Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួង​កសិកម្ម៖ តម្លៃ​ម្ទេស​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ ហក់​ឡើង​ដល់ ២ ម៉ឺន​រៀល​ក្នុងមួយ​គីឡូក្រាម

Admin Alynana | Jul 29, 2023
ក្រសួង​កសិកម្ម៖ តម្លៃ​ម្ទេស​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ ហក់​ឡើង​ដល់ ២ ម៉ឺន​រៀល​ក្នុងមួយ​គីឡូក្រាម
Clinic narith

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹង​ថា និន្នាការ​រយៈពេល ៥ ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ២០២៣ តម្លៃ​ម្ទេស អាចហក់ឡើង​ខ្ពស់​បំផុត​ដល់ទៅ ២ ម៉ឺន​រៀល​ក្នុងមួយ​គីឡូក្រាម ខណៈ​ក្រសួង​បានប្រាប់​គន្លឹះ​ខ្លះៗ​ពី​វិធីសាស្រ្ត​ក្នុង​ការដាំម្ទេស​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ និងឆ្លើយតប​តម្រូវការ​ទីផ្សារ។

យោងតាម​ការផ្សព្វផ្សាយ​របស់​ក្រសួង​កសិកម្ម នៅថ្ងៃទី២៨ ខែកក្កដា បានឱ្យដឹង​ថា៖«បើយើង​មើល​ពីនិន្នាការ​តម្លៃ​រយៈ ៥ ឆ្នាំ ចាប់ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២៣ នេះ​តម្លៃ​ម្ទេស​អាចហក់​ខ្ពស់បំផុត​ដល់​ទៅ ២០០០០ រៀល ​ក្នុងមួយ​គីឡូក្រាម ក្នុង​​ខែមិថុនា និងខែមករា និងធ្លាក់ថ្លៃ​ទាប​បំផុត​ត្រឹម​តម្លៃ ៦០០ រៀល ​ក្នុងមួយ​គីឡូក្រាម​ នៅក្នុង​ខែតុលា។ លើសពី​នេះ​តម្លៃ​ម្ទេស​ មានការប្រែប្រួល​គម្លាត​តម្លៃ​ខ្លាំង​ នៅក្នុង​រដូវ​ប្រាំង និងប្រែប្រួល​តិចតួច​នៅ​រដូវ​វស្សា»។

ប្រភព​ដដែលបន្ត​ថា ដំណាំ​ម្ទេស​មានច្រើន​ប្រភេទ ដែលនៅ​ប្រទេស​កម្ពុជា​គេនិយម​ដាំ​ប្រភេទ ម្ទេស​ដៃនាង ម្ទេស​អាចម៍​សត្វ ម្ទេស​ផ្លោក ម្ទេស​ហាវ៉ៃ ដោយឡែក​ម្ទេស​ផ្សេងៗទៀត​ដែលឃើញ​លក់​នៅតាម​ទីផ្សារ ជាប្រភេទ​ម្ទេស​នាំចូល​មក​ដាំដុះ​ដែលពុំទាន់​មានការសិក្សា​ពី​បច្ចេកទេស​ដាំដុះ​សមស្រប​នៅ​ឡើយទេ។

ម្ទេស​ជាបន្លែ​ដែលសម្បូរ​វីតាមីន​ដូចជា A B C E និងសារធាតុ​រ៉ែ ដែលមាន​មុខងារ​ជួយ​ដល់សារពាង្គកាយ​មនុស្ស ដូចជា​ជួយ​បន្សាប​ជាតិ​ពុល បំបាត់​ការឈឺ​ចាប់ ជា​ថ្នាំ​អង់ទីប៊ីយ៉ូទិច​ធម្មជាតិ ជួយ​ភ្ញោច​ខួរក្បាល​ក្នុងការបញ្ចេញ​អ៊័រម៉ូន endorphins ជួយកាត់​បន្ថយ​មហារីក​ពោះវៀន​ធំ និងជួយ​បញ្ចុះ​ជាតិ​កូឡេស្តេរ៉ូល​ក្នុងឈាម​ដែលអាច​កាត់បន្ថយ​ជំងឺ​គាំង​បេះដូង ប៉ុន្តែ​មិនត្រូវ​ពិសា​លើស​កម្រិត​នោះទេ។

ម្ទេស​ត្រូវបាន​ដាំដុះ​ស្ទើរគ្រប់​ទីកន្លែង ដោយសារ​តម្រូវការ​ប្រើប្រាស់​វាជា​ចាំបាច់​ក្នុងការ​ចម្អិន​មុខ​ម្ហូប ឬតាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ប្រើប្រាស់វា។

 

នៅប្រទេស​កម្ពុជា ម្ទេស​ហឹរ​មិនមែន​ជាបន្លែ​ចម្បង​ក្នុង​មុខ​ម្ហូប​ទេ គេច្រើន​ប្រើ​វាសម្រាប់​បន្ថែម​សម្រស់​ឱ្យ​ម្ហូប​អាហារ ឬបន្ថែម​រសជាតិ​ហឹរ​តាមការចូលចិត្ត ដោយឡែក​ម្ទេស​ដែលមាន​ជាតិ​ហឹរ​តិច​ដូចជា​ម្ទេស​ហាវ៉ៃ និងម្ទេស​ផ្លោក ត្រូវបាន​ចម្អិន​ជាអាហារ​គោល​ដូចជា​ឆា ស្ល ឬញ៉ាំ​ជាមួយ​បន្លែ​ផ្សេងៗ។

ក្រៅពី​បរិភោគ​ស្រស់ និង​ចម្អិន គេក៏អាច​កែច្នៃ​ជាម្ទេស​ជ្រក់ និងម្ទេស​ក្រៀម​ផងដែរ សម្រាប់​ម្ទេស​ផ្លោក​គេអាច​កែច្នៃ​ជាម្ទេស​ឆ្អើរ​សម្រាប់​ប្រើប្រាស់​ក្នុង​សម្លការី និងម្ហូប​ផ្សេងទៀត ចំណែក​ម្ទេសហឹរ​ក្រៀម គេច្រើន​កិនទុក​បន្ថែម​រសជាតិ​ហឹរ​ឱ្យ​អាហារ។

ម្ទេស​មិនរើស​ដី​ដាំដុះ​ទេ ប៉ុន្តែ​ដី​ដែលល្អ​សម្រាប់​ម្ទេស​គឺជា​ដី​មាន​ជី​ជាតិ​ល្អ ក្បែរ​ប្រភព​ទឹក ឬជាដី​ល្បាប់​ល្បាយ​ខ្សាច់ ធូរ សម្បូរ​ទៅដោយ​ជាតិ​មមោគ និងសារធាតុ​ចិញ្ចឹម​ខ្ពស់ វាត្រូវការ​ទឹក​ជាមធ្យម​ក្នុងកម្រិត​សំណើម​ដី​ពី ៦៥ ទៅ ៧០ ភាគរយ។

 

Content image - Phnom Penh Post

 

ដំណាំ​ម្ទេស​មិនងាយស្រួល​ក្នុងការ​ដាំដុះ​ប៉ុន្មាន​ទេ វាមាន​ជំងឺ​ច្រើន​ដូច្នេះ​កសិករ​ត្រូវ​យល់ដឹង និង​អនុវត្ត​បច្ចេកទេស​សមរម្យ​ដូចជា​ការជ្រើស​ពូជ រៀបចំ​ដី ដាក់​ជី បញ្ចេញ​បញ្ចូល​ទឹក និង​ថែទាំ ទើប​ទទួល​បាន​ទិន្នផល​ល្អ។

ការដាំម្ទេស​នៅរដូវក្តៅ​មានបញ្ហា​ប្រឈម​ច្រើន​ដូចជា សត្វ​ល្អិត បាក់​តេរី វីរុស និងពពួក​ផ្សិត ហើយ​រដូវកាល​សមស្រប​សម្រាប់​ដំណាំ​ម្ទេស គឺ រដូវ​រំហើយ​ចាប់ពី​ខែតុលា និងវិច្ឆិកា ប្រមូល​ផល​នៅ​ខែកុម្ភៈ និងដាំ​នៅរដូវ​ប្រាំង​ចាប់ពី​ខែឧសភា ប្រមូល​ផលនៅ​ខែសីហា។

ម្ទេស​ជាដំណាំ​មិនប្រកាន់​រដូវ​អាច​ដាំដុះ​បានពេញ​មួយឆ្នាំ អាចប្រមូលផល​បានចាប់​ពី​ដាំដុះ​រយៈពេល ៦៥ ទៅ ៨០ ថ្ងៃ អាស្រ័យ​តាម​ពូជ​ដែលបាន​ជ្រើសរើស ហើយអាច​ប្រមូល​បាន​ច្រើនដង​បន្តបន្ទាប់​គ្នា។

បើតាម​ការចុះ​ផ្សាយ​តម្លៃ​បោះដុំ​ផលិតផល​កសិកម្ម ប្រចាំ​ថ្ងៃ នៅលើ​គេហទំព័រ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹង​ថា គិតចាប់​ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ២០២៣​នេះ ម្ទេស​ស្រស់​មានតម្លៃ​ប្រែប្រួល​ចន្លោះ​ពី ៤០០០ រៀល ទៅ ៩០០០ រៀល ក្នុងមួយ​គីឡូ​ក្រោម។

ជារួម ម្ទេស​ជាប្រភេទ​បន្លែ​ដែលពេញ​និយម​ប្រើប្រាស់ និងបាន​ដាំដុះ​ពាសពេញ​ពិភពលោក ដែល​មានលក្ខណ​ពិសេស​ម្យ៉ាង​គឺមាន​ជាតិ​ហឹរ ហើយកម្រិត​ហឹរ​របស់វា​ទៅតាម​ប្រភេទ​របស់​ម្ទេស​នីមួយៗ៕