កុមារកម្ពុជា ចំនួន ១៤រូប បានធ្វើដំណើរទៅកាន់ប្រទេស វៀតណាម ដើម្បីចូលរួមប្រកួតប្រជែង ជើងឯកសិស្សពូកែគណិតវិទ្យាលំដាប់អន្តរជាតិមួយដែលមានឈ្មោះថា FMO។ ការប្រកួតនេះ កុមារកម្ពុជាលើកឡើងពីភាពសប្បាយចិត្ត ដែលបានចូលរួមប្រកួត ហើយក៏ប្ដេជ្ញាធ្វើឱ្យបានល្អដណ្ដើមយកមេដាយត្រឡប់មកវិញផងដែរ។
កុមារកម្ពុជា ចំនួន ១៤រូប បានបង្ហាញវត្តមានសម្រាប់ការប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រ សម្រាប់ព្រឹត្តិការណ៍ប្រកួតប្រជែង ជើងឯកសិស្សពូកែគណិតវិទ្យាលំដាប់អន្តរជាតិមួយដែលមានឈ្មោះថា FMO (Fermat Mathematical Olympiad)។ សម្រាប់ការប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័តនេះ កុមារកម្ពុជាត្រូវប្រកួតប្រជែងជាមួយ សិស្សពូកែគណិតវិទ្យា មកពី ១០ប្រទេសផ្សេងទៀត។ ជាក់ស្ដែងព្រឹត្តិការណ៍ប្រកួតប្រជែងនេះ គឺមានបេក្ខជនចូលរួមសរុបចំនួន ៣១២ នាក់។
សម្រាប់ការប្រឡងនេះ ក្រុមកុមារកម្ពុជា បានលើកឡើងពីភាពសប្បាយចិត្ត ដែលបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ។ ពួកគេនឹងព្យាយាម ធ្វើឱ្យបានល្អដណ្ដើមយកមេដាយត្រឡប់មកវិញ។
ចំពោះការប្រឡងវគ្គផ្ដាច់ព្រ័ត នៅប្រទេស វៀតណាម នេះ រៀបចំឡើងចំនួនពីរដង ដោយលើកទី១ ជាការតម្រូវឱ្យសិស្សប្រឡងសាកល្បងរយៈពេល ១ម៉ោង ៣០នាទី សម្រាប់សិស្សថ្នាក់បឋមសិក្ស និងរយៈពេល ២ម៉ោងសម្រាប់ថ្នាក់ អនុវិទ្យាល័យនិងវិទ្យាល័យ។
ចំពោះការប្រឡងលើកទី២ជាការប្រឡងផ្លូវការ ដែលមានរយៈពេលដូចការប្រឡងសាកល្បងដែរ។ ក្នុងវគ្គផ្ដាច់ព្រ័តនេះដែរ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងជា ៤ដំណាក់កាល។ ដំណាក់កាលទី១ គឺ
-វិញ្ញាសារត្រូវបានបែងចែកជាបួនដំណាក់កាល Warm up មាន ១០សំណួរ ដំណាក់កាលទី ២គឺ speed-upមានសំណួរ ដំណាក់កាលទី ៣ គឺ Challengingមាន ៥សំណួរដូចគ្នា រីឯដំណាក់កាលចុងក្រោយគឺ Star of hopeមាន ១សំណួរ។ សរុបទាំងអស់ គឺមាន ២១សំណួរសម្រាប់ការប្រឡងទាំង ៤ដំណាក់កាល។
សម្រាប់វត្តមានកុមារកម្ពុជា ដែលទៅចូលរួមប្រកួតវគ្គផ្ដាច់ព្រ័តនេះ សុទ្ធតែត្រូវបានឆ្លងកាត់ការជម្រុះវគ្គទី១ ដែលគេហៅថាវគ្គជម្រុះថ្នាក់ជាតិ។ ពួកគេទាំងអស់សុទ្ធតែបានជាប់មេដាយ មាស ប្រាក់ និងសំរឹទ្ធ៕