Alynana Media Cambodia
Icon Collap
clinic narit

បច្ចុប្បន្នរាជរដ្ឋាភិបាលប្រគល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋបានប្រមាណ ៥លានបណ្ណ និងបន្តចែក២លានបណ្ណទៀត

Media LNN | Jan 17, 2024
បច្ចុប្បន្នរាជរដ្ឋាភិបាលប្រគល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋបានប្រមាណ ៥លានបណ្ណ និងបន្តចែក២លានបណ្ណទៀត
Clinic narith

 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមាន​ប្រសាសន៍​បញ្ជាក់​ថា គិតមកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៥ លាន​បណ្ណ​រួច​មកហើយ ចំណែកបណ្ណកម្មសិទ្ធិប្រមាណ ២ លានបណ្ណ​ទៀត​នឹ​ង​ត្រូវ​បន្ត​ចែក​ជូន​ប្រជា​ពលរដ្ឋ​ជា​បន្តបន្ទាប់នៅទូទាំងប្រទេស។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់ ចែកបណ្ណ័សម្គាល់ម្ចាស់អចលនៈវត្ថុ (ផ្ទះសំបែង) ចំនួន ២០០ ខ្នងជូន​ដល់​អតីត​យុទ្ធជន គ្រួសារយុទ្ធជនរបួសពិការ និងមរណៈ សម្រាប់ប្រើប្រាស់ស្របច្បាប់នៅភូមិជីកដី ឃុំ​អណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ 

សម្ដេចធិបតីបានបញ្ជាក់ថា បុរីជនបទ​នឹង​បន្ត​ពង្រីក​ទៅ​តាម​តំបន់​នានា​នៅ​តាម​បណ្តា​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាក់ស្តែង នៅថ្ងៃទី១៦ មករា ២០២៤នេះ ប្រជាពលរដ្ឋ ជាពិសេស អតីត​យុទ្ធជនចំនួន ២០០ គ្រួសារ ក្នុងខេត្តស្វាយរៀង បានទទួល​នូវ​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​។ ក្នុងនោះមាន គ្រួសារពលី ២៤ នាក់ ស្រី ២៣ នាក់។ គ្រួសារទទួលមរណៈភាព ៧នាក់ ស្រី ៧នាក់, គ្រួសារបាត់បង់ ៣នាក់, គ្រួសារពិការ ៧០នាក់ ស្រី ១នាក់, គ្រួសារនិវត្តជន ២៩នាក់ ស្រី ៣នាក់, គ្រួសារយោធា ២៥នាក់ ស្រី ១នាក់, គ្រួសារប៉ូលីស ៣៦នាក់, គ្រួសារ​កងរាជ​អាវុធហត្ថ ៦នាក់។

សម្ដេចធិបតីមានប្រសាសន៍បញ្ជាក់ថា ដីឡូត៍ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូន​សម្បទានិក​នា​ពេល​នេះ គឺជាទ្រព្យមួយដ៏មានតម្លៃក្នុងការកែច្នៃជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ នេះ​គឺ​ជា​ការ​គិតគូរ​អំពីសេដ្ឋកិច្ចមូលដ្ឋាន និងផ្តល់មធ្យោបាយងាយស្រួលដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និង​គ្រួសារងាយរងគ្រោះ ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់​ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលការចុះបញ្ជី និងផ្តល់បណ្ណ​កម្ម​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ គឺជាកិច្ចការចម្បងដែលត្រូវបន្តអនុវត្តជាចាំបាច់។

សម្ដេចថ្លែងថា៖​ «គិតមកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានប្រគល់បណ្ណកម្មសិ​ទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​បាន​ប្រមាណ ៥លានបណ្ណរួចមកហើយ ចំណែកបណ្ណកម្មសិទ្ធិប្រមាណ ២លានបណ្ណទៀត នឹងត្រូវ​បន្ត​ចែក​ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ នៅទូទាំងប្រទេសផងដែរ»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវ «កម្មវិធីនយោបាយ សម្រាប់​ការ​កសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយនៅក្នុង​គោល​នយោបាយអ​ភិវឌ្ឍ​តាម​វិស័យ គឺបានផ្តោតសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវ​បន្ត​អនុវត្តកា​រ​កែ​ទម្រង់​ឱ្យ​កាន់​តែ​សកម្ម និងស៊ីជម្រៅលើវិស័យដីធ្លី តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញ​បញ្ចប់​ការ​ចុះ​បញ្ជីដីលើកដំបូង, ជំរុញការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងជំរុញ​ការ​ចុះ​បញ្ជី​បន្ត​ដី​គ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណ​កម្មសិទ្ធិ​ជូន​អ្នក​កាន់កាប់​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់​គ្រាន់ តាមលក្ខខណ្ឌ។

លើស​ពីនេះ រដ្ឋាភិបាលក៏បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែក​ដីជូន​ប្រជា​ពលរដ្ឋ​ស៊ីវិល​ក្រីក្រ ឬ ផ្ទះជូនដល់កងកម្លាំងកំពុងឈរជើងតាមព្រំដែន, អតីតកងកម្លាំងប្រដាប់អាវុធ, គ្រួសារ​ដែលក្រីក្រ ដែលខ្វះដីប្រើប្រាស់ ប្រកបដោយតម្លាភាព និងសមធម៌៕