ក្រសួងការបរទេសអ៊ីស្រាអែលប្រកាសថា ប្រទេសណាដែលមិនគាំទ្រការឆ្លើយតបរបស់ខ្លួន ចំពោះអំពើឃោរឃៅដែលប្រព្រឹត្តដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលា គឺជាអ្នកខាងក្រុមសកម្មប្រយុទ្ធនេះ។ អ្នកនាំពាក្យក្រសួងបញ្ជាក់ថា មិនអាចមានអព្យាក្រឹតភាពក្នុងជម្លោះនេះបានទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រទី៣ខែវិច្ឆិកា លោក Lior Hayat ចាត់ទុកចេតនារបស់អ៊ីស្រាអែល ក្នុងការលុបបំបាត់ក្រុមហាម៉ាស ថាជាគោលដៅអត្ថិភាព។ លោកអះអាងថា ក្រុមនេះ កំពុងរៀបចំផែនការសម្លាប់រង្គាលដូចថ្ងៃទី៧តុលា ម្តងហើយម្តងទៀត។
លោក Hayat និយាយថា “អ៊ីស្រាអែលបានទទួលការគាំទ្រពីអន្តរជាតិមិនធ្លាប់មានពីមុនមក ក្រោយការវាយប្រហារ ដោយសារតែគ្មាននរណាម្នាក់ អាចឃើញអំពើឃោរឃៅទាំងនេះ ហើយមិនយល់ពីអ្វីដែលយើងកំពុងដោះស្រាយនោះទេ។ ខ្ញុំចង់ផ្ញើសារយ៉ាងមួយទៅកាន់សហគមន៍អន្តរជាតិ៖ បើអ្នកមិនថ្កោលទោសក្រុមហាម៉ាសទេ បើអ្នកមិនគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលទេ នោះអ្នកកំពុងតែគាំទ្រក្រុមហាម៉ាសហើយ”។
កាលពីថ្ងៃទី៧ខែតុលា យុទ្ធជនក្រុមហាម៉ាស បានសម្រុកចូលទឹកដីអ៊ីស្រាអែល ពីតំបន់ហ្គាហ្សា ហើយបើកការវាយឆ្មក់ទីក្រុងនិងមូលដ្ឋានយោធានៅក្បែរនោះ ដោយសម្លាប់ជនស៊ីវិលរាប់រយនាក់ ព្រមទាំងចាប់ចំណាប់ខ្មាំងជាង២០០នាក់ទៀតផង។
អ៊ីស្រាអែលបានឆ្លើយតបទៅវិញ ដោយការឡោមព័ទ្ធតំបន់ប៉ាឡេស្ទីន និងទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់លើជ្រោយហ្គាហ្សា មុនពេលបើកការវាយលុកជើងគោក។
ថ្វីបើសហរដ្ឋអាមេរិកបានសន្យាគាំទ្រដោយឥតងាករេ ចំពោះសកម្មភាពរបស់អ៊ីស្រាអែលក៏ដោយ ប៉ុន្តែមានប្រទេសជាច្រើនបានរិះគន់ការឆ្លើយតបនេះថាមិនសមហេតុផល៕