Alynana Media Cambodia
Icon Collap
clinic narit

អតិថិជនមានទំនុកចិត្តខ្ពស់ចំពោះប្រព័ន្ធធនាគារ ព្រោះមានលំនឹងស្ថេរភាពល្អទាំង នៅមុន និងក្រោយការបោះឆ្នោត

Media LNN | Jul 27, 2023
អតិថិជនមានទំនុកចិត្តខ្ពស់ចំពោះប្រព័ន្ធធនាគារ ព្រោះមានលំនឹងស្ថេរភាពល្អទាំង នៅមុន និងក្រោយការបោះឆ្នោត
Clinic narith

ភ្នំពេញ៖ ការដក-ដាក់ប្រាក់ និងការផ្តល់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាបាន​ស្ថិរភាពធម្មតា នៅមុន និងក្រោយការបោះឆ្នោត ​ថ្ងៃទី២៣ កក្កដា ឆ្លុះបញ្ចាំង​ពី​ទំនុក​ចិត្តខ្ពស់របស់​អតិថិជន​ ចំពោះប្រព័ន្ធធនាគារនៅកម្ពុជា។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ និងនាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ​បានលើកឡើងនៅថ្ងៃទី២៧ ខែកក្កដាថា ​សកម្មភាពដក-ដាក់ប្រាក់​ របស់អតិថិជននៅតាមគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល​បានប្រាក់​បញ្ជើ មានស្ថិរភាពល្អ នៅមុនពេល និងក្រោយពេលការបោះឆ្នោត។

លោក សុខ វឿន លើកឡើងថា​ ខុសពីការបោះឆ្នោត​អាណត្តិ​កន្លងទៅ ការបោះឆ្នោតជាតិ​ឆ្នាំ២០២៣នេះ ​មិនមែនការដកប្រាក់ក្នុងទំហំច្រើន​ គួរឱ្យកត់សម្គាល់នោះទេ ​ដោយបញ្ជាក់ថា អតិថិជន​មានទំនុកចិត្តមកលើប្រព័ន្ធធនាគារនៅកម្ពុជា។ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា​បាន​កើន​ឡើង​ដល់ ៤២,៧ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ខែ​មករា​ឆ្នាំ​នេះ ខណៈ​កម្ចី​ ​របស់​ធនាគារ​មាន​ជាង ៥៥ ពាន់​លាន​ដុល្លារ​ នេះ​បើ​តាម​របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា។គ្រឹះស្ថានធនាគារបាន​ទទួល​ប្រាក់បញ្ញើប្រមាណ ៤២,៧ ពាន់លានដុល្លារ ​ដែលកើនឡើងពី ៣៧ ពាន់លានដុល្លារកាលពីខែតុលាឆ្នាំ២០២២។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិ​នៃ​កម្ពុជា បានមានប្រសាសន៍កាល​ពីពេលថ្មីៗ​នេះថា កំណើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ ​ឆ្លុះបញ្ចាំង​ពីទំនុកចិត្តសាធារណៈចំពោះប្រព័ន្ធធនាគារ​របស់ប្រទេសកម្ពុជា។

ឯកឧត្តម បានលើកឡើងថា វិស័យធនាគារនៅតែរឹងមាំ ​និងធន់ ​ហើយ​បាន​បន្តដើរតួនាទី​យ៉ាង​សកម្ម​ក្នុងការគាំទ្រ​ដល់ការងើបឡើងវិញ​នៃសេដ្ឋកិច្ច ​ក្នុងអំឡុង ​និងក្រោយពេលនៃការរាតត្បាត​នៃជំងឺកូវីដ-១៩ ៕