ហាណូយប្រទេសវៀតណាម កាលពីថ្ងៃទី២០ខែកក្កដា ដោយក្នុងដំណើរទស្សនកិច្ចនោះលោកស្រីបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនមើលឃើញវៀតណាមជាដៃគូដ៏សំខាន់សម្រាប់ថាមពលបៃតង និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ហើយកំណើនផលិតកម្មនៅវៀតណាម គឺជារឿងល្អសម្រាប់អាមេរិក។ នេះបើតាមការផ្សាយរបស់សារព័ត៌មានធំៗមួយចំនួន។លោកស្រី យេឡិន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានធ្វើដំណើរទៅដល់ប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ទី២០ ខែកក្កដា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅទីក្រុងប៉េកាំង និងក្រុងញូវដែលី ជាកន្លែងដែលលោកស្រីបានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសសេដ្ឋកិច្ចឧស្សាហកម្មធំៗចំនួន២០ (ជី២០)។
លោកស្រីបានលើកឡើងថា ការនិយាយលើកសសើរប្រទេសវៀតណាម មិនមែនមានគោលដៅប្រឆាំងនឹងប្រទេសចិននោះឡើយ ប៉ុន្ដែ ដំណើរទស្សនកិច្ចលោកស្រីនៅប្រទេសវៀតណាម គឺចង់បញ្ជាក់ឲ្យច្បាស់ថា កំណើននៅក្នុងវិស័យរោងចក្រផលិតនៅវៀតណាម ដែលអាចទាក់ទងនឹងគ្រឿងបង្គុំអេឡិចត្រូនិក យានយន្ដ និងផលិតផលផ្សេងៗទៀត គឺជារឿងដ៏ល្អសម្រាប់សហរដ្ឋអាមេរិក។
លោកស្រី យេឡិន បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅក្នុងប្រទេសវៀតណាមនៅក្នុងសម្រង់សម្ដីដើមថា «ភាពធន់ មិនមែនមានន័យថា យើងធ្វើអាចធ្វើអ្វីៗគ្រប់បែបយ៉ាងដោយខ្លួនឯងនោះទេ ហើយក្នុងករណីរបស់យើង ក៏មិនមែនមានន័យថា នឹងត្រូវបញ្ចប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិននោះដែរ។ ប៉ុន្ដែ យើងចង់ធ្វើជាដៃគូជាមួយប្រទេសផ្សេងទៀត ហើយយើងមើលឃើញថា វៀតណាម គឺជាដៃគូដ៏ល្អបំផុតមួយ»។លោកស្រី យេឡិន បានប្រាប់នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ឈិញ (Pham Minh Chinh) ថា អាមេរិកចាត់ទុកវៀតណាមជាដៃគូសំខាន់មួយក្នុងការជំរុញឱ្យឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
ខណៈដែលភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងចេះតែកើនឡើងនោះ ក្រុមហ៊ុនអាមេរិកមួយចំនួនដូចជាក្រុមហ៊ុន Tesla ក្រុមហ៊ុន Apple និងក្រុមហ៊ុន HP ជាដើមកំពុងតែមានការបង្កើនប្រភពផ្គត់ផ្គង់ពីប្រទេសវៀតណាម ហើយប្រទេសនេះក៏កំពុងផ្ដល់កន្លែងសម្រាប់ការផលិតបន្ទះឈីបដល់ក្រុមហ៊ុន Intel និងក្រុមហ៊ុន Samsung ផងដែរ។
សហរដ្ឋអាមេរិក និងក្រុមប្រទេសជី៧ ក៏កំពុងកៀងគរមូលនិធិអាកាសធាតុបានចំនួន ១៥,៥ពាន់លានដុល្លារសម្រាប់វៀតណាមផងដែរ បើទោះជាប្រទេសនេះបង្កើនការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងមានការចាប់ការឃុំឃាំងអ្នកបរិស្ថានក៏ដោយ។
កាលពីឆ្នាំ២០២២ វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ៧របស់អាមេរិក ខណៈអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសដែលជាអតីតគូសត្រូវនឹងគ្នាក្នុងសម័យសង្គ្រាមទាំងពីរនេះ មានដល់ទៅ ១៣៨ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០២២៕