Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កំណើនសេដ្ឋកិច្ច​កូរ៉េខាងត្បូង បន្ត​ថមថយ ​​​ដោយសារការនាំចេញបានធ្លាក់​​ចុះ ជាង១៥% ​

Media LNN | Jun 17, 2023
កំណើនសេដ្ឋកិច្ច​កូរ៉េខាងត្បូង បន្ត​ថមថយ ​​​ដោយសារការនាំចេញបានធ្លាក់​​ចុះ ជាង១៥% ​
Clinic narith
ក្រសួងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រថា ក្នុងពេលថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូងដែលមានសេដ្ឋកិច្ចជាប់លេខ ៤ ប្រចាំតំបន់អាស៊ី មានកម្រិតអតិផរណាកាន់តែចុះទាប ប៉ុន្តែសេដ្ឋកិច្ចប្រទេសនេះនៅតែបន្តថមថយជាដដែល។ មូលហេតុ គឺដោយសារតែការនាំចេញរបស់ប្រទេសនេះបានបន្តធ្លាក់ចុះអស់រយៈពេល៨ខែជាប់ៗគ្នាមកហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានយុនហាប់។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េ​ខាងត្បូង​បាននិយាយនៅក្នុងរបាយការណ៍មួយ​ថា នាពេល​ថ្មី​ៗនេះ​​​សេដ្ឋកិច្ចកូរ៉េខាងត្បូងបានមើលឃើញថា ថ្លៃទំនិញនៅ​ប្រទេស​នេះ​បាន​​បន្ត​ធ្លាក់​ចុះ​​ជា​បណ្ដើរៗ​ហើយ ​ប៉ុន្តែ​​​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅ​តែ​បន្តមាន ​ដោយ​សារ​តែ​​ការ​នាំ​ចេញ​ និង​​​វិស័យ​ឧស្សាហកម្ម​​បាន​ថយ​ចុះ​។

កំណើន​តម្លៃទំនិញប្រើប្រាស់របស់កូរ៉េខាងត្បូង​បានធ្លាក់ចុះ​ក្នុងរយៈពេល៤​ខែជាប់ៗគ្នា ​បើគិតមកដល់​ខែឧសភា ​បើ​ធៀបនឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន ដោយអត្រាអតិផរណាមានកម្រិត ៣,៣%​។ ប៉ុន្តែអត្រានេះនៅតែបង្ហាញថា​អតិផរណារបស់ប្រទេសកូរ៉េខាងត្បូងខ្ពស់ជាងកម្រិតគោលដៅ​។

ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​​​កាល​ពី​ខែ​ឧសភា​​ក្នុង​អត្រាជាង​ ១៥% បើ​​ធៀប​នឹងពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំ​មុន។ នេះ​ជា​ការ​ធ្លាក់​ចុះ​​​រយៈ​ពេល៨​ខែ​ជាប់​ៗគ្នា​ ​ដោយសារ​​​ការ​នាំ​ចេញ​​គ្រឿង​​អេឡិចត្រូនិក​​ដែល​​ជា​ទំនិញ​នាំ​ចេញ​ដ៏​សំខាន់​របស់​ប្រទេស​នេះ ​​បាន​ធ្លាក់​ចុះជាង ៣៦% ខណៈ​​​​តម្រូវ​ការ​ធ្លាក់​ចុះ។

ក្រសួង​សេដ្ឋ​កិច្ច​កូរ៉េ​ខាងត្បូង​បាន​លើក​ឡើង​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ចនេះ​នៅ​​ក្នុង​របាយ​ការណ៍​វាយ​តម្លៃ​ប្រចាំ​ខែ គឺ​«សៀវភៅ​បៃតង»​​សម្រាប់​ខែ​ទី៥​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ជាប់ៗ​​គ្នា​។

ក្រសួង​​នេះ​បានបន្ថែមថា ​ទោះជាយ៉ាងណាក៏​ដោយ​ចុះ​ ​​ការស្ទុះងើបឡើងវិញ​បន្តិច​ម្តងៗនូវ​​ការ​ប្រើប្រាស់​​ក្នុងស្រុក​ ​បាន​ធ្វើ​ឱ្យ​មាន​កំណើន​​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ជាងមុន​ ហើយ​​ទីផ្សារការងារកាន់តែរឹងមាំ ​ដែល​អាច​​​កាត់​បន្ថយ​​ហានិភ័យ​បានមួយ​កម្រិត​​ផង​ដែរ​។

ចំនួន​​ការងារ​ថ្មី​នៅ​កូរ៉េខាងត្បូងបានធ្លាក់ចុះរយៈពេល ២ ខែជាប់ៗគ្នា​ បើគិតត្រឹមខែ​ឧសភា ​​បន្ទា​ប់​ពីការ​ស្ទុះងើបឡើងវិញ​បាន​មួយរយៈពេលខ្លីកាល​ពី​​ខែមីនា ពេលមានភាពតានតឹង​ផ្នែក​សេដ្ឋកិច្ច។ ទោះបីជាយ៉ាងនេះក្ដី ​អត្រាមាន​ការងារធ្វើ​​​បានឈានដល់កម្រិតខ្ពស់​​​។

សេដ្ឋកិច្ចកូរ៉េខាងត្បូងកំពុងប្រឈមមុខនឹង​ភាព​មិន​ច្បាស់​លាស់​ ​ដោយសារ​កត្តាខាងក្រៅមួយ​ចំនួន​ ​ជាពិសេស​ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ​សកល​ និងជម្លោះ​អូស​បន្លាយរវាងរុស្ស៊ី និងអ៊ុយក្រែន​​។

កាលពីសប្តាហ៍មុន អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ បាន​ទម្លាក់​កំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងឆ្នាំ​២០២៣ នៅក្នុងការព្យាករ​​របស់​ខ្លួន ​ឱ្យ​មក​នៅ​ត្រឹម​ ១,៥% ​វិញ ​​​ដោយ​​​លើក​ឡើង​ពី​ហេតុ​ផល​ថា​ការនាំចេញទន់ខ្សោយ​ ហើយ​ការវិនិយោគឯកជន​ក៏​ធ្លាក់ចុះ​ដែរ​៕