ភ្នំពេញ៖ ឯកអគ្គរាជរដ្ឋរាជទូតជប៉ុន បានលើកឡើងថា ផលិតផលកសិកម្មកម្ពុជាក៏មិនខុសពីផលិតផលកសិកម្មរបស់បណ្តាប្រទេសអាស៊ានផងដែរ ក្នុងការនាំចូលទៅប្រទេសជប៉ុន។ ប៉ុន្តែបញ្ហាដែលចោទ គឺបញ្ហាដឹកជញ្ជូន ឬនិមិត្តសញ្ញាស្លាក ពាណិជ្ជនាមរបស់កម្ពុជា។
លោកទូត បានមានប្រសាសន៍ថា «នៅពេលខ្ញុំមកដល់កម្ពុជាដំបូង គឺខ្ញុំញ៉ាំស្វាយរបស់កម្ពុជា គឺឆ្ងាញ់ហើយថោកទៀត បើធៀបនឹងតម្លៃនៅជប៉ុន ប៉ុន្តែបើយើងចង់នាំស្វាយនេះទៅជប៉ុនវិញ គឺថ្លៃដឹកជញ្ជូនចំណាយច្រើនទម្រាំដល់ជប៉ុន»។
ការថ្លែងយ៉ាងដូច្នេះរបស់លោក អូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «ទំនាក់ទំនងកម្ពុជា-ជប៉ុន» នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា។
ទំនិញកសិផលរបស់កម្ពុជាបាននាំចូលទៅកាន់ទីផ្សារប្រទេសជប៉ុនមានភាពតិចតួចដោយសារត្រូវការចំណាយច្រើនក្នុងការដឹកជញ្ជូនទៅ ប៉ុន្តែជប៉ុននៅតែបង្ហាញជំហរចង់ឲ្យមានការនាំទៅច្រើន។ នេះជារបញ្ជាក់របស់ឯកអគ្គរាជទូតជប៉ុន។
ឯកអគ្គរាជរដ្ឋរាជទូតរូបនេះ ក៏បានលើកឡើងថា ការជួយវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាត្រូវការជជែកគ្នា ស្ថិតក្រោមជំនួយផ្លូវការជប៉ុនODA ហើយត្រូវញែកដាច់ពីគ្នាពីគម្រោងវិនិយោគផ្នែកឯកជន។
លោកថា ODA បានគាំទ្រអភិវឌ្ឍន៍ផ្នែកបរិស្ថាន និងកសិកម្មតាមរយៈការកសាងប្រព័ន្ធធារាសាស្ត្រដឹកជញ្ជូន ដែលយើងហៅថា ជំនាញការកសិកម្ម។ ទាក់ទិននឹងវិស័យឯកជនវិញលោកទូតជប៉ុនបានឲ្យដឹងថា ក្រុមហ៊ុនឯកជនជប៉ុនបានធ្វើការវិនិយោគមួយចំនួននៅកម្ពុជា តាមរយៈការការផលិតផលម្រេចនាំចេញទៅជប៉ុន ឬផលិតផលស្វាយចន្ទី ។
លោក អូអិណុ អាត់ស៊ូស៊ី បានគូសបញ្ជាក់ថា យើងនៅតែបន្តការគាំទ្រនូវការនាំចូលទៅកាន់ជប៉ុនតាមរយៈការចាំបាច់ទាំងផ្នែករដ្ឋ និងផ្នែកឯកជន ។ នៅពេលបច្ចុប្បន្ននេះ យើងមិនទាន់មានការរឹតបន្ដឹងការនាំចូលផលិតកសិកម្មកម្ពុជា ទៅជប៉ុននោះទេ។ លោកថាច្បាស់ហើយការនាំចូលទៅជប៉ុន គឺផ្អែកលើអត្រាកំណត់ពន្ធ ឬមុខទំនិញ ឬដូចអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងភាពជាដៃគូរគ្រប់ជ្រុងជ្រោយ។
លោកទូតជប៉ុន ក៏បានលើកឡើងថា ចំពោះការដឹកជញ្ជូនកសិផលកម្ពុជាទៅជប៉ុនតាមផ្លូវទឹក គឺមានភាពពិបាកព្រោះថា កំពង់ផែននៅកម្ពុជាមានទឹករាក់ដោយមិនអាចចេញចូលកប៉ាល់ធំៗបាននោះទេ ដូច្នេះត្រូវចំណាយពេលច្រើន និងចំណាយលុយច្រើនទម្រាំនាំចេញទៅដល់ប្រទេសជប៉ុន។
ជាមួយគ្នានោះដែរ ឯកអគ្គរាជទូតជប៉ុន បានឲ្យដឹងថា បើសិនមានការអភិវឌ្ឍផ្សារភ្ជាប់ផ្លូវដឹកជញ្ជូនមានភាពងាយស្រួលតាមរយៈការស្ការកំពង់ផែព្រះសីហនុឲ្យមានទឹកជ្រៅធ្វើកប៉ាល់ធំៗចូលបាននោះកសិផលកម្ពុជានឹងដឹកទៅដល់ជប៉ុនបានស្រួល។ ទន្ទឹមនឹងនេះដែរ លោកទូតក៏បានរំលេចពីបញ្ហាផ្លាកនិមិត្តសភា ឬពាណិជ្ជកម្មកសិកម្មកម្ពុជាជប៉ុនមិនទាន់ស្គាល់អស់នោះទេ គឺស្គាល់តែម្រេចតែប៉ុណ្ណោះ ដូច្នេះត្រូវតែគិតគូរពីករណីនេះផងដែរ។
លោកទូត បានអះអាងថា ជប៉ុននៅតែបន្តរួមចំណែកលើកកម្ពស់ការនាំចេញកសិផលកម្ពុជាទៅជប៉ុន និងទៅបណ្តាប្រទេសផ្សេងទៀត។
ក្នុងគ្រានោះដែរ លោក អូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រចាំកម្ពុជា បានឲ្យដឹងថា ទំហំសេដ្ឋកិច្ចរវាងកម្ពុជា-ជប៉ុនមានចំនួន១,៦ពាន់លានយេន គិតតាំងពីឆ្នាំ១៩៨១ ឥឡូវនេះ កើនឡើងដល់ជាង២០០ដងគិតត្រឹមឆ្នាំ២០២២។
ឯកអគ្គរាជទូត បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនជប៉ុន សមាគមជប៉ុន មានការកើនឡើងខ្ពស់ហើយក្រុមហ៊ុនជប៉ុនបានចូលរួមក្នុងការសេដ្ឋកិច្ចកម្ពុជា។ ក្រុមហ៊ុនជប៉ុនបានដាក់ចេញនូវគម្រោងវិនិយោគធំៗជាច្រើនផងដែរ រួមមានការបើកដំណើរការផ្សារទំនើបអ៊ីអន រោងចក្រដំឡើងរថយន្តជាដើម៕