Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា-ហ្វីលីពីន ប្តេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ជាមួយគ្នា ដើម្បី​ជំរុញ​ទេសចរណ៍​ទៅ​វិញ​ទៅមក

Media LNN | Jun 17, 2023
កម្ពុជា-ហ្វីលីពីន ប្តេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ជាមួយគ្នា ដើម្បី​ជំរុញ​ទេសចរណ៍​ទៅ​វិញ​ទៅមក
Clinic narith

ភាគីហ្វីលីពីន បានបង្ហាញ​ការ​ចាប់​អារម្មណ៍​ចង់​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​ភាគី​កម្ពុជា ដូចជា ការ​បន្ត​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ទ្វេភាគី ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​បន្ថែម ការ​ផ្លាស់​ប្ដូរ​អ្នក​ជំនាញ​ទេសចរណ៍​អាស៊ាន (MRA-TP) ការ​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍ និង​ការ​ជំរុញ​ទេសចរណ៍​សុខាភិបាល ជាដើម។

ការ​ប្តេជ្ញា​របស់​ភាគី​ទាំង​ពីរ​នេះ ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ជាមួយ​លោកជំទាវ អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា ហ្ការស៉ីយ៉ា ហ្វ្រាស្កូ (Esperanza Christina Garcia Frasco) រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ហ្វីលីពីន កាល​ពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ ២០២៣ នៅ​សណ្ឋាគារ​សុខាភ្នំពេញ។

ក្នុង​ជំនួប​ទ្វេភាគី​នោះ លោក ថោង ខុន បាន​លើក​ឡើង​អំពី​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ រវាងក្រសួង​ទេសចរណ៍​កម្ពុជា និង​ក្រសួង​ទេសចរណ៍ ហ្វីលីពីន ដែល​បាន​ធ្វើឡើង​កាល​ពី​ឆ្នាំ ២០០០ និង​ការ​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ កម្ពុជា-ហ្វីលីពីន ចំនួន ៣លើក ព្រម​ទាំង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ជា​បន្តបន្ទាប់ រហូត​ដល់​ដំណាក់​កាល​ជួប​វិបត្តិ​សកល​នៃ​ការ​រាតត្បាតជំងឺ​កូវីដ១៩។

ក្នុង​ឱកាស​នោះ​ដែរ លោក​បាន​ស្នើ​លោក​ស្រី​រដ្ឋមន្ត្រី​ទេសចរណ៍ ហ្វីលីពីន ពិចារណា​លើ​ការ​បន្ត​សុពលភាព​នៃ​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​កន្លងមក ឬ​ក៏​រៀបចំ​ឱ្យ​មាន​អនុស្សរណៈ​យោគយល់​គ្នា​ថ្មី សំដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ទ្វេ​ភាគី កម្ពុជា-ហ្វីលីពីន​ឡើងវិញ។ តាម​រយៈការ​ស្នើឱ្យ​ពិចារណា​នេះ ភាគី​ទាំងពីរ​ក៏​បាន​ឯកភាព​រៀបចំ​ឱ្យ​មាន​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ កម្ពុជា-ហ្វីលីពីន លើក​ទី​៤ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ទ្វេភាគី និង​ពិភាក្សា​គ្នា​ថា តើ​ត្រូវ​បន្ត​សុពលភាព​នៃ​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា ឬ​ក៏​រៀបចំ​ឱ្យ​មាន​អនុស្សរណៈ​យោគយល់​គ្នា​ថ្មី។

ជាមួយ​គ្នា​នោះដែរ ភាគី​ទាំងពីរ​បាន​ឯកភាព​ជំរុញ​ឱ្យ​មាន​ជើង​ហោះហើរ​ត្រង់​បន្ថែម​ទៀត​រវាង កម្ពុជា-ហ្វីលីពីន ក្នុង​នោះ​ពី​រដ្ឋធានី​ម៉ានីល​មកកាន់​ខេត្ត​សៀមរាប ឬ​ពី​ទីក្រុង សេប៊ូ មក​កាន់​រាជធានី​ភ្នំពេញ ពី​សេប៊ូ មក​កាន់​សៀមរាប​ជាដើម ខណៈ​បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​មាន​ជើងហោះ​ហើរ​ត្រង់​រវាង ភ្នំពេញ-ម៉ានីល រួច​ហើយ​កាល​ពី​ឆ្នាំ​២០១៩។

 

លោកស្រី អេស្ពែរ៉ាន់ហ្សា គ្រីស្ទីណា រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ហ្វីលីពីន បាន​មើល​ឃើញ​នូវ​ការ​អនុវត្ត​ដោយ​ជោគជ័យ និង​ឈាន​មុខ​របស់កម្ពុជា ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ផ្លាស់ប្ដូរ​អ្នក​ជំនាញ​ទេសចរណ៍​អាស៊ាន (MRA-TP) និង​មាន​បំណង​ចង់​ឱ្យ​ភាគី​កម្ពុជា​ចែក​រំលែក​បទពិសោធន៍​លើ​ការងារ​នេះ​ដល់​ភាគី​ហ្វីលីពីន ដើម្បី​ឱ្យ​អ្នក​ជំនាញ​ទេសចរណ៍​ហ្វីលីពីន ទទួល​បាន​ចំណេះ ជំនាញ​បន្ថែម​ទៀត​ឱ្យ​ស្រប​តាមស្ដង់ដារ​អាស៊ាន។

លោកស្រី​បាន​ស្នើឱ្យ​មាន​ការ​ជំរុញ​ទេសចរណ៍​វេជ្ជសាស្ត្រ​ពី​កម្ពុជា​ទៅ​កាន់​ហ្វីលីពីន​ផងដែរ ដោយ​ហេតុ​លោកស្រី​មើល​ឃើញ​ថា មាន​ប្រជាជន​កម្ពុជា​ច្រើន​ដែល​ចេញ​ទៅ​រក​សេវា​សុខាភិបាល​នៅ​ក្រៅ​ប្រទេស ហើយ​ភាគី​ហ្វីលីពីន​ស្វាគមន៍​ទេសចរ​ពី​កម្ពុជា​ជានិច្ច។

លោកស្រី​បាន​គូស​បញ្ជាក់​ថា៖ «ភាគី​ហ្វីលីពីន​ក៏​ចង់​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​លើ​វិស័យ​អេកូ​ទេសចរណ៍ ជាមួយ​ភាគី​កម្ពុជា​ផងដែរ ដោយសារ​តែ​ការ​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍​នៅ​កម្ពុជា ដែល​ប្រកាន់​នូវ​គោលការណ៍​គិតគូរ​ពី​និរន្តរភាព និង​ទំនួល​ខុស​ត្រូវ​ចំពោះ​បរិស្ថាន ពិត​ជា​គួរ​ឱ្យ​ស្ងើច​សរសើរ។ ហ្វីលីពីន មាន​តំបន់​អេកូ​ទេសចរណ៍​យ៉ាង​ច្រើន ប៉ុន្តែ ក៏​ចង់​ទទួល​បាន​បទពិសោធន៍​បន្ថែម​ពី​កម្ពុជា ដើម្បី​ដើរ​ឱ្យ​ស្រប​ទៅ​នឹង​គោលការណ៍​គិតគូរ​ពី​និរន្តរភាព និង​ទំនួល​ខុសត្រូវ​ចំពោះ​បរិស្ថាន​ដូច​កម្ពុជា​ដែរ»៕