មនុស្សយ៉ាងតិច៦៦៧នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីកុបកម្មនៅយប់ទី៣ ក្នុងប្រទេសបារាំង។ នេះបើតាមការបញ្ជាក់ពី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gérald Darmanin។លោកបានបង្ហោះក្នុងបណ្តាញសង្គម Twitter ថា ប៉ូលិសនិងក្រុមពន្លត់អគ្គិភ័យ ត្រូវប្រឈមមុខនឹងអំពើហិង្សាដ៏កម្រ ដែលបង្កភាពវឹកវរទូទាំងប្រទេស ខណៈមន្ត្រីប៉ូលិស២៥០នាក់។
ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលបារាំង បានដាក់ពង្រាយប៉ូលិស និងកងកម្លាំងជាង ៤ ម៉ឺននាក់ រួមទាំងអង្គភាពប្រឆាំងភេរវកម្ម និងក្រុមយុទ្ធសាស្ត្រផងដែរ បន្ទាប់ពីក្រុមកុបករ ដែលខឹងសម្បាចំពោះការស្លាប់យុវជនម្នាក់ នាំគ្នាដុតធនាគារ និងវាយប្រហារពន្ធនាគារ។ភាពចលាចលកើតឡើង បន្ទាប់ពីយុវជនឈ្មោះ Nahel M. ត្រូវបាញ់សម្លាប់ បន្ទាប់ពីរូបគេមិនគោរពច្បាប់ចរាចរណ៍ ហើយប៉ុនប៉ងបើករថយន្តបុកមន្ត្រីម្នាក់។
មនុស្សជាង៦ពាន់នាក់ បានដើរតាមទីក្រុង Nanterre តាមការអំពាវនាវរបស់ម្តាយ Nahel ឲ្យសងសឹក។ យ៉ាងណា បាតុកម្មបានបញ្ចប់ ដោយការប៉ះទង្គិចជាមួយប៉ូលិស ហើយសាខាធនាគារ Credit Mutuelle មួយកន្លែងក្នុងទីក្រុង ត្រូវបានចោរចូលលួច និងដុតបំផ្លាញ។យ៉ាងណាក្តី ការប៉ះទង្គិច ក៏បានផ្ទុះឡើងនៅតំបន់ផ្សេងទៀតនៃប្រទេសបារាំងផងដែរ។ ទីក្រុងជាច្រើនរួមទាំង Clamart និង Compiegne បានប្រកាសបម្រាមគោចរពេលយប់រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈទីក្រុងចំនួន ៤ ក្នុងចំណោម ១៨ ដូចជា Bordeaux, Ile-de-France, Tours និង Lille ជាដើម ក៏បានផ្អាកការដឹកជញ្ជូនសាធារណៈទាំងអស់ផងដែរ៕