ភ្នំពេញៈ អាជីវកម្មមួយចំនួនធំបានបិទទ្វារអស់ជាច្រើនកន្លែងដោយសារតែវិបត្តិសេដ្ឋកិច្ចកើតមានឡើង ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយឡែកអាជីវកម្មផលិតណែម ១ កន្លែងបែរជាដើរផ្ទុយពីអាជីវកម្មផ្សេងៗ ដោយជំនួញមួយនេះចាប់ផ្ដើមក្នុងអំឡុងផ្ទុះកូវីដ១៩ បែរជាអាចទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចនេះបានធូរស្រាល។
លោក សំ បូរិន ជាម្ចាស់អាជីវកម្ម «ណែមយើង ដែលជាសិប្បកម្មផលិតណែមរសជាតិបាត់ដំបងបានថ្លែងថា៖«យើងចាប់ផ្ដើមនៅឆ្នាំ២០១៦ តែបើគិតជាការចាប់ផ្ដើមអាជីវកម្មពេញលេញតែម្ដងគឺនៅអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩ ពោលគឺនៅពេលមានវិបត្តិយើងចាប់ផ្ដើមធ្វើ លុះពេលសេដ្ឋកិច្ចដើរឡើងវិញគេក៏ស្គាល់យើងច្រើន»។
លោកបានបន្តថា សម្រាប់សិប្បកម្មនេះមានអ្នកផលិតចំនួន ៦នាក់ ហើយការផលិតប្រចាំថ្ងៃអាចផលិតបានប្រមាណ ៦០០-៧០០ កញ្ចប់ ឬថ្ងៃខ្លះមានការកុម្ម៉ង់ច្រើនអាចផលិតដល់ទៅ ១ ៥០០កញ្ចប់ក៏មាន ហើយលក់បោះដុំទៅតាមបណ្ដាខេត្តស្ទើរទូទាំងប្រទេស ពិសេសទៅតាមបណ្ដាលផ្សារទំនើប ម៉ាត និងផ្សារធម្មជាតិដូចជា ឡាក់គី ជីបម៉ុង តេលា កាល់តិចនិងTotal Circle-K ជាដើម។
សម្រាប់ចំណុចពិសេសរបស់ផលិតផល «ណែមយើង» លោក សំ បូរិន បានបញ្ជាក់ថា៖«ចំពោះផលិតផលយើងគឺពាក់ព័ន្ធនឹងអនាម័យ បើគ្មានអនាម័យក៏លក់អត់បានដែរ ទី១គឺអនាម័យនេះតែម្ដង ទី២គឺរសជាតិ ដែលយើងផលិតណែមដោយមានការច្នៃមានការវេចខ្ចប់បានត្រឹមត្រូវតាមស្តង់ដារអាចលក់ក្នុងផ្សារទំនើបបាន»។
ចំពោះផលិតផលណែម«សិប្បកម្មណែមយើង» មានផលិតផលចម្បងៗ៣ប្រភេទគឺ ណែមសាច់ត្រីសុទ្ធ ណែមសាច់ត្រីលាយស្បែកជ្រូក និងណែមស្បែកជ្រូកសុទ្ធ ដែលសុទ្ធតែមានរសជាតិឆ្ងាញ់ផលិតពីវត្ថុធាតុដើមល្អៗ ពិសេសការផលិតមានកាលកំណត់ត្រឹមត្រូវ។
ពាក់ព័ន្ធនឹងការដឹកជញ្ជូនវិញ ម្ចាស់សិប្បកម្មរូបនេះរៀបរាប់ថា ការដឹកជញ្ជូនណែមគឺខាងសិប្បកម្មរបស់លោក ដឹកនៅពេលដែលណែមមិនទាន់គ្រប់អាយុ។
លោកបានពន្យល់ថា ៖ «ណែមមិនទាន់គ្រប់អាយុនេះ គឺមានន័យថា ណែមដែលយើងផលិតហើយ មានរយៈពេល ៤យប់ ៤ថ្ងៃទើបគ្រប់អាយុរបស់វាមានរសជាតិជូរល្មម បន្ទាប់ពីគ្រប់អាយុហើយទើបគេត្រូវរក្សាទុកក្នុងទូទឹកកកចៀសវាងណែមជូរជ្រុល ខូចគុណភាព ហើយលុះដាក់រក្សាទុកក្នុងកន្លែងត្រជាក់ហើយគេអាចរក្សាទុកបានរយៈពេល ៩០ថ្ងៃបន្ថែមទៀត»។
បើតាមការបញ្ជាក់ប្រាប់ពីម្ចាស់សិប្បកម្មណែម លោក សំ បូរិន ក៏មានគម្រោងទៅថ្ងៃអនាគត គឺលោកចង់គ្រប់គ្រងទីផ្សារបន្ថែម និងពង្រីកសមត្ថភាពផលិតឱ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ផលិតផលណែមបាត់ដំបងនេះរបស់លោកនេះ ទៅទូទាំងប្រទេសតែម្តង៕