Alynana Media Cambodia
Icon Collap
clinic narit

ប្រទេស​ជា​ច្រើន​​ខ្វែង​គំនិត​គ្នា​​លើ​ថវិកា​សម្រាប់​ការ​បាត់បង់​និង​ខូច​ខាត​​ កំពុង​ស្ថិត​ក្នុង​ភាព​ជាប់គាំង

Admin Alynana | Oct 26, 2023
ប្រទេស​ជា​ច្រើន​​ខ្វែង​គំនិត​គ្នា​​លើ​ថវិកា​សម្រាប់​ការ​បាត់បង់​និង​ខូច​ខាត​​ កំពុង​ស្ថិត​ក្នុង​ភាព​ជាប់គាំង
Clinic narith

ក្រុម​ប្រទេស​ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​ភាព​ជាប់គាំង ជុំវិញ​នីតិវិធីរៀបចំ​ថវិកា​ក្នុង​ការជួយប្រទេស​មួយ​ចំនួនដើម្បី​ងើប​ឡើង​វិញ​និង​កសាងការ​ខូចខាត​ដែល​បណ្តាល​មក​ពី​បញ្ហា​អាកាសធាតុ ដែល​ការណ៍​នេះ​ គឺ​នៅ​សល់តែ​ប្រមាណ​ជាង៣០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ មុន​ពេល​កិច្ចប្រជុំចរចា​ស្តី​ពី​បញ្ហា​អាកាស​ធាតុ​របស់​អង្គការ​សហប្រជាជាតិដ៏​សំខាន់​មួយ​ នឹង​ត្រូវចាប់ផ្តើម​ធ្វើឡើង​ក្នុងទីក្រុង​ឌូបៃ​ ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម​។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។ ​

​ប្រទេស​ចំនួន​២៤​ដែល​ពាក់ព័ន្ធ​នឹងគណៈកម្មាធិការ​មួយ ដែល​ត្រូវ​បានផ្តល់​ភារកិច្ចសម្រាប់​ចាត់ចែង​ថវិកាស្តី​ពី​ការ​ខូច​ខាត​និង​បាត់បង់​ (loss and damage) ​បាន​បញ្ចប់​កិច្ចប្រជុំ​ចុងក្រោយ​របស់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍កន្លង​ទៅ​ ក្នុង​ទីក្រុង​Aswan​ ប្រទេស​អេហ្ស៊ីប ដោយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​និងប្រទេសអភិវឌ្ឍន៍​នៅ​មិន​ទាន់​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​ ទៅ​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ដូច​ជា​ថា​តើស្ថាប័ន​ណាជា​អ្នក​គ្រប់គ្រង​ថវិកា​នេះ​ ហើយអ្នកណា​ជា​អ្នក​បង់ប្រាក់​ ​និង​ប្រទេស​ណាអាច​ទទួល​បាន​ប្រាក់​នោះ​ជា​ដើម។​

គណៈកម្មាធិកា​នេះ​ត្រូវ​បាន​រំពឹង​ថានឹងព្រាង​បញ្ជីអនុសាសន៍​មួយ​ ដើម្បី​អនុវត្ត​លើ​ថវិកា ដែល​ត្រូវ​បាន​យល់ព្រម​នៅ​ក្នុង​ការ​ទម្លាយ​ភាព​ទាល់​ច្រកកាល​ពី​ឆ្នាំ​ទៅ​ នៅ​ក្នុង​កិច្ចប្រជុំកំពូលស្តី​ពី​បញ្ហា​អាកាសធាតុ​របស់​អង្គកា​សហប្រជាជាតិឬ COP27 ​នៅ​ក្នុង​ទីក្រុង​ Sharm el-Sheikh ​ប្រទេស​អេហ្ស៊ីប ហើយ​ដែលជា​ថវិកា​ទី១​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ត្រូវ​បានបង្កើត​ឡើង​ដើម្បី​ដោះសា្រយ​ ការ​ខូចខាតបណ្តាល​មក​ពី​បញ្ហា​អាកាសធាតុ​ដែល​មិន​អាច​ជួសជុល​បាន​ ដូច​ជា​គ្រោះរាំង​ស្ងួត​ ទឹក​ជំនន់​ និង​កម្ពស់​ទឹក​សមុទ្រ​ឡើង​ខ្ពស់​ជាដើម។​ ​

ផ្ទុយ​ទៅ​វិញក្រុម​នេះ​បាន​យល់ស្រប​ឱ្យ​មាន​ជំនួប​ប្រជុំ​មួយ​សារ​ទៀត​ ​នៅ​ក្នុង​រដ្ឋធានី​អាប៊ុយដាប៊ី​ ​ប្រទេស​អេមេរ៉ាត់​អារ៉ាប់​រួម​ នៅ​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ នៅ​មុនសន្និសីទ​កំពូល​អាកាសធាតុ​អង្គការ​សហប្រជាជាតិ​ឬ​ COP28 ដែល​នឹង​ចាប់​ផ្តើមធ្វើឡើង​នៅ​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកាខាង​មុខ​ ដើម្បីព្យាយាម​ផ្សះផ្សារលើ​ការ​មិន​ចុះ​សម្រុងគ្នា​ ដែល​ជា​ការ​ដាក់​ចេញ​នូវ​ការ​សម្របសម្រួល​មួយ ​សម្រាប់ជំនួប​ចរចាស្តី​បញ្ហា​អាកាស​ធាតុ​ ដែល​មាន​រយៈពេល២​សប្តាហ៍។​

លោក​ស្រី​ ​Preety Bhandari ទី​ប្រឹក្សា​ជាន់​ខ្ពស់ផ្នែក​ហិរញ្ញវត្ថុ​ នៃវិទ្យាស្ថានប្រភព​ធនធាន​ពិភពលោក​ និយាយ​ដូច​នេះ​ថា​៖ «កិច្ចចរចា​COP28​ទាំង​មូល ​អាចមិន​ទទួល​បាន​ជោគជ័យ​ ប្រសិន​បើអាទិភាព​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍​ ស្តី​ពី​ការផ្តល់​ថវិកា​ដល់​ការបាត់បង់និង​ការ​ខូច​ខាត ​មិន​ត្រូវ​បាន​គេ​លើក​យក​មក​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ»។​ ​

ក្នុង​ចំណោម​បញ្ហាខ្វែង​គំនិត​គ្នា​ខ្លាំង​បំផុត​កាល​ពី​សប្តាហ៍កន្លង​ទៅ​នេះ​ គឺ​ថា​តើ​ធនាគារ​ពិភពលោក គួរ​តែជា​អ្នក​ចាត់ចែង​រៀប​ចំ​ថវិកា​នោះ​ ដែល​ជា​តួនាទី​មួយ​ដែល​អាមេរិក​និង​ប្រទេស​អភិវឌ្ឍន៍ដទៃ​ទៀតបាន​ជំរុញ​ឱ្យកើត​មាន​ ឬ​មួយ​ក៏​អង្គការ​សហប្រជាជាតិ​ត្រូវ​បង្កើត​ស្ថាប័ន​មួយ​ផ្សេង​ទៀត​ ដើម្បី​ចាត់ចែង​ដំណើរការ​ថវិកា​នេះ​ ដូច​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត​ចង់​បាន ឬយ៉ាង​ណា​នោះ។​

​ការ​ទុកថវិកា​នៅ​ក្នុង​ធនាគារ​ពិភពលោក​ ដែល​ប្រធាន​របស់​ធនាគារ​នេះត្រូវតែង​តាំង​ដោយ​សហរដ្ឋ​អាមេរិក​នោះ​ ​នឹង​ផ្តល់​ដល់​ប្រទេសម្ចាស់​ជំនួយមាន​ឥទ្ធិពល​ដ៏​ធំមួយ​ ក្នុងការ​ចាត់ចែង​ថវិកា​ ​ទាំង​នេះ​ ក៏​ដូច​ជា​ធ្វើ​ឱ្យ​មាន​កម្រៃ​ខ្ពស់​សម្រាប់​ប្រទេស​ទទួល​បាន​ថវិកា​ទាំងនេះ។​ នេះ​បើ​តាម​ការ​លើក​ឡើង​ផ្តល់ហេតុផល​របស់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍។​

​ឯកអគ្គរដ្ឋទូត​ប្រទេស​គុយបាប្រចាំ​អង្គការ​សហប្រជាជាតិ​ ​លោក​ Pedro Pedroso Cuesta ដែល​ជា​ប្រធាន​នៃ​ក្រុម​ប្រទេសកំពុង​អភិវឌ្ឍន៍ G77 ថ្លែង​ដូច​នេះថា៖​ «នៅ​ក្នុង​វប្បធម៌​ប្រតិបត្តិការ​របស់​ខ្លួន​ ​វិធី​ដែលធនាគារ​ពិភព​លោក​បាន​និង​កំពុង​ជួយ​ដល់​ប្រទេស​ជា​ច្រើន នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ប្រទេស​ទាំង​នេះ​ ខ្ញុំ​គិត​ថា​មិន​សម​ទំនងទៅ​នឹង​គោលបំណង ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​យើង​កំពុង​សំឡឹង​ទៅ​រកមើល លើការសម្រួល​ដល់ការងារ​អាកាសធាតុ​ថ្មី​នេះ​ឡើយ»។ ​

លោក​ថ្លែង​បន្ត​ដូច​នេះ​ទៀត​ថា​ ការ​បង្កើត​ឱ្យ​មាន​ស្ថាប័ន​ឯករាជ្យ​ថ្មី​មួយ​ ​ដើម្បី​គ្រប់គ្រងថវិកា​នេះគឺ​ជា​ចំនុច​ស្នូលដ៏​សំខាន់​មួយ។​ ​ជា​ការ​ឆ្លើយ​តប​ទៅ​លើការរិះគន់ទាំង​នេះ​ ​អ្នកនាំពាក្យ​មួយ​រូប​របស់​ធនាគារ​ពិភពលោក​ ​បាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters​ ថា​៖ «​យើង​គាំទ្រ​ដំណើរ​ការ​នេះ​ និង​តាំងចិត្តដើម្បី​ធ្វើ​ការ​ជា​មួយប្រទេស​នានា​ នៅ​ពេល​ដែល​ពួក​គេ​បាន​ឯកភាព​គ្នា​ ទៅ​លើថា​តើ ​ត្រូវ​រៀបចំ​យ៉ាង​ដូចម្តេច​លើថវិកា​នៃ​កម្មវិធី​សម្រាប់​ការ​ខូចខាត​និង​បាត់​បង់​នេះ»។​

សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ និង​ប្រទេសដទៃ​មួយ​ចំនួន​ទៀត​ ចង់​ឱ្យ​មាន​ថវិកាចំគោលដៅច្រើន​ជាង​នេះ​បន្ថែម​ទៀត​។​ សហភាព​អឺរ៉ុប​ចង់​ឱ្យ​មានថវិកាមួយ ផ្តោត​លើក្រុម​ប្រទេស​ដែល​ងាយ​រង​គ្រោះ​ខ្លាំង​បំផុត​ ​ខណៈពេល​ដែល​អាមេរិកនិយាយ​ថា​ ​ថវិកា​នេះ​គួរ​ផ្តោត​ទៅលើវិស័យ​មួយ​ចំនួន​ ដូច​ជា​ផល​ប៉ះពាល់​លើ​បញ្ហា​អាកាស​ធាតុ​ដែល​មាន​លក្ខណៈញឹកញាប់​ ដូច​ជា​កំណើន​កម្រិត​ទឹក​សមុទ្រ​ជា​ដើម។​ ​

ប្រទេស​ជា​ច្រើន​ក៏​នៅ​មាន​ការ​ខ្វែង​គំនិតគ្នាផង​ដែរ ជុំវិញ​ថាប្រទេស​ណា​ជា​អ្នក​បង់លុយ។​ ​លោក​ Brandon Wu ​នាយក​គោលនយោបាយ​និង​យុទ្ធនាការ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ActionAid របស់​អាមេរិក បានអំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ ឱ្យដក​ការ​ទាមទារ​របស់​ខ្លួន​ដែល​ចង់​ឱ្យ​ធនាគារ​ពិភព​លោកជា​អ្នក​រក្សា​ទុក​ថវិកានេះ​។ ​

អ្នក​ចរចា​សហរដ្ឋ​អាមេរិក​ អ្នក​ស្រី​ Christina Chan ទី​ប្រឹក្សា​ជាន់ខ្ពស់​នៃបេសកជនពិសេស​សម្រាប់​កិច្ចការអាកាសធាតុ​អាមេរិក​ ​លោក​ ​John Kerry​ បានបដិសេធ​ការរិះគន់ ដែល​ថា​អាមេរិកបង្កើត​ឱ្យ​មានឧបសគ្គក្នុង​ការ​ចម្រើន​ទៅ​មុខ​នៃ​ថវិកា​លើ​កម្មវិធី​បាត់បង់​និង​ខូច​ខាត​នេះ។

អ្នក​ស្រី​បាននិយាយ​ដូច​នេះថា៖ «យើង​បាន​ធ្វើ​ការ​ដោយ​សេចក្តី​ព្យាយាម នៅ​គ្រប់​ចំណុច​ទាំង​អស់​ ដើម្បី​ដោះស្រាយការព្រួយបារម្ភ​ ដោះស្រាយ​បញ្ហានានា​ ក្នុង​ការស្វែង​រក​ចំណុច​ដែលអាច​សម្រេច​បាន»៕