ភ្នំពេញៈ ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារប្រទេសជប៉ុន នៅក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៣ មានតម្លៃជាង ៥៤៥ លានដុល្លារ កើនឡើងតិចតួចបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈពាណិជ្ជកម្មទ្វេភាគីមានជាង ៨៦០ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងស្ថិតិពាណិជ្ជកម្មអន្តរជាតិឆមាសទី១ ឆ្នាំ ២០២៣ បង្ហាញថា ពីខែមករា-ខែមិថុនា ឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា ជប៉ុន មានទឹកប្រាក់សរុប ៨៦០,២៨ លានដុល្លារ ធ្លាក់ចុះ ៧,៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងនោះទំនិញដែលកម្ពុជានាំទៅជប៉ុន មានចំនួន ៥៤៥,០១ លានដុល្លារ កើន ០,៦ ភាគរយ ចំណែកជប៉ុននាំមកកម្ពុជាវិញ ៣១៥,២៦ លានដុល្លារ ធ្លាក់ចុះ ១៩,៧ ភាគរយ។ ផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាព ២២៩,៧៥ លានដុល្លារ ខណៈកាលពីឆមាសទី១ ឆ្នាំ ២០២២ មាន ១៤៩,៣៧ លានដុល្លារ។
ជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់កម្ពុជាបន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ ខែកក្កដាថា ទោះបីទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ ធ្លាក់ចុះ ប៉ុន្តែសម្រាប់ការនាំចេញរបស់កម្ពុជាគឺនៅមានសញ្ញាវិជ្ជមាន ដែលនេះបញ្ជាក់ថា ទំនិញកម្ពុជា គឺមានតម្រូវការខ្ពស់នៅជប៉ុន បើទោះស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អក៏ដោយ។ បច្ចុប្បន្នក្រៅពីផលិតផលវាយនភណ្ឌ កម្ពុជាក៏នាំចេញផលិតផលកសិកម្មជាច្រើនដែរទៅទីផ្សារជប៉ុន។
លោកបន្តថា ការរក្សាបានភាពវិជ្ជមាននៃការនាំចេញ ក៏ដោយសារតែកម្ពុជា-ជប៉ុន គឺជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។
លោកបន្តថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យកាន់តែធំថែមទៀត កន្លងមកសភាពាណិជ្ជកម្មកម្ពុជាក៏បានបើកការិយាល័យតំណាងរបស់ខ្លួន នៅទីក្រុងសេនដាយ (ប្រទេសជប៉ុន)។
ការិយាល័យតំណាង មានតួនាទីផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា ក៏ដូចជាទាក់ទាញក្រុមហ៊ុនជប៉ុនឱ្យបញ្ជាទិញទំនិញផលិតនៅកម្ពុជាយកទៅលក់នៅទីផ្សារជប៉ុនផងដែរ។
លោកថ្លែងថា៖ «ស្ថានភាពពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងកើនឡើងខ្ពស់នៅពេលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកល្អឡើងវិញ។ ទំនិញកម្ពុជាកំពុងទទួលបានទំនុកចិត្តខ្ពស់ពីទីផ្សារជប៉ុន»។
លោកប្រាប់ទៀតថា ការធ្លាក់ចុះទឹកប្រាក់នាំចូលរបស់ជប៉ុន ក៏ដោយសារសមត្ថភាពការដាំដុះ កែច្នៃ និងផលិតនៅកម្ពុជាខ្លាំងជាងមុនផងដែរ។
យោងតាមលោក លឹម ហេង ផលិតផលសំខាន់ដែលកម្ពុជានាំទៅជប៉ុន មានដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំ និងកសិផល ចំណែកជប៉ុននាំមកកម្ពុជាវិញមាន ផលិតផលគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រក្នុងវិស័យកសិកម្មជាដើម។
យោងតាមធនាគារជាតិនៃកម្ពុជា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ ជប៉ុនជាប្រទេសដែលវិនិយោគនៅកម្ពុជាច្រើនជាងគេទី ៤ ដោយមានប្រាក់សរុប ១១,៣ ទ្រីលានរៀល (កើន ១១,៦ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២) គឺបន្ទាប់ពីប្រទេសចិន កូរ៉េ និងសិង្ហបុរី។ វិនិយោគិនជប៉ុនភាគច្រើនវិនិយោគនៅក្នុងវិស័យហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងអចលនទ្រព្យ ជាដើម។
ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ជប៉ុន មានទឹកប្រាក់សរុប ១ ៩៤៨,០២ លានដុល្លារ កើន ១២,៣ ភាគរយធៀបឆ្នាំ ២០២១ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅជប៉ុន មានទឹកប្រាក់ ១ ១៧៣,០៣ លានដុល្លារ កើនឡើង ៧,៣ ភាគរយ និងនាំចូលមានទឹកប្រាក់ ៧៧៤,៩៨៩ លានដុល្លារ កើនឡើង ២១ ភាគរយ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕