រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ បាននិយាយថា ប្រទេសកាណាដា បានដកមន្ត្រីការទូតរបស់ខ្លួនចំនួន ៤១ នាក់ចេញពីប្រទេសឥណ្ឌា ក្រោយកម្តៅការទូតនៃប្រទេសទាំង២ មិនថមថយ ជុំវិញបញ្ហានៃការសម្លាប់មេដឹកនាំផ្តាច់ខ្លួនជនជាតិស៊ីក (Sikh)។
ម្តងហើយម្តងទៀត ប្រទេសឥណ្ឌាបានច្រានចោលការសង្ស័យរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងនិយាយថា វាមិនទំនងទាល់តែសោះដែលថាភ្នាក់ងាររបស់ខ្លួនមានទំនាក់ទំនងទៅនឹងឃាតកម្មលើលោក Hardeep Singh Nijjar។
ញូវដែលី កាលពីខែមុនបានស្នើឱ្យទីក្រុងអូតាវ៉ា កាត់បន្ថយវត្តមានមន្ត្រីការទូតរបស់ខ្លួនភ្លាមៗ បន្ទាប់ពី លោក Trudeau បានលើកឡើងថា មន្ត្រីរបស់ខ្លួនមានភ័ស្តុតាងដែលអាចជឿទុកចិត្តបាន ដែលថាភ្នាក់ងាររបស់ប្រទេសឥណ្ឌា នៅពីក្រោយអំពើឃាតកម្មកាលពីខែមិថុនា ទៅលើលោក Nijjar អាយុ ៤៥ ឆ្នាំ នៅខាងក្រៅប្រាសាទស៊ីក ក្នុងរដ្ឋ British Columbia។
លោកស្រី Joly និយាយថា ប្រទេសឥណ្ឌាបានគំរាមកំហែង និងលែងទទួលស្គាល់ អ្នកការទូតកាណាដា លុះត្រាតែពួកគេចាកចេញពីប្រទេសខ្លួន។ លោកស្រី Joly បន្ថែមថាទង្វើនេះមិនសមហេតុផល និងមិនធ្លាប់មានពីមុនមក ហើយឥណ្ឌាបានបំពានលើអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត។ ក្រោយការចាកចេញរបស់មន្ត្រីការទូត ៤១ នាក់ បច្ចុប្បន្ននេះស្ថានទូតកាណាដាប្រចាំប្រទេសឥណ្ឌានៅមន្រ្តីការទូតចំនួន ២១ នាក់។
គួរជម្រាបថា កន្លងមកសម្រាប់រដ្ឋាភិបាលឥណ្ឌា តែងចាត់ទុកថារាល់សកម្មភាព របស់អង្គការអ្នកកាន់សាសនាស៊ីកពិភពលោកនៅកាណាដា គឺជាការបះបោរបំបែកទឹកដី ឱ្យក្រុមរបស់ខ្លួននៅរដ្ឋពុនចាបរបស់ឥណ្ឌា ផ្តាច់ខ្លួនបង្កើតរដ្ឋឯករាជ្យឈ្មោះ Khalistan។
កាណាដា និងឥណ្ឌា ចាប់ផ្តើមមានទំនាស់នឹងគ្នាប៉ុន្មានខែមក ហើយការចាកចេញរបស់មន្ត្រីស្ថានទូតកាណាដានៅឥណ្ឌា ក៏ត្រូវបានរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍កាណាដាលោក Marc Miller បញ្ជាក់ដែរថា ជាការកាត់បន្ថយចំនួនបុគ្គលិកផ្នែកអន្តោប្រវេសន៍៕