(ភ្នំពេញ)៖ តាកែវជាខេត្តមួយដែលមានសក្ដានុពលក្នុងការទាក់ទាញការវិនិយោគលើរោងចក្រឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់និងស្បែកជើង ដោយបច្ចុប្បន្ននេះ មានរោងចក្រសហគ្រាសជាច្រើនបានបោះទីតាំងនៅក្នុងទឹកដីខេត្តតាកែវ ជាពិសេសក្នុងស្រុកបាទី ដោយក្នុងមួយឆ្នាំ ខេត្តនេះទទួលបានចំណូលជាង២០០លានដុល្លារអាមេរិកសម្រាប់ផ្ដល់ជូនកម្មករកម្មការិនី រោងចក្រដែលបំពេញការងារ ។
បើតាមលោកអ៊ូច ភា អភិបាលខេត្តតាកែវបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ខេត្តតាកែវមានកម្មករ កម្មការិនីសរុបជិត៧ម៉ឺននាក់ហើយ ដោយក្នុងមួយចំនួនពួកគេអាចរកចំណូលបានសរុបជាង២០០ លានដុល្លារអាមេរិក សម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសាររបស់ពួកគេ ។
លោកបន្តថា បច្ចុប្បន្ននេះ ទាំងរដ្ឋាភិបាល និងគណៈគ្រប់គ្រងខេត្តបានបន្តទាក់ទាញវិនិយោគិនក្នុងវិស័យឧស្សាហកម្មរោងចក្រ មកបណ្ដាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តតាកែវបន្តទៀត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានការងារធ្វើ មានប្រាក់ចំណូលដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅប្រទេសក្រៅ ឬទៅរាជធានីភ្នំពេញដែលនាំឱ្យមានការចំណាយច្រើននោះទេ ។
បើតាមសម្ដេចធិបតី នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតឱ្យដឹងថាខេត្តតាកែវជាខេត្តជាប់ចំណាត់ថ្នាក់ទី៤នៅក្នុងប្រទេសកម្ពុជាដែលមានរោងចក្រឧស្សាហកម្មច្រើនជាងគេ បន្ទាប់ពីភ្នំពេញ កណ្ដាល និងកំពង់ស្ពឺ ៕