ភ្នំពេញៈ ភ្ញៀវទេសចរបរទេសជាង ៦០ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ២០២៤ ដែលជួយឱ្យគ្រឹះស្ថានអង្គររកចំណូលពីការលក់សំបុត្របានប្រមាណជិត ២៨ លានដុល្លារ កើនជាង ៣០០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ នេះបើយោងតាមគ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលបង្កើតឡើង កាលពីឆ្នាំ ២០១៦ ដោយស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន នៅរមណីយដ្ឋានអង្គរ, ប្រាសាទកោះកេរ, និងសំបុត្រទូកនៅក្នុងកំពង់ផែចុងឃ្នៀស។ សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃមានតម្លៃ ៣៧ ដុល្លារ, រយៈពេល ៣ ថ្ងៃតម្លៃ ៦២ ដុល្លារ និង ៧ ថ្ងៃ តម្លៃ ៧២ ដុល្លារ។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៣ មានភ្ញៀវបរទេស ៦០២ ៥៧០ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយចំណូលបានពីការលក់សំបុត្រ ២៧,៨៨ លានដុល្លារ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺចំនួនភ្ញៀវទិញសំបុត្រ កើនឡើង ២៥៥,៨២ ភាគរយ និងចំនួនប្រាក់កើនឡើង ៣១២,៣៥ ភាគរយ។
ក្រៅពីចំណូលខាងលើគ្រឹះស្ថានអង្គរ ក៏ទទួលបានចំណូល ៥៩០ ៩៤៨ ដុល្លារផងដែរ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាប្រាសាទកោះកេរ និងសំបុត្រទូកនៅចុងឃ្នៀស។
អនុប្រធានសមាគមមគ្គុទេ្ទសក៍ទេសចរណ៍ភាសាចិនកម្ពុជាលោក គង់ សម្បត្តិ បានប្រាប់សារព័ត៌មានក្នុងស្រុកថា បើទោះបីការរីករាលដាលកូវីដ ១៩ ពេលនេះលែងជាក្តីបារម្ភសម្រាប់មនុស្សទូទៅ ក៏ចំនួនភ្ញៀវបរទេសដែលធ្វើដំណើរមកទស្សនាប្រាសាទនានាក្នុងខេត្តសៀមរាបនៅមានចំនួនតិចនៅឡើយបើធៀបនឹងមុនឆ្នាំ ២០២០។
លោកបន្តថា សម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំ ២០២៣ និងពេលបន្ទាប់គឺចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជា ពិសេសខេត្តសៀមរាបរំពឹងនឹងកើនឡើងកាន់តែច្រើន ខណៈការបើកដំណើរការព្រលានយន្តហោះសៀមរាបអង្គរថ្មី និងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសជាច្រើន រួមទាំងប្រទេសចិន នឹងជួយទាក់ទាញទេសចរ និងវិនិយោគិនចម្រុះសាសន៍ឱ្យមកទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាបកាន់តែច្រើន។
លោកប្រាប់ថា៖ «ក្នុងនាមជាមគ្គុទេ្ទសក៍ទេសចរណ៍ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា ពិសេសជាមួយនឹងប្រទេសចិន នឹងជួយទាក់ទាញឱ្យភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជាកាន់តែច្រើនចាប់ពីពេលនេះតទៅ»។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បាននិយាយថា ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្សាន្តតាមប្រាសាទនានានៅក្នុងខេត្តសៀមរាបបានកើនឡើងដោយសន្សឹមៗ។ ការកើនឡើងក្នុងអត្រាយឺតនេះ គឺដោយសារតែវិបត្តិសេដ្ឋកិច្ចសកលនាពេលនេះបានធ្វើឱ្យប៉ះពាល់ទៅដល់កម្រិតចំណូលរបស់គ្រួសារនីមួយៗ។
ទោះបីយ៉ាងណា លោកបានអះអាងថា អ្វីៗនឹងប្រែប្រួលនៅក្នុងត្រីមាសខាងមុខ (ត្រីមាសទី៤) ព្រោះជារដូវកាលដែលតែងតែមានភ្ញៀវចូលមកកម្សាន្តតាមប្រាសាទនានានៅក្នុងខេត្តសៀមរាបច្រើន៕