អាជ្ញាធរទីក្រុងតៃប៉ិនៃកោះតៃវ៉ាន់ បាននិយាយថា ប្រទេសចិន បានប្រើយន្តហោះចម្បាំងចំនួន ២៨ គ្រឿង ហោះហើរជុំវិញកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ដោយភាគច្រើនបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់សម្រាប់បេសកកម្ម «រយៈចម្ងាយឆ្ងាយ» ដែលមិនបានបញ្ជាក់ច្បាស់លាស់។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះចំនួន ២០គ្រឿង ដែលបានរកឃើញតាំងពីព្រឹកថ្ងៃអាទិត្យ បានឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃផ្លូវទឹក ដែលបំបែកតៃវ៉ាន់ និងចិនដីគោក ហើយបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ភាគនិរតី និងនិរតីរបស់កោះនេះ។
ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនកំពុងធ្វើ «បេសកកម្មដូចជាសមយុទ្ធនិងការហ្វឹកហ្វឺនរយៈចម្ងាយឆ្ងាយ» ដោយបន្ថែមថាខ្លួនកំពុងតាមដានស្ថានការណ៍ជាមួយយន្តហោះល្បាត និងកប៉ាល់។
ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងជាទឹកដីរបស់ខ្លួនដើម្បីបង្រួបបង្រួមគ្នាឡើងវិញ។ រដ្ឋាភិបាលចិនដីគោកបានបង្កើនសម្ពាធផ្នែកយោធា និងការទូតនៅលើកោះតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលទំនាក់ទំនងរបស់ពួកគេប្រែជាតានតឹងកាន់តែខ្លាំង។ ទោះជាបែបណា តៃវ៉ាន់ដែលគ្រប់គ្រងមនុស្សប្រមាណ២៣លាននាក់បានបដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន។
កាលពីសប្តាហ៍មុន ទីក្រុងតៃប៉ិបានរាយការណ៍ពីការកើនឡើងនៃការលុកលុយដោយយន្តហោះចម្បាំង និងកប៉ាល់របស់ចិន បន្ទាប់ពីទីក្រុងប៉េកាំងបាននិយាយថា កងទ័ពរបស់ខ្លួនកំពុងស្ថិតក្នុង «ការប្រុងប្រយ័ត្នខ្ពស់» បន្ទាប់ពីនាវា២គ្រឿងដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងកាណាដាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងខែកញ្ញា។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះចិនចំនួន ៦៨គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន១០ ត្រូវបានគេរកឃើញនៅជុំវិញកោះរវាងព្រឹកថ្ងៃពុធ និងព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះ និងនាវាចម្បាំងទាំងនោះមួយចំនួនកំពុងធ្វើដំណើរទៅកាន់តំបន់ ដែលមិនបានបញ្ជាក់នៃប៉ាស៊ីហ្វិកខាងលិច ដើម្បី «ធ្វើការហ្វឹកហាត់រួមគ្នាលើសមុទ្រ និងផ្លូវអាកាស» ជាមួយនាវាផ្ទុកយន្តហោះ Shandong របស់ប្រទេសចិន។
អាជ្ញាធរចិនកាលពីចុងខែសីហាកន្លងទៅនេះទើបបានបញ្ចេញផែនទីថ្មីមួយដែលបង្ហាញពីការក្រសោបយកសមុទ្រចិនខាងត្បូងដែលនាំឱ្យប្រទេសអាស៊ានយ៉ាងហោច៥បានតវ៉ានិងចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការចេញផែនទីនោះ ហើយ តៃវ៉ាន់ក៏បានជំទាស់ចំពោះផែនទីនោះដែរ៕