សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សេវាសាធារណៈចំនួន ១៦ នឹងត្រូវលុបចេញ, សេវាសាធារណៈចំនួន ៥៦ នឹងត្រូវបន្ថយតម្លៃ។ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗឱ្យបានកាន់តែច្រើន ដោយកិច្ចការនេះរាជរដ្ឋាភិបាលប្រកាសថា ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានធ្វើការវះកាត់ផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីនាំមកនូវវិបុលភាពរួមជូនជាតិមាតុភូមិទាំងមូលនោះរាជរដ្ឋាភិបាល នឹងដាក់ចេញនូវយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ពោលគឺ«នឹងបន្តថែរក្សាសមិទ្ធផលចាស់ដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗកាន់តែច្រើន»។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនេះគឺបានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅវិមានសន្តិភាព នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានថ្នាក់ដឹកនាំវិស័យឯកជនជាច្រើនបានចូលរួម៕