(ភ្នំពេញ)៖ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ២០២៤ ពោលគឺរយៈពេល៦ខែ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តល់សេវាសាធារណៈដល់កម្មករនិយោជិតខ្មែរតាមរយៈការពិនិត្យ និងផ្ដល់វិញ្ញាបនបត្រពិនិត្យកាយសម្បទាសរុប២៨៦,២៥៤នាក់ ក្នុងនោះនិយោជិតជាស្រីមាន ១៩៧,៥៧៧ នាក់។
បន្ថែមពីនោះនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានផ្តល់សេវាបណ្តុះបណ្តាលស្តីពីសុខភាព និងសុវត្ថិភាពការងារដល់ប្រតិភូបុគ្គលិកចំនួន ១៤២៨នាក់ ក្នុងនោះស្រីចំនួន៨២៩នាក់។ ក្រៅពីនោះនាយកដ្ឋានពេទ្យការងារក៏បានបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារ ដល់កម្មករនិយោជិតប្រតិភូបុគ្គលិក និងសហជីព តាមបណ្តារោងចក្រ សហគ្រាស បន្ថែមផងដែរ។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា តាមរយៈសមិទ្ធផលការងារទាំងនេះឃើញថាសកម្មភាពការងារនៅនាយកដ្ឋានពេទ្យការងារមានដំណើរការល្អ បានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមតួនាទីភារកិច្ចដែលបានកំណត់ដោយប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានខិតខំបង្កើនសមត្ថភាពតាមរយៈការអនុវត្តការងារជាក់ស្តែង ការចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ។
ឯកឧត្តមបន្ថែមថា ជាមួយគ្នានេះ ក្រសួងការងារដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ ដល់កម្មករនិយោជិត ហើយវាក៏ស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨។
ឯកឧត្តមគូសបញ្ជាក់ថា កិច្ចការងារទាំងនោះរួមមាន៖
ទី១ ក្របខណ្ឌច្បាប់ និងគោលនយោបាយស្តីពីសុវត្ថិភាព និងសុខភាពការងារ មានភាពស៊ីសង្វាក់គ្នាស្របតាម បទដ្ឋានអន្តរជាតិ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព។
ទី២ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារដែលដំណើរការ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសមត្ថភាព។
ទី៣ ការអនុវត្តន៍អនុលោមភាពទៅតាមច្បាប់ និងការធ្វើអធិការកិច្ចការងារផ្នែកសុវត្ថិភាព និងសុខភាពការងារប្រកបដោយគុណវុឌ្ឍិ និងប្រសិទ្ធភាព។
ទី៤ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងនិយោជក និងកម្មករនិយោជិត ស្តីពីសុវត្ថិភាព និងសុខភាពការងារនៅក្នុងវិស័យក្នុងប្រព័ន្ធ ជាពិសេសនៅវិស័យដែលមានហានិភ័យខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ និងបង្កើនផលិតភាពការងារ។
ទី៥ ការលើកកម្ពស់បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អ នៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងនៅតាមជនបទ ព្រមទាំងបង្កើនការយល់ដឹង អំពីសុវត្ថិភាព និងសុខភាពការងារ។
ទី៦ ការលុបបំបាត់ពលកម្មកុមារ និងការងារដោយបង្ខំ សហប្រតិបត្តិការ ក្នុងការបង្ការមេរោគអេដស៍ ជំងឺអេដស៍ ការប្រើប្រាស់គ្រឿងញៀន ជំងឺឆ្លង និងជំងឺមិនឆ្លងនៅកន្លែងធ្វើការ៕