(ភ្នំពេញ)៖ កម្ពុជាបាននាំចេញគ្រឿងអេឡិចត្រូនិក បានកើនឡើងគួរឱ្យសម្គាល់ ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ បើទោះបីជាការនាំចេញផលិតផលកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលជាទំនិញនាំចេញសំខាន់របស់កម្ពុជា បានថយចុះ។
របាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថា ការនាំចេញគ្រឿងអេឡិចត្រូនិក មានទឹកប្រាក់ប្រមាណ ១ ៤៤០ លានដុល្លារ ក្នុងរយៈពេល ៦ខែឆ្នាំ២០២៣នេះ កើនឡើង១.៣ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍លើកឡើងថា៖ ការនាំចេញបានថយចុះ ២,១ភាគរយ ជាចម្បងដោយសារការថយចុះការនាំចេញទោចក្រយាន ៣០,៥ភាគរយ ផលិតផលកាត់ដេរ ១៨,៤ភាគរយ និងកៅស៊ូ ៩,៨ភាគរយ ខណៈដែលមុខទំនិញផ្សេងទៀតបានកើនឡើងរួមមាន គ្រឿងអេឡិចត្រូនិក កើនឡើង១,៣ដង និងអង្ករ កើនឡើង ១២,៤ភាគរយ។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការនាំចេញផលិតផលមិនមែនកាត់ដេរមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ឆ្លុះបញ្ជាំងពីប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា។
ឯកឧត្តម បន្តថា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ បានជំរុញការវិនិយោគលើបច្ចេកវិទ្យាក្នុងសង្វាក់ផលិតកម្ម និងជំរុញការនាំចេញផលិតផលមិនមែនកាត់ដេរកើនឡើងខ្ពស់៕