ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា នាអំឡុងពេលគ្រោះទឹកជំនន់រហូតមកដល់ពេលនេះបានបង្កការខូចខាតស្រូវជាង ២ ម៉ឺនហិកតានៅទូទាំងប្រទេស។
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ។ ទិវានេះមានការចូលរួមពីតំណាងក្រសួង ថ្នាក់ដឹកនាំរាជធានី-ខេត្ត នគរបាលជាតិ កងរាជអាវុធហត្ថ កងទ័ព និងស្ថាប័នអង្គការដៃគូជាច្រើនទៀត។
ឯកឧត្តមមានប្រសាសន៍ថា គ្រោះមហន្តរាយនៅកម្ពុជា ទោះបីមិនមានភាពធ្ងន់ធ្ងរដូចប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី និងពិភពលោក ដូចជាគ្រោះ រញ្ជួយដី រលកយក្សស៊ូណាមិ ព្យុះសង្ឃរា ភ្លើងឆេះព្រៃជាដើម។ប៉ុន្ដែជារៀងរាល់ឆ្នាំកម្ពុជាតែងតែកើតមានជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ រន្ទះបាញ់ ជំងឺរាតត្បាត ការកើនឡើងកម្ដៅរាំងស្ងួតលើវិស័យកសិកម្ម បាក់ច្រាំងទន្លេ និងការផ្ទះឡើងនូវព្រឹត្តិការណ៍មិនធម្មតានៃជំងឺកូវីដ-១៩ អគ្គិភ័យគ្រោះថ្នាក់ ផ្លូវគោក ផ្លូវទឹក វិស័យសំណង់បានធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាព និងសុវត្ថិភាព របស់ប្រជាជន សហគមន៍ និងប្រទេសផងដែរ។
ជាក់ស្តែង ទាក់ទងនឹងបញ្ហាទឹកជំនន់ឆ្នាំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា គិតត្រឹមរយៈពេលប៉ុន្មានថ្ងៃក្នុងតុលា ឆ្នាំ២០២៣នេះ ទឹកជំនន់បានប៉ះពាល់តាមបណ្តាខេត្ត និងធ្វើឱ្យខូចខាតដំណាំស្រូវជាង២ម៉ឺនហិកតាក្នុងនោះខេត្តបាត់ដំបង ត្រូវធ្វើការស្តារឡើងវិញច្រើនជាងគេ។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ដើម្បីកាត់បន្ថយការបាត់បង់អាយុជីវិត និងការខូចខាត ទ្រព្យសម្បត្តិ រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានខិតខំប្រឹងប្រែងប្រយុទ្ធទប់ទល់នឹងគ្រោះមហន្តរាយ តាមរយៈសកម្មភាពត្រៀមបង្ការ ការកាត់បន្ថយគ្រោះថ្នាក់ ការត្រៀមរៀបចំ ការឆ្លើយតប សង្គ្រោះបន្ទាន់ និងការស្តារឡើងវិញប្រកបដោយឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តខ្ពស់ដោយពុំទុកប្រជាជនណាម្នាក់ចោលឡើយ៕