(កែប)៖ នៅថ្ងៃទី៧ ខែសីហានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសដាក់ឲ្យអនុវត្តផ្លូវការ ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប នៅសាលាខេត្តកែប ដើម្បីប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍ សម្រាកកម្សាន្ដប្រណិតកម្រិតខ្ពស់ ភាពទាក់ទាញ ធានាបានឧត្តមភាពប្រកួតប្រជែង នៅក្នុងតំបន់ និងពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប គឺបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជា “គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់” ដោយប្រកាន់យកគោលការណ៍នៃការអភិវឌ្ឍប្រកបដោយ ចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ ហើយត្រូវបាន ហើយ ត្រូវបានទទួលបានការអនុម័តដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។
ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា នៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ គឺបានកំណត់ប៉ូលអភិវឌ្ឍន៍សំខាន់ៗ និងជាយុទ្ធសាស្ត្រចំនួន៤ រួមមាន៖ ទី១ ប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ ឲ្យក្លាយជាឧទ្យានប្រណិតកម្រិតពិភពលោក ទី២ ប៉ូលទេសចរណ៍តំបន់អង្កោល នឹងអភិវឌ្ឍន៍ឲ្យក្លាយជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិទំនើប ទី៣ ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ៍ នឹងអភិវឌ្ឍន៍ឲ្យក្លាយជា តំបន់កសិទេសចរណ៍ និងទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ និងទី៤ ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ នឹងអភិវឌ្ឍន៍ឲ្យក្លាយជា តំបន់ទេសចរណ៍កោះប្រណិត។
ឯកឧត្តម នី ផល្លី ថ្លែងថា តាមរយៈការអនុវត្តផែនមេនេះ នឹងបង្កើនភាពទាក់ទាញ បណ្តាក្រុមហ៊ុនវិនិយោគជាតិអន្តរជាតិ និងអង្គការសមាគម ដៃគូរាជរដ្ឋាភិបាល នានាចូលរួមអភិវឌ្ឍន៍ និងរៀបចំកាយសម្បទាផ្តល់សេវាវិស័យទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ឆ្លាតវៃ និងទាក់ទាញបំផុត។
ឯកឧត្តម បន្តថា ទន្ទឹមនឹងនេះខេត្តកែប ក៏នឹងត្រូវបានទទួលបានអភិវឌ្ឍន៍ស្ថាបនាផ្លូវនៅក្នុងខេត្តចំនួន១៦ ខែ្សទៅកាន់បណ្តាតំបន់ប៉ូលទេសចរណ៍នានា រៀបចំបណ្តាញប្រព័ន្ធលូទឹកកខ្វក់ អាងទឹកគ្រប់គ្រងសំណល់រឹងរាវ ប្រឡាយទឹកបញ្ចៀសទឹកជំនន់ បណ្តាញផ្គត់ផ្គងអគ្គីសនី និងបណ្តាញប្រព័ន្ធប្រៃសណីយទូរគមនាគមន៍ជាដើម៕