ថៃកំពុងជំរុញឱ្យកសិករកាត់បន្ថយការដាំដុះស្រូវតែមួយប្រភេទ ដោយជំនួសទៅដាំដំណាំប្រភេទផ្សេងត្រូវទឹកតិចជាងមុន។ វិធានការនេះ នឹងគំរាមកំហែងដល់ការផ្គត់ផ្គង់អង្ករពិភពលោក ក្នុងបរិបទដែលឥណ្ឌាបានហាមឃាការនាំចេញអង្ករ។
ស្រូវជាដំណាំយ៉ាងចម្បងរបស់ថៃដែលកសិករភាគច្រើនបានដាំដុះ ។ យ៉ាងណាមិញ បើតាមការប្រកាសរបស់អគ្គលេខាធិការនៃការិយាល័យធនធានទឹក លោក Surasri Kidtimonton រដ្ឋាភិបាលថៃកំពុងលើកទឹកចិត្តឱ្យប្រជាជនប្តូរទៅដាំដំណាំប្រភេទផ្សេង ដែលត្រូវការទឹកតិច។
ថៃកំពុងកត់ត្រាការថយចុះនៃទឹកភ្លៀង នៅក្នុងបរិបទដែលអាកាសធាតុនៅឆ្នាំក្រោយត្រូវបានព្យាករថា នឹងស្ងួតដោយសារតែបាតុភូត El Nino ។ បច្ចុប្បន្នកម្រិតទឹកភ្លៀងសរុបនៅភាគកណ្តាលមានជាងធម្មតា៤០ភាគរយប៉ុណ្ណោះ។ លោក Surasri Kidtimonton បាននិយាយថា ការកំណត់ការដាំដុះស្រូវនេះ នឹងជួយធានាទឹកគ្រប់គ្រាន់សម្រាប់កសិករ។
វិធានការនេះ នឹងគំរាមកំហែងដល់ការផ្គត់ផ្គង់អង្ករពិភពលោក ស្របពេលដែលឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករប្រភេទមួយចំនួន។ បច្ចុប្បន្នថៃជាប្រទេសនាំចេញអង្ករធំទីពីរក្នុងពិភពលោកបន្ទាប់ពីឥណ្ឌា។
ទាំងអេមីរ៉ាតអារ៉ាប់រួម និងរុស្ស៊ីនាពេលថ្មីៗនេះ ក៏បានប្រកាសថានឹងឈប់លក់អង្ករទៅក្រៅប្រទេស ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីការហាមឃាត់ឥណ្ឌា មានគោលបំណងស្រដៀងគ្នា គឺរក្សាការផ្គត់ផ្គង់ក្នុងស្រុក និងការទប់ស្កាត់តម្លៃកើនឡើង។
កាលពីខែមុន តម្លៃអង្ករនៅអាស៊ីបានឡើងថ្លៃខ្ពស់បំផុតក្នុងរយៈពេលជាងបីឆ្នាំ តួយ៉ាងដូចជាថៃតម្លៃអង្ករក្នុងស្រុកកើនឡើង ១០ភាគរយភា្លម ក្រោយការប្រកាសហាមឃាត់ការនាំចេញរបស់ឥណ្ឌា។ អង្ករគឺជាអាហារសំខាន់សម្រាប់មនុស្សជាង ៣ ពាន់លាននាក់ ហើយការកើនតម្លៃខ្ពស់បែបនេះ អាចបណ្តាលឱ្យសម្ពាធអតិផរណាកើនឡើង។
«មិនអាចសុំឲ្យប្រជាពលរដ្ឋឈប់ដាំស្រូវនៅពេលតម្លៃផលិតផលកំពុងត្រូវប៉ាន់នោះទេ ប៉ុន្តែយើងបារម្ភខ្លាំងពីបរិមាណភ្លៀងធ្លាក់មិនស្មើគ្នាក្នុងអំឡុងខែសីហាដល់ខែតុលា ដែលអាចនឹងកាត់បន្ថយទិន្នផលស្រូវក្នុងរដូវប្រមូលផល»។ នេះបើតាមការលើកឡើងរបស់លោក Chookiat Ophaswongse ប្រធានសមាគមអ្នកនាំចេញអង្ករថៃបានប្រាប់ទៅទូរទស្សន៍ Bloomberg ។
មុននេះ រដ្ឋាភិបាលថៃបានព្រមានថា El Nino អាចបណ្តាលឱ្យមានភ្លៀងធ្លាក់ទាបខុសពីធម្មតា ហើយបានណែនាំកសិករឱ្យដាំដំណាំស្រូវតែមួយរដូវ ជំនួសឱ្យការដាំពីរដងនៅឆ្នាំនេះ។ អ្នកវិភាគមើលឃើញថា កង្វះខាតនៃការផ្គត់ផ្គង់អង្ករពីប្រទេសថៃ អាចប៉ះប៉ូវដោយប្រទេសវៀតណាម។ ការនាំចេញអង្កររបស់វៀតណាមត្រូវបានគេព្យាករថា នឹងលើសផែនការនៅឆ្នាំនេះ។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ៦ខែឆ្នាំនេះ វៀតណាមបាននាំចេញអង្ករច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងអត្រា ២១ភាគរយ ជាពិសេស បរិមាណដែលលក់ទៅហ្វីលីពីន ចិន និងឥណ្ឌូណេស៊ី សុទ្ធតែកើនឡើង។
ទោះជាយ៉ាងនេះក្តី អ្នកជំនាញជាច្រើនជឿថា បរិមាណអង្ករវៀតណាមមានមិនច្រើន ដែលអាចបំពេញតម្រូវការទាំងអស់បាននោះ ដោយសារតែវៀតណាមក៏រងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុដែរ ធ្វើឱ្យបរិមាណស្រូវដែលប្រមូលផលមួយចំនួនខូចខាតយ៉ាងធ្ងន់ធ្ងរ។ មួយវិញទៀតការផ្គត់ផ្គង់អង្ករពីកម្ពុជាក៏មិនគ្រប់គ្រាន់នោះដែរ។
ប្រទេសដែលនាំចេញអង្ករធំៗជាងគេរបស់ពិភពលោកមាន ឥណ្ឌា៤០,៥ភាគរយ ថៃ១៥,៣ភាគរយ វៀតណាម១៣,៥ភាគរយ និងប្រទេសផ្សេងទៀត៣០, ៧ភាគរយសម្រាប់ឆ្នាំ២០២២-២០២៣ ។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្មអាម៉េរិក៕