នៅក្នុងសេចក្ដីបំភ្លឺរបស់ពន្ធដារនៅថ្ងៃទី២៧ កញ្ញា ២០២៣ ឱ្យដឹងថា ទន្ទឹមនឹងការប្រមូលចំណូល ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ធានាតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព រាជរដ្ឋាភិបាលក៏បានគិតគូរខ្ពស់ពីការសម្រួលបរិយាកាសវិនិយោគ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការលើកទឹកចិត្តជាច្រើនជាបន្តបន្ទាប់ និងស្ទើរគ្រប់វិស័យ ។ ក្នុងនោះការដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកសារពើពន្ធ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋទូទៅ ជាអាទិ៍មាន ៖
១. ការលុបចោលរបបពន្ធម៉ៅការ និងអាករលើផលរបរ ដើម្បីបញ្ចប់នូវបញ្ហាស្មុគស្មាញ របស់ប្រជាពលរដ្ឋដែលប្រកបអាជីវកម្មតូចតាចគ្រាន់តែដើម្បីចិញ្ចឹមជីវិត និងជាការលុបបំបា់ត់កន្លែងលាក់ខ្លួនរបស់អ្នកជាប់ពន្ធដែលត្រូវបញ្ចូលក្នុងរបបស្វ័យប្រកាស ។
២. កំណត់បន្ថែមការផ្គត់ផ្គង់មួយចំនួនជាការផ្គត់ផ្គង់មិនជាប់អាករលើតម្លៃបន្ថែម រួមមាន សេវាសិក្សាអប់រំ ថាមពលអគ្គិសនី និងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ ផលិតផលកសិកម្មមិនទាន់កែច្នៃនិងសេវាប្រមូលសំរាម យន្តការនេះមានគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។
៣. ការសម្រួលកម្រិតប្រាក់ពន្ធប៉ាតង់ ដែលត្រូវបង់ពន្ធដើម្បីជាការលើកទឹកចិត្តសហគ្រាសតូចៗក្នុងការប្រកបអាជីវកម្ម ។
៣. ការលុបចោលពន្ធសត្តឃាត ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយលើសាច់សត្វដែលជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិត ក៏ដូចជាជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត ។
៤.ដាក់ចេញនូវវិធានការគណនេយ្យសាមញ្ញ ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធតូចក្នុងកិច្ចប្រតិបត្តិការអាជីវកម្មតូចៗឬអាជីវកម្មដែលមានលក្ខណៈគ្រួសារ ។
៥.ការកាត់បន្ថយជាច្រើនលើកនូវមូលដ្ឋានពន្ធលើប្រាក់បៀរវត្សរ៍ តាមរយៈការដំឡើងជាបន្តបន្ទាប់នូវកម្រិតអប្បរមានៃប្រាក់បៀវត្សរ៍ ត្រូវជាប់ពន្ធ និងភាគនៃប្រាក់ចំណូលដែលត្រូវជាប់ពន្ធ លើប្រាក់ចំណូល ដើម្បីធានាថាមន្ត្រីរាជការសាធារណៈ និងកម្មករ និយោជិត ដេលត្រូវទទួលបានប្រាក់បៀវត្សរ៍ ឬប្រាក់ឈ្នួលអប្បរមាមិនត្រូវជាប់ពន្ធលើប្រាក់បៀវត្សរ៍ឡើយ ។
៦.លុបការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនចំពោះយានយន្តមួយចំនួនដូចជាទោចក្រយានយន្ត ត្រីចក្រយានយន្ត ជលយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលមួយចំនួន ដើម្បីសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ។
៧. ការអនុគ្រោះពន្ធ ប្រថាប់ត្រាចំពោះការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ
៨.ការលុបចោលពន្ធប្រថាប់ត្រាលើលិខិតគតិយុត្តស្តីពីការបង្កើតក្រុមហ៊ុន
៩. ការកែសម្រួលពន្ធតែមប្រិ៍ ដោយលើកឡែងការអនុវត្តចំពោះលិខិតគតិយុត្តមួយចំនួន ។
១០ ការកែសម្រួលអត្រាប្រាក់ប្រចាំខែចំពោះពិន័យពីការកំណត់ពន្ធឡើងវិញ និងការបង់ពន្ធយឺតយ៉ាវនៃប្រាក់ពន្ធដែលបង់ខ្វះ ដើម្បីសម្រួលអត្រាការប្រាក់តាមស្ថានភាពទីផ្សារជាក់ស្ដែង បន្ធូរបន្ថយបន្ទុករបស់វិស័យឯកជន និងសម្រួលកិច្ចពាណិជ្ជកម្ម ។
ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារជាច្រើនទៀតតាមវិស័យសំខាន់ៗ។