកំពង់ចាម និងការការពារបរិស្ថានប្រកបដោយនិរន្តភាព។
អភិបាលខេត្តបន្តថា តាមរយៈគម្រោងសាងសង់ប្រព័ន្ធលូ ខ្វាត់ខ្វែង ក្នុងភូមិសាស្ត្រសង្កាត់កំពង់ចាម សង្កាត់វាលវង់ និងផ្នែកខ្លះនៃសង្កាត់បឹងកុក, សង្កាត់សំបួរមាស និងកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មុននឹងបង្ហូរទៅកាន់បឹងធម្មជាតិ។ បន្ទាប់ពីគម្រោងនេះ សាងសង់បញ្ចប់ក្រុងកំពង់ចាម នឹងបញ្ចៀសបានការជន់លិចដោយសារទឹកភ្លៀង និងមានការបែងចែក ច្បាស់លាស់រវាងប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ផងដែរ។
អភិបាលខេត្តបានបញ្ជាក់ថា គម្រោងនេះនឹងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រវែង ៤,១៦គ.ម រួមនឹងស្ថាននីយបូម ចំនួន ១កន្លែង សាងសង់ប្រព័ន្ធលូទឹកកខ្វក់ ប្រវែង ៨៥,៤គម។ ក្នុងនោះប្រព័ន្ធប្រមូល ប្រវែង ៣៤,៤គ.ម បណ្តាញតភ្ជាប់ទឹកកខ្វក់តាមផ្ទះ និងអគារការិយាល័យផ្សេងៗ ចូលក្នុងប្រព័ន្ធ ប្រវែង ៥១គ.ម។ បន្ថែមពីនេះ គម្រោងនឹងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ចំនួន ៥.០០០ម៉ែត្រគូប ក្នុង១ថ្ងៃ និងស្ថានីយបូមមេ ១កន្លែង និងស្ថានីយបូមរង ២កន្លែង បម្រើឱ្យការ ចម្រោះទឹកកខ្វក់ តាមផ្ទះ និងអគារការិយាល័យប្រមាណ ៣.៩៦៥កន្លែង ក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ចាម៕