Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជានៅតែមានសក្តានុពល និងកាលានុវត្តភាពនៃការសម្រេចចក្ចុវិស័យឆ្នាំ ២០៣០

Media LNN | Nov 24, 2023
កម្ពុជានៅតែមានសក្តានុពល និងកាលានុវត្តភាពនៃការសម្រេចចក្ចុវិស័យឆ្នាំ ២០៣០
Clinic narith

 

(ភ្នំពេញ)៖ ដំណើរ នៃការឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ប្រទេស​កម្ពុជា​នៅ​តែ​មាន​សក្តានុពល និងកាលានុវត្តភាពជាច្រើន ទាំងខាងក្រៅ និងក្នុងប្រទេស សម្រាប់​ពន្លឿន​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅពិធីបិទសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ ២០២៣ ក្រោមប្រធានបទ «ចក្ខុ​វិស័យប្រទេសកម្ពុជា ឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀតថា ការ​កំណត់​មាគ៌ា​ សម្រាប់​វិបុល​ភាព ប្រកបដោយភាពធន់, និរន្តរភាព និងបរិយាបន្ន» នៅថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ ២០២៣ នេះថា ដំណើរ​ការ​កសាងជាតិរបស់កម្ពុជា បាន​ឈាន​ដល់​ដំណាក់​កាល​ថ្មី​មួយ​នៅ​ក្នុង​បរិការណ៍ នៃ​ពិភព​លោក ដែលកាន់តែប្រែប្រួល, លំបាក និងមិនប្រាកដប្រជា។

ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ស្របពេលដែលបង្គោលចរឆ្នាំ ២០៣០ កា​ន់​តែខិ​តជិតមកដល់ ពោលគឺនៅសល់ប្រមាណ ៧ឆ្នាំទៀតប៉ុណ្ណោះ ទស្សន​អនាគត​ នៃ​កំណើន​របស់​កម្ពុជា​ត្រូវ​បានបន្តហ៊ុមព័ទ្ធដោយហានិភ័យ និង​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់​ពី​កត្តា​ធំៗ​ខាង​ក្រៅជា​ច្រើនផងដែរ។

ឯកឧត្តម បញ្ជាក់ថា ទោះជាយ៉ាងណា កម្ពុជានៅតែមានសក្តានុពល និងកាលានុវត្តភាពជាច្រើន ទាំង​ខាងក្រៅ និងក្នុងប្រទេស សម្រាប់ពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុង​នោះ​ដំណើរ​របស់​កម្ពុជា​មាន​ការផ្លាស់ប្តូរកាន់តែលឿននៃច្រវាក់ផលិតកម្មពីតំបន់ និងប្រទេស​ផ្សេងៗ​មក​កាន់​អាស៊ាន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខណ្ឌតំបន់ និង ទ្វេភាគី, ផល​លាភ​សន្តិភាព តាមរយៈការបន្តរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ។ ការអភិវឌ្ឍ និង​ការ​ពង្រឹង បានល្អនូវតួនាទី និងស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ, ការអភិវឌ្ឍ និងការពង្រឹងសមត្ថភាព នៃ​ឧ​ស្សាហកម្មគាំទ្រក្នុងស្រុក នៅក្នុង ការបង្កើនតម្លៃបន្ថែម និង​ការ​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​ នៃ​វិស័យឧស្សាហកម្ម។ ការចាប់យកប្រយោជន៍ពីផលលាភ ប្រជាសាស្ត្រ វិស័យឌីជីថល និង​វិស័យថ្មីៗដែលមានសក្តានុពល និងការជំរុញកិច្ចការកែទម្រង់ជារចនាសម្ព័ន្ធ និងការរៀបចំ យន្តការ​អនុវត្ត ឱ្យបានច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ ដល់ការជំរុញ កំណើនសេដ្ឋកិច្ចក្នុងស្រុក ឱ្យមានសន្ទុះកាន់តែខ្លាំងក្លា៕