នៅក្នុងការប្រកួត Mekong River Commission ឬMRC Competition ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបង្កើតឧបករណ៍វាស់ទឹកភ្លៀងដែលមានឈ្មោះថា «Spinning Bucket Rain Gauge» ដើម្បីចូលរួមប្រកួតប្រជែង ដោយគំនិត និងវិធីសាស្ត្រនេះទាញចេញពីចលនារហាត់ទឹកខ្មែរពីបុរាណ។
នៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬTechno ទទួលបានជយលាភីលេខ១ លើប្រភេទវិញ្ញាសាការបង្កើតឧបករណ៍វាស់ទឹកភ្លៀង ដែលការប្រកួតនេះបានប្រព្រឹត្តទៅនៅប្រទេសឡាវ ក្នុងកម្មវិធីសន្និសីទអន្តរជាតិ និងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
កន្លងផុតទៅជាង ៣ខែ សមាជិកម្នាក់នៃក្រុមមួយនេះ ចង់ឃើញឧបករណ៍របស់គេក្លាយជា ផលិតផលឧស្សាហកម្ម ដើម្បីប្រើប្រាស់ជាប្រយោជន៍ជាតិបាន។
យុវជន ជា ផេងអ៊ូ អ្នកតំណាង និងជាសមាជិកម្នាក់នៃក្រុមផលិតនេះ បានឱ្យដឹងថា ទាក់ទងនឹងការផលិត គឺក្រុមរបស់លោក រង់ចាំខាងក្រុមហ៊ុន ឬស្ថាប័នមកសហការជាមួយផ្ទាល់។