Alynana Media Cambodia
Icon Collap
clinic narit

ព្រះមហាក្សត្រតែងតាំង អគ្គនាយកវិទ្យុបាំង ជារដ្ឋមន្រ្តីប្រតិភូអមនាយករកដ្ឋមន្រ្តី នៅក្នុងអាណត្តិថ្មីទី៧នេះ

Admin Alynana | Aug 25, 2023
ព្រះមហាក្សត្រតែងតាំង អគ្គនាយកវិទ្យុបាំង ជារដ្ឋមន្រ្តីប្រតិភូអមនាយករកដ្ឋមន្រ្តី នៅក្នុងអាណត្តិថ្មីទី៧នេះ
Clinic narith

លោក​ តាន់​ ហ្សង់-ហ្រ្វង់ស័រ  (Jean-Francois Tain)​ ​ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករកដ្ឋមន្រ្តី នៅក្នុងអាណត្តិថ្មីទី៧នេះ។ មុនកាន់មុខតំណែងនេះ លោក​ តាន់​ ហ្សង់-ហ្រ្វង់ស័រ គឺជាអគ្គនាយកវិទ្យុបារាំងអន្តរជាតិ(RFI)ផ្នែគខេមរភាសា និងជាអ្នកវិភាគភូមិសាស្រ្តនយោបាយដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា។

 
 

លោក​ តាន់​ ហ្សង់-ហ្រ្វង់ស័រ  (Jean-Francois Tain)​ កើតក្នុង​ឆ្នាំ​១៩៦៦ ​នៅ​​ស្រុក​មោង​ឫស្សី ​ខេត្ត​បាត់​ដំបង​ ​មាន​ឪពុក​ជាថៅ​កែ​​ម៉ាស៊ីន​កិន​ស្រូវ​ និង​ម្ដាយ​ជា​ស្ត្រី​មេផ្ទះ។ លោក​​​ គឺជាសិស្សម្នាក់ដែលចូលរៀននៅ​សាលា​នៅ​អាយុ​ជិត១៤​ឆ្នាំ​​​។ កុមារភាពរបស់លោក​ តាន់​ ហ្សង់-ហ្រ្វង់ស័រ គឺក្នុងអំឡុងពេលដែលប្រទេសកម្ពុជាជួបភាពវឹកវរ ហើយធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ដែលធ្វើឲ្យរូបលោកមិនបានរៀនជាប់លាប់នោះទេ។

​នៅឆ្នាំ​១៩៧៥​ គឺនៅពេល​ខ្មែរ​ក្រហម​កាន់កាប់អំណាច​ ​គ្រួសារ​​របស់​លោក​ត្រូវ​​​ជម្លៀស​ទៅ​​​រស់​​នៅ​​ខេត្ត​បាត់​បង​ រហូត​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ដួល​រលំនៅឆ្នាំ១៩៧៩។ ក្នុងរបបខ្មែរក្រហម លោក​បាន​​​បាត់​បង់​ឪពុក​ និង​បាន​ឆ្លង​កាត់​ការ​លំបាកជាច្រើន​។​​ ក្រោយរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩  ក្រុមគ្រួសារលោក មានជីដូន ម្តាយ និងបងប្អូន៤នាក់ បានភៀសខ្លួនទៅរស់នៅទឹកដីថៃ ហើយនៅចុងឆ្នាំ១៩៧៩ លោក និងក្រុមគ្រួសារក៏បានចេញទៅរស់នៅប្រទេសបារាំង។

 

នៅក្នុងប្រទេសបារាំង ក្នុងវ័យជិត១៤ឆ្នាំ ទើបលោកបានចូលរៀននៅសាលាបឋមសិក្សាជាមួយកុមារជនជាតិបារាំងដទៃទៀតដែលមានអាយុពី៨ទៅ៩ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុងឆ្នាំ១៩៨៦ លោកបានប្រឡងជាប់បាក់ឌុបជាស្ថាពរ ដោយប្រើពេលតែ៧ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីចប់បាក់ឌុប លោកក៏បានសម្រេចចិត្តរៀនជំនាញវិទ្យាសាស្ត្រនយោបាយ ប៉ុន្តែ​ ដើម្បី​បាន​​ចូល​រៀន​នៅ​វិទ្យាស្ថាន​នយោបាយ ​(SciencesPo)​ លោក​ត្រូវ​រៀន​ត្រៀម​មួយ​ឆ្នាំសិន ទើប​អាច​​ប្រឡង​ចូល​សាលា​នោះ​បាន។​

ការងារដំបូងរបស់លោក​ តាន់​ ហ្សង់-ហ្រ្វង់ស័រ គឺធ្វើអ្នកសារព័ត៌មាន ទាំងដែលរូបលោកមិនមានបំណងចង់ធ្វើនោះទេ ព្រោះលោកចង់ធ្វើជាមន្ត្រី​​ក្រប​ខណ្ឌ​របស់​រដ្ឋាភិបាល​​បារាំង។ នៅឆ្នាំ​១៩៩២​ ​លោក​ តាន់​ ហ្សង់-ហ្រ្វង់ស័រ បាន​ជាប់​ការងារ​នៅ​វិទ្យុ​បារាំង​អន្តរ​ជាតិ​(RFI) ហើយ៤ឆ្នាំបន្ទាប់ ពោល គឺនៅក្នុងឆ្នាំ១៩៩៦ លោក​ត្រូវ​បាន​គណៈ​គ្រប់​គ្រង​​វិទ្យុ​​​បារាំង​អន្តរជាតិ(RFI) បញ្ជូន​មក​ប្រទេស​កម្ពុជា​​ឲ្យ​មក​បង្រៀន​​នៅវិទ្យាស្ថាន​CCI (Cambodia Communication Institute)​ ដែល​មាន​ទីតាំង​នៅក្នុង​ក្រសួង​ព័ត៌មាន។

ដោយឡែក នៅឆ្នាំ​២០០៤​​ លោក​​ត្រូវ​បាន​តែង​តាំង​ជា​នាយក​ការិយាល័យ​និពន្ធ​ជា​ភាសា​ខ្មែរ បន្ទាប់​ពី​ឆ្លង​កាត់​បទ​ពិសោធន៍​ធ្វើ​ការងារ​នៅ​វិទ្យុ​បារាំង​​រយៈពេល​ជាង ​១០​ឆ្នាំ។​ នៅ​ឆ្នាំ​២០០៧​ លោក​​ត្រូវបាន​តែង​តាំង ជា​នាយក​កិច្ច​ការ​អាស៊ី​ប្រចាំ​នៅ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​ដោយ​គ្រប់គ្រង​​ការិយាល័យ​និពន្ធ​៤​ភាសា មាន​ភាសា​ខ្មែរ​ ចិន​ វៀតណាម ​និងឡាវ។ ​​ក្នុងឆ្នាំ​២០១០​ លោក​ត្រូវ​បាន​តែង​តាំង​ជា​នាយក​គ្រប់​គ្រង​ការ​ផ្សាយ​ជា​ភាសា​បរទេស​ទាំង​មូល​​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិRFI មាន​ទាំង​អស់​ជាង​១០​ភាសា។

លុះនៅ​ឆ្នាំ២០១៣ វិទ្យុបារាំងអន្តរជាតិ​ ទទួល​បាន​ការ​អនុញ្ញាតពិសេស​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​ពង្រីក​ការ​ផ្សាយ​ជា​ខេមរភាសា​ពី១ម៉ោង​ទៅ១៣​ម៉ោង​តាម​រលកអាកាស FM នៅ​កម្ពុជា។ ដូច្នេះហើយ ​វិទ្យុបារាំងអន្តរជាតិ​ជា​ភាសាខ្មែរ​សម្រេច​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ។ គឺនៅពេលនោះហើយ លោក​ តាន់​ ហ្សង់-ហ្រ្វង់ស័រ  (Jean-Francois Tain)​ ត្រូវបានតែងតាំងជាអគ្គនាយកវិទ្យុបារាំងអន្តរជាតិ ហើយមកគ្រប់គ្រងការងារដោយផ្ទាល់នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងអំឡុងធ្វើជាអ្នកសារព័ត៌មាន លោក​ តាន់​ ហ្សង់-ហ្រ្វង់ស័រ  (Jean-Francois Tain)​ ធ្លាប់បានធ្វើសម្ភាសជាមួយអ្នកនយោបាយជាន់ខ្ពស់កម្ពុជាជាច្រើន ក្នុងនោះ ក៏មានដែរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាដើម។

ក្រៅពីជាអ្នកគ្រប់គ្រងការផ្សាយវិទ្យុបារាំងអន្តរជាតិជាខេមរភាសា លោក​ តាន់​ ហ្សង់-ហ្រ្វង់ស័រ  (Jean-Francois Tain)​ ក៏ជាអ្នកវិភាគភូមិសាស្ដ្រនយោបាយអន្តរជាតិដ៏ចំណានផងដែរ។ លោក​ តាន់​ ហ្សង់-ហ្រ្វង់ស័រ  (Jean-Francois Tain)​ បានសរសេរសៀវភៅសំខាន់ៗមួយចំនួនដូចជា ចម្បាំងត្រជាក់រវាងអាមេរិក និងចិន សៀវភៅ មហាយក្សចិន និងសៀវភៅ អាស៊ីប៉ាស៊ីហ្វិក​ជាដើម៕