Alynana Media Cambodia
Icon Collap
clinic narit

លោក​ ស៊ុន ​ចាន់​ថុល ​ស្នើ​កាណា​ដា​ជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស​កម្ពុជា​លើ​វិស័យ​សាធា​រណ​ការ ​និង​ដឹក​ជញ្ជូន​

Media LNN | Jun 23, 2023
លោក​ ស៊ុន ​ចាន់​ថុល ​ស្នើ​កាណា​ដា​ជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស​កម្ពុជា​លើ​វិស័យ​សាធា​រណ​ការ ​និង​ដឹក​ជញ្ជូន​
Clinic narith

ភ្នំពេញៈ រដ្ឋ​មន្ត្រី​ក្រសួង​សា​ធារណ​ការ ​និង​ដឹក​ជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​ស្នើ​ទៅ​កាន់​ប្រទេស​កាណា​ដា ឱ្យ​ជួយ​ពិនិត្យ​លទ្ធ​ភាព​ក្នុង​ការ​បង្កើត​កិច្ច​សហ​ប្រតិ​បត្តិកា​រ លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន ដើម្បី​ជំរុញ​ឱ្យ​វិស័យ​នេះ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ថែម​ទៀត​។​

កា​រស្នើ​នេះត្រូវ​បាន​ធ្វើ​ឡើ​តាម​រយៈ​ជំនួប​ពិភាក្សា​ការងារ​ និង​ជម្រាប​លា​ពី​សំណាក់​លោក​ស្រី Sarah Taylor ឯក​អគ្គ​រដ្ឋ​ទូត​វិសា​មញ្ញ និង​ពេញ​សមត្ថ​ភាព​នៃ​ប្រទេស​កាណា​ដា ប្រចាំ​កម្ពុជា​កាល​ថ្ងៃទី​ ២១​ ខែមិថុនា ​ឆ្នាំ​ ២០២៣​។ នេះ​បើ​តាម​ក្រសួង​សា​ធារ​ណ​ការ និង​ដឹក​ជញ្ជូន​។​

នា​ឱកាស​នោះ ​លោក​ ស៊ុន ចាន់​ថុល ​បាន​ថ្លែង​អំណរ​គុណ​ដល់​កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​ទំនាក់​ទំនង​ដ៏​ល្អ​កន្លង​មក​រវាង​ប្រទេស​ទាំង២ ​ជា​ពិសេស​ចំពោះ​ជំនួយ​របស់​ប្រទេស​កា​ណាដា​ តា​មរយៈ​ធនា​គារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) លើ​ការ​ស្តារ​ឡើង​វិញ​ផ្លូវ​រថ​ភ្លើង​ភាគ​ខាង​ជើង និង​ខាង​ត្បូង​។​

​ជា​មួយ​គ្នានេះ​លោក​ក៏បាន​លើក​ឡើង​ពី​ការរីក​ចម្រើន និង​ការក​សាង​ឥតឈ​ប់ឈរ​លើ​វិស័យ​ហេដ្ឋារ​ចនាសម្ព័​ន្ធ​កម្ពុជា​ ជា​ពិសេស​ការដាក់​ដំណើរ​ការ និង​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​នានា ​និង​គម្រោង​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ ហើយ​លោក​ក៏បាន​លើក​ឡើង​ពី​តម្រូ​វការ​គោល​នយោ​បាយ និង​យុទ្ធ​សាស្ត្រ​លើ​ការគ្រប់​គ្រង យាន​យន្ត​អគ្គិ​សនី ​ដើម្បី​ចូល​រួម​ចំណែក ​ក្នុង​ការ​កាត់ប​ន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ទៅក្នុង​បរិយាកា​ស​ផែន​ដី​ផងដែ​រ​។​

​លោក​បាន​បញ្ជាក់​ថា​៖«កម្ពុជា​កំពុង​ខិត​ខំ​អភិវ​ឌ្ឍធន​ធាន​មនុស្ស​ឱ្យក្លាយ​ជា​វិស្វករ​នា​ថ្ងៃ​អនាគ​ត​យ៉ាង​ពិត​ប្រាកដ​ មាន​ជំនាញ​ច្បាស់លា​ស់ ដើម្បី​បន្ត​អភិវឌ្ឍ​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ដឹក​ជញ្ជូ​ន របស់​កម្ពុជា​ឱ្យ​កាន់តែ​​រី​កចម្រើន​ថែម​ទៀត​»​។​

 

ឆ្លៀត​ក្នុងឱ​កាស​នោះដែ​រ​លោក ​ស៊ុន ចា​ន់ថុ​ល ក៏បាន​ស្នើ​សុំឱ្យ​ប្រទេ​ស​កាណា​ដា ពិនិត្យ​លទ្ធភាព​សហ​ប្រតិ​បត្តិកា​រ លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​តាមរ​យៈ​វិទ្យា​ស្ថាន​តេ​ជោ​សែន សា​ធារណ​ការ ​និង​ដឹក​ជញ្ជូន ​ដោយ​បណ្តុះ​បណ្តាល​បន្ថែម​តាម​ប្រព័ន្ធ​ Zoom ពី​សាស្ត្រា​ចារ្យ​ជំនាញ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ដឹ​កជញ្ជូន​ នៃ​ប្រទេស​កា​ណាដា ​សំដៅ​បង្កើន​ធន​ធាន​មនុស្ស​កម្ពុជា​លើ​វិស័យ​នេះ​។​

ជុំវិញ​ការ​លើក​ឡើង​នេះ ​លោក​ស្រី Sarah Taylor ឯ​កអគ្គរ​ដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថ​ភាព​នៃ​ប្រទេស​កាណា​ដា​ប្រចាំ​កម្ពុជា​បាន​ថ្លែង​អំណរ​គុណ ចំពោះ​រដ្ឋាភិ​បាល​កម្ពុជា ក៏ដូច​ជា​ក្រសួង​សាធារ​ណការ​ និង​ដឹក​ជញ្ជូន​ ដែល​តែង​តែ​ផ្តល់​កិច្ចសហកា​រ​ល្អជា​​មួយ​ប្រទេស​កាណា​ដា​។

​ទន្ទឹម​គ្នានេះ​ លោកស្រី​ក៏បាន​អញ្ជើញ ​លោក ស៊ុន ចាន់​ថុល ​ចូលរួម​ទិវា​បុណ្យ​ជាតិ​ប្រទេស​កាណា​ដា នា​​ដើម​ខែ​កក្កដា​ ឆ្នាំ​២០២៣​ ខាង​មុខ ខណៈ​លោក​ស្រី​ថែម​ទាំង​បាន​លើក​ឡើង​ពី​បំណង នៃ​កិច្ច​សហ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ជាមួយ​កម្ពុជា តាម​រយៈ​ការ​ចុះ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់ ​រវាង​វិទ្យា​ស្ថាន​តេ​ជោ​សែន សា​ធារណ​ការ និង​ដឹក​ជញ្ជូន ​ជា​មួយ​នឹង​សាលា ​ឬ​ស្ថា​ប័ន​ជំនាញ​ផ្នែក​ហេ​ដ្ឋ​រចនា​សម្ព័ន្ធ ​នៃ​ប្រទេស​កាណាដា​​ផងដែរ​។

​សូម​រំ​ឭកថា​ ក្នុងជំ​នួប​ពិភាក្សា​ការងារ​ជា​មួយ​គណៈ​ប្រតិភូ​ក្រុម​ហ៊ុន CMA CGM (Cambodia) Co., Ltd. កាល​ចុងឆ្នាំ​២០២២​​លោក ស៊ុន ចាន់ថុល ធ្លាប់​បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​ការ​កិច្ច​សហការ​ពី​បណ្តា​ដៃគូ​អន្តរជា​តិ​នានា​ដើម្បី​បណ្ដុះប​ណ្ដាល​ធន​ធាន​មនុស្ស​ជាកូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យមាន​សមត្ថ​ភាព​អាច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដោយ​ខ្លួនឯង​ដោយ​មិន​ពឹង​លើ​បរទេស​ដើម្បី​លើកកម្ពស់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​កម្ពុជា ក៏ដូចជា​រួមចំណែក​ក្នុង​ការកសាង​ប្រទេសជាតិ​។

​ទន្ទឹមគ្នានោះ លោក​បាន​បញ្ជាក់ថា វិស័យ​សាធា​រណការ និង​ដឹកជញ្ជូន នៅ​កម្ពុជា កំពុង​មាន​សម្ទុះ​រីកចម្រើន​យ៉ាង​ឆាប់រហ័សស័ក្តិសម​សម្រាប់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI)ហើយ​កម្ពុជា​បាន​ស្វាគមន៍ចំពោះ​ការជួយ​នានា និង​បើកទូលាយ​ចំពោះ​ការវិនិយោគ​ពី​បរទេស​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដឹកជញ្ជូន និង​ភ័ស្តុភារ​កម្មនេះ​។​

កាលពី​ថ្មីៗ​នេះ ក្រសួង​សាធារណការ ក៏​ធ្លាប់​បានស្នើ​ប្រទេស​ថៃ ចិន ជប៉ុន និង​សិង្ហ​បុរី ឱ្យជួយ​ពិនិត្យ​លទ្ធភាព​ក្នុងការ​ចាត់តាំង​សាស្ត្រាចារ្យឬ​អ្នកជំនាញដើម្បី​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ខ្លីៗដោយផ្ទាល់ឬ​តាម​ប្រព័ន្ធ​online ក៏ដូចជា​ពិនិត្យ​លទ្ធភាព​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរការ​របស់​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ដើម្បី​បណ្តុះបណ្តាល​វិស្វករ​កម្ពុជា​ឱ្យមាន​ជំនាញ​ច្បាស់លាស់ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ផងដែរ​៕