Alynana Media Cambodia
Icon Collap
clinic narit

ក្នុង​ឆមាស​ទី១ កម្ពុជាទទួលបានចំណូល​ពន្ធ​ពី​ពាណិជ្ជកម្ម​តាម​អន​ឡាញ មាន​ជាង ៣៩​ លាន​ដុល្លារ​

Media LNN | Jul 20, 2023
ក្នុង​ឆមាស​ទី១ កម្ពុជាទទួលបានចំណូល​ពន្ធ​ពី​ពាណិជ្ជកម្ម​តាម​អន​ឡាញ មាន​ជាង ៣៩​ លាន​ដុល្លារ​
Clinic narith

ភ្នំពេញៈ អ្នកសេដ្ឋកិច្ច និង​អ្នក​ជំនាញ លើកឡើងថា ចំណូល​ពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​(E-Commerce)​ នៅ​កម្ពុជា​នឹងមាន​កាន់តែច្រើន​នៅពេល​ខាងមុខ ខណៈ​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២៣ ចំណូល​ពន្ធ​ពី​ប្រតិ​ប​ត្តិ​ការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក មាន​ទឹកប្រាក់​ជាង ៣៩ ​លាន​ដុល្លារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រ​មូល​ចំណូល​ពន្ធ​របស់​អគ្គ​នា​យក​ដ្ឋា​ន​ពន្ធដារ​ (GDT) បានឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០២៣ ការប្រមូល​ចំណូល​ពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រេចបាន ១៥៩,២១​ ពាន់​លាន​រៀល (៣៩,៣១ ​លាន​ដុល្លារ​)​។​

​កាលពី​ឆ្នាំ​ ២០២២ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ GDT ឱ្យដឹងថា យន្តការ​គ្រប់គ្រង​ប្រមូល​អាករ​លើ​តម្លៃបន្ថែម​ពី​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជា​ប្រភព​ចំណូល​ថ្មី​មាន​ចំនួន​សរុប ៣៧,៦២​ លាន​ដុល្លារ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៦ ខែកក្កដា​ថា បើ​និយាយ​ពី​ចំណូល​ពន្ធ​ពី​ប្រតិបត្តិ​ការពា​ណិ​ជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​​និក វា​ហាក់ដូចជា​រឿង​ថ្មី​សម្រាប់​កម្ពុជា ប៉ុន្តែ​ប្រទេស​រីកចម្រើន​គឺ​គេ​បានធ្វើ​វា​ជា​យូរ​មកហើយ ខណៈ​បរិបទ​នៃ​ការទិញ​-​លក់ទំនិញ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កំពុងមាន​សម្ទុះ​កើនឡើង​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​។

​លោក​បន្តថា ចំណូល​ពន្ធដារ​កើនឡើង​បញ្ជាក់ថា សកម្មភាព​អាជីវកម្ម​ក្នុងស្រុក​មាន​ភាពល្អ​ប្រសើរ ហេតុនេះ​ចំណូល​ពន្ធ​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក៏​ស្តែង​ឱ្យឃើញ​ពី​ភាព​​រីកចម្រើន​ការធ្វើ​ប្រតិបត្តិ​ការទិញ​លក់​តាម​អន​ឡាញ​ផងដែរ​។​

 

​លោក​ថ្លែងថា​៖ «​នេះ​ជា​ភាព​ជោគជ័យ​ថ្មី​របស់ GDT ដែល​កើតចេញពី​ការធ្វើ​កំណែ​ប្រព័ន្ធគ្រប់គ្រង​ឱ្យ​កាន់តែ​មាន​ភាព​សុ​​ក្រឹ​ត មាន​តម្លាភាព របស់​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​។ ចំណូល​ពន្ធ​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​បន្ត​កើនឡើង​ថែមទៀត​»​។​

​លោក​បន្ថែមថា កំណើន​ការ​​វិនិយោគ​ក្នុងប្រទេស​បានធ្វើឱ្យ​ការប្រមូល​ចំណូល​ពន្ធដារ​កើន​​ឡើងជា​បន្តបន្ទាប់​។ ពន្ធដារ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​សម្រាប់​រដ្ឋាភិបាល​យ​ក​ទៅ​បើក​បៀវត្សរ៍​ឱ្យ​មន្ត្រីរាជការ និង​អភិវឌ្ឍ​ប្រទេស​។​

​លោក ឈិន កេ​ន ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល នៃ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែកុម្ភៈ​ថា បច្ចេកវិទ្យា​ទំនើប ​(Digitalization)​ ពិតជា​បានរួម​ចំណែក​យ៉ាងច្រើន​នៅ​គ្រប់​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា ដោយ​រាប់​ចាប់តាំងពី​ការធ្វើ​អា​ជីវ​កម្ម​ខ្នាតតូចៗ រហូតដល់​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​។ កំណើន​នៃ​ការប្រើ​ស្មា​ត​ហ្វូ​ន បានធ្វើឱ្យ​ចរន្ត​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នៅ​កម្ពុជា​កើនឡើង​យ៉ាង​ឆាប់រហ័ស​។​

​លោក​បន្ថែមថា បច្ចេកវិទ្យា​ទំនើប បានធ្វើឱ្យ​អ្នកប្រើប្រាស់​ទទួលបាន​ផលចំណេញ​ជា​ច្រើន​ដូចជា ជួយ​កាត់បន្ថយ​ការ​​ចំណាយ​ថវិកា រយៈពេល​ធ្វើ​ដំ​ណើ​រ និង​រហ័ស​ជាង​មុន​។​

​លោក​ថ្លែងថា​៖ «​បច្ចេកវិទ្យា​ទំនើប​កំពុង​ចូលរួម​ជួយ​លើក​កម្ពស់​ទីផ្សារ​ផលិតផល​ក​សិកម្មបាន​យ៉ាងច្រើន ព្រោះ​តាម​រយៈ​ការប្រើប្រាស់​ប្រព័ន្ធ​នេះ​អ្នក​ផលិត និង​អ្នកបញ្ជា​ទិញ គឺអាច​ផ្ញើ​រូបភាព​ពី​ផលិតផល​របស់ខ្លួន​ដោយផ្ទាល់​ទៅកាន់​ភាគី​ម្ខាង​ទៀត​បាន​ដោយ​ឆាប់​រហ័ស និង​ចំណាយ​តិច​បំផុត​។ ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ក្លាយជា​ផ្នែក​សំខាន់​ជួយ​គាំទ្រ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឱ្យមាន​សម្ទុះ​ទៅមុខ​កាន់តែ​លឿន​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ GDT បានឱ្យដឹងថា ក្នុង​រយៈ​ពេល ៦ ​ខែ ឆ្នាំ​ ២០២៣ GDT ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​បាន​សរុប ២ ០៧២,៣៩​លាន​ដុល្លារ ស្មើ ៥៨,០២​ ភាគរយ​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣​។​

​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ចំណូល​ប្រចាំឆមាស​ទី​១ ឆ្នាំ​ ២០២៣ កាលពី​ថ្ងៃទី​ ១១ កក្កដា លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គ​នា​យក​ដ្ឋា​ន​ពន្ធដារ បាន​និយាយថា កំណែទម្រង់ និង​ទំនើបកម្ម​ពន្ធដារ​ចាប់តាំងពី​ឆ្នាំ ​២០១២ រហូតមក​បានធ្វើឱ្យ​ប្រព័ន្ធ​ពន្ធ​​ដារ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​​រឹងមាំ ហើយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធដារ​គ្រប់លំដាប់​ថ្នាក់​ក៏បាន​ខិតខំ​ប្រឹងប្រែង​ស្រុះដៃ​គ្នា​ដើម្បី​អនុវត្ត​ការងារ​ប្រកបដោយ​ស្មារ​​តី​បុ​រេ​សកម្ម និង​កាន់តែ​សកម្ម​ថែមទៀត​ដើម្បី​បន្ត​ធានាបាន​និរន្តរភាព​ចំណូល​ពន្ធ និង​បន្ត​ចូលរួម​អនុវត្ត​ការងារ​កំណែ​​ទម្រង់ និង​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ​។​

​រដ្ឋាភិបាល​បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ នឹង​សម្រេចបាន​កំណើន ៥,៦ ​ភាគរយ​ដូចគ្នា​ទៅនឹង​ការ​ព្យាករ​កាលពីដើមឆ្នាំ គឺ​ខ្ពស់ជាង​ឆ្នាំ ២០២២ ដែល​សម្រេចបាន​កំ​ណើ​ន ៥,២​ ភាគរយ​៕