(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេន នៃព្រះរាជាណាចក្រកម្ពុជា បានសន្យាថា ក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងអាណត្តិទី៧នេះ សន្យាធានាបន្តជំរុញ លើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជនឲ្យបានកាន់តែល្អ តាមរយៈរកទីផ្សារសម្រាប់កសិផលឲ្យមាន តម្លៃសមរម្យ និងបន្តដំឡើងប្រាក់ឈ្នួលកម្មករ និងយោជិត និងប្រាក់បៀវត្សរ៍មន្រ្តីរាជការគ្រប់លំដាប់ ថា្នក់ទាំងអស់ ។
នៅក្នុងកិច្ចប្រជុំ នៃរដ្ឋសភា នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធាន នៃរដ្ឋសភា ប្រធាន និងអនុប្រធានគណៈកម្មការជំនាញ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត ចំពោះរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២២ ខែសីហានេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសន្យា ចំពោះអង្គរដ្ឋសភា ក៏ដូចជាជនរួមជាតិទាំងមូលថា រាជរដ្ឋាភិបាល ធានានឹងធ្វើការការពារឲ្យបានដាច់ខាត នូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជន នៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស ព្រមទាំងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឲ្យបានគង់វង្សមិនឲ្យកម្លាំងណាមកបំពាន ឬបំផ្លាញបាននោះឡើយ។
ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានសន្យាផងដែរថា នាយករដ្ឋមន្រ្តីថ្មីរបស់ឯកឧត្តម ក៏មានការធានានូវសុវត្ថិភាពសង្គម និងលំនឹងរស់នៅរបស់ប្រជាជនទាំងបច្ចុប្បន្ន និងអនាគតផងដែរ តាម រយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម ដែលរួមបញ្ចូលនូវរបបជំនួយសង្គម និងរបបសន្តិសុខ សង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំទ្រប្រជាជនគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ ក្រុម ជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឲ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយសារមិនមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ ៕