Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ហ្សង់ហ្វ្រង់ស័រ៖ បើមិនមានអ្វីប្រែប្រួលទេ ឆ្នាំ២០២៤ ពលរដ្ឋចិន នឹងត្រឡប់មក​កម្ពុជាវិញ

Admin Alynana | Nov 24, 2023
លោក ហ្សង់ហ្វ្រង់ស័រ៖ បើមិនមានអ្វីប្រែប្រួលទេ ឆ្នាំ២០២៤ ពលរដ្ឋចិន នឹងត្រឡប់មក​កម្ពុជាវិញ
Clinic narith

(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួល​បន្ទុក​កិច្ច​ការ​បរទេស បានមើលឃើញថា ឆ្នាំ២០២៤ ប្រជាពលរដ្ឋចិន អាចនឹងវិលត្រឡប់មក​កម្ពុជាវិញ ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ។

លោក ហ្សង់ហ្វ្រង់ស័រ មានសុទិដ្ឋិ​និយម​បែបនេះ ដោយផ្អែកទៅលើការប្រកាសដាក់​ចេញ​នយោបាយ​កំណត់​យក​ឆ្នាំ​២០២៤ ជាឆ្នាំផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន​កម្ពុជា​-ចិន ដែលប្រកាសដោយរដ្ឋាភិបាលទាំងពីរ ក្នុងជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិនកាលពីខែតុលា កន្លងទៅនេះ។

ក្នុងសន្និសីទបង្ហាញសមិទ្ធផល៣ខែរបស់រាជរដ្ឋាភិបាល លោក ហ្សង់ហ្វ្រង់ស័រ បាន​គូស​បញ្ជាក់បែបនេះ «ក្នុងថ្នាលនៃការអនុវត្តន៍កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងក្នុងន័យ​នៃ​ការ​បន្តពង្រឹងមិត្តភាពដែកថែប កម្ពុជា និងចិន កំណត់យកឆ្នាំ២០២៤ខាងមុខនេះ ជាឆ្នាំ​ផ្លាស់​ប្តូរប្រជាជនគ្នាទៅវិញទៅមក។ បានន័យថា នៅឆ្នាំ២០២៤ខាងមុខនេះ បើមិនមាន​អ្វី​ប្រែប្រួលទេ គឺជាការវិលវិញនៃអ្នកទេសចរចិន ជួនចំពេលដែលអាកាសយានដ្ឋាន​អន្តរ​ជាតិ​សៀមរាបអង្គរទើបត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់»។

សម្រាប់លោក ហ្សង់ហ្វ្រង់ស័រ ការវិលត្រឡប់មកវិញនៃអ្នកទេសចរចិន ក៏ជាផ្លែផ្កាមួយ​នៃ​នយោបាយការទូតសេដ្ឋកិច្ច ដែលជាស្នូលដ៏សំខាន់មួយរបស់សម្តេចធិបតី ហ៊ុន ម៉ា​ណែត​។

និយាយដល់នយោបាយការទូតសេដ្ឋកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រីមានអតីតភាពជាអ្នកសារព័ត៌មាន​ដ៏​ល្បាញ​ល្បី លោក ហ្សង់​ហ្វ្រង់ស័រ ក៏បានបង្ហាញក្តីរំពឹងខ្ពស់ក្នុងការទទួលបានផ្លែផ្កាពីនយោបាយការទូត​សេដ្ឋ​កិច្ច​នេះផងដែរ។

៣ខែនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី និងតាមរយៈដំណើរទស្សនកិច្ចនៅ​ក្រៅ​ប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត បានយក​ចិត្តទុកដាក់ខ្ពស់ក្នុងការពង្រីកកិច្ចសហ​ប្រតិបត្តិការផ្នែកសេដ្ឋកិច្ចទាំងក្នុងក្របខណ្ឌប្រទេស និងប្រទេស ក៏ដូចជាជាមួយវិស័យ​ឯកជន។

លោក ហ្សង់ហ្វ្រង់ស័រ បានគូសរំលេចថា ក្នុងជំនួបជាមួយមេដឹកនាំបណ្តា​ប្រទេស​នានា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីសំណាក់ប្រទេសជាច្រើន ដូចជាចិន ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឱ្យបង្កើនការនាំទំនិញចូលទៅប្រទេសរបស់​គេ ជាពិសេសគឺអង្ករ។ ក្រៅពីនោះ ក៏មានការចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍វិស័យកសិកម្ម​រវាងសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងហ្វីលីពិន។

«គំនិត គម្រោង ផ្លែផ្កា បានបន្តលេចឡើងតាមរយៈការពិភាក្សានានា ជាទ្វេភាគីរវាង​ប្រទេស និងប្រទេស រវាងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ជាមួយបណ្តាប្រទេស​ជិត​ខាង ក្នុងតំបន់ និងបណ្តាប្រទេសក្នុងលោក»។ នេះជាការលើកបង្ហាញពីផ្លែផ្កានៃនយោបាយការទូតសេដ្ឋកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយលោក ហ្សង់ហ្វ្រង់ស័រ។

លទ្ធផលផ្កែផ្កាមួយទៀតនោះ គឺការចុះអនុស្សារណៈរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអាលីបាបា អនុញ្ញាតឱ្យលក់ផលិតផលខ្មែរ នៅលើបណ្តាញរបស់អាលីបាបា៕fn-2023-11-24-17-12-26-3