(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា មន្ត្រីរាជការដែលបម្រើការងារនៅតាមខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់នឹងត្រូវពិនិត្យរកសារធាតុញៀននៅក្នុងខ្លួននាពេលខាងមុខនេះ ដើម្បីអនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពោលគឺបើរកឃើញមានមន្ត្រីរូបណាមានសារធាតុញៀនក្នុងខ្លួននឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងនោះទេ។
ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ជាមួយគ្នានេះដែរការត្រួតពិនិត្យក្លឹបកំសាន្តនានានៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវតែធ្វើដោយភាពម៉ឺងម៉ាត់ផងដែរ ដើម្បីបញ្ជាក់ថា នៅតាមក្លឹបកំសាន្តទាំងអស់នោះ គឺមិនមានការជួញដូរ និងសេពគ្រឿងញៀនឡើយ។ ពាក់ព័ន្ធនឹងការងារសន្តិសុខ រដ្ឋបាលរាជធានីភ្នំពេញក៏បានយកចិត្តទុកដាក់ផងដែរ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ខណៈនៅប៉ុន្មានខែខាងមុខនេះនឹងមានការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ដូច្នេះទេ ក្នុងនាមគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនឹងយកចិត្តទុកដាក់ការពារសន្តិសុខ ដើម្បីឱ្យដំណើរការបោះឆ្នោតនេះទទួលបានជោគជ័យ។
ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរចំពោះការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងបានគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងលុបបំបាត់ល្បែងផ្សងសំណាងគ្រប់ប្រភេទដែលធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ត និងអបអរសាទរ។
ឯកឧត្ដម ម៉ប់ សារិន ក៏បានកោតសសើរផងដែរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានរៀបចំ និងចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អធ្វើឱ្យដំណើរការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយរលូន គ្មាន អំពើហិង្សា ការគំរាមគំហែង និងសុវត្ថិភាពទាំងស្រុង តាំងពីមុនពេលយុទ្ធនាការឃោសនា ក្នុងពេលយុទ្ធនាឃោសនាបោះឆ្នោតរហូតដល់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតដោយទទួលបានជោគជ័យ និងសូមកោតសសើរសមត្ថកិច្ចពាក់ព័ន្ធបានខិតខំអប់រំផ្សព្វផ្សាយ បង្ការទប់ស្កាត់អគ្គិភ័យនៅតាមមូលដ្ឋានដែលមានប្រជាពលរដ្ឋចូលរួមចំនួន ៧.៣៣១នាក់ ធ្វើឱ្យគ្រោះថ្នាក់អគ្គិភ័យមានការថយចុះចំនួន០៦លើក៕