(ភ្នំពេញ)៖ ការចម្រាញ់រ៉ែមាសជាលក្ខណឧស្សាហកម្មទទួលបានមាសប្រមាណជិត ៨.៩៧៩គីឡូក្រាម និងបានបង់ពន្ធសួយសារសរុបប្រមាណ១៤.៤លានដុល្លារ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា។
តួលេខនេះ ត្រូវបានបង្ហាញដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ក្នុងវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅថ្ងៃទី២១ ខែវិច្ឆិកា នៅសណ្ឋាគារសុខាភ្នំពេញ។
បន្ថែមពីនោះទៀត រដ្ឋមន្ដ្រីរ៉ែ ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុមហ៊ុនសរុបចំនួន៩ ខណៈក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំការដ្ឋានអាជីវកម្ម។
បើតាមក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគិរី ទទួលបានទិន្នផលខ្ពស់ជាងគេ ក្នុងចំណោមក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាសផ្សេងៗទៀត៕