Alynana Media Cambodia
Icon Collap
clinic narit

អាស៊ានកំពុងធ្វើការរួមគ្នា ជំរុញបង្កើតផែនទីបង្ហាញផ្លូវកម្រិតថ្មី សម្រាប់សេដ្ឋកិច្ច និងសង្គមក្នុងតំបន់

Media LNN | Jun 07, 2024
អាស៊ានកំពុងធ្វើការរួមគ្នា ជំរុញបង្កើតផែនទីបង្ហាញផ្លូវកម្រិតថ្មី សម្រាប់សេដ្ឋកិច្ច និងសង្គមក្នុងតំបន់
Clinic narith

 

អាស៊ានកំពុងធ្វើការរួមគ្នា ជំរុញបង្កើតផែនការយុទ្ធសាស្រ្តបន្ទាប់ សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ឆ្នាំ២០២៦-២០៣៥ ក្នុងគោលដៅបង្កើតផែនទីបង្ហាញផ្លូវ និងយុទ្ធសាស្ត្រ ដើម្បី​ឈាន​ដល់​កម្រិតថ្មីមួយ នៃតម្រូវការសេដ្ឋកិច្ច និងសង្គមក្នុងតំបន់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី អាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២០ ក្រោម​ប្រធានបទ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត៖ដំណើរឆ្ពោះទៅ អនាគត» នៅថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២៤នេះថា អាស៊ានមានការរីកចម្រើនយ៉ាងខ្លាំង ជាមួយនឹងផែនការអនុវត្ត នៃ​ផែនការសកម្មភាពអាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០១៦-២០២៥ ដែលផែនការនេះ បង្ហាញពីជំហាននិងគោលដៅ សំខាន់ៗ ដើម្បីសម្រេចឱ្យបាន​នូវការ​បង្កើត​អាស៊ាន​រីកចម្រើនអាស្រ័យលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម បន្តថា ក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមក ក្របខណ្ឌនេះ បានជួយ​បណ្តា​ប្រទេស​អាស៊ាន ផ្តោតលើការអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបំពេញ​តម្រូវ​ការ​ក្នុង​តំបន់​។ ជាលទ្ធផល កិច្ចខិតខំប្រឹងប្រែងរបស់យើង បានដោះស្រាយ យ៉ាងមាន​ប្រសិទ្ធភាព​នូវ​យុទ្ធសាស្ត្រ​បួនយ៉ាង៖ ១) ការពង្រឹងកិច្ចសហការរវាងរដ្ឋាភិបាលសាធារណៈ និងវិស័យអប់រំ, ២) ការលើក កម្ពស់ការចល័តទេពកោសល្យ, ៣) ការបង្កើតប្រព័ន្ធ​នវានុវត្តន៍ សម្រាប់​ផល​ជះ​ដល់​សហគមន៍, និង ៤) ការលើកកម្ពស់ការយល់ដឹង អំពីវប្បធម៌វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍។ នាពេលបច្ចុប្បន្ន អាស៊ានកំពុងធ្វើការរួមគ្នាដើម្បីបង្កើតផែនការយុទ្ធសាស្រ្តបន្ទាប់ សម្រាប់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់ឆ្នាំ ២០២៦-២០៣៥។

ឯកឧត្តម ហែម វណ្ណឌី បញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការជាមួយរដ្ឋជាសមាជិក និងដៃគូ​សន្ទនាទាំងអស់ ដើម្បី បង្កើតផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ដើម្បីឈានដល់​កម្រិតថ្មី​មួយ​នៃ​តម្រូវការសេដ្ឋកិច្ច និងសង្គមក្នុងតំបន់មួយទៀត។ ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាភិបាល​របស់​គណៈកម្មាធិការអាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជ្រើសរើសទិសដៅអាទិភាព ដែល​បន្ទាប់មកត្រូវបានអនុម័តដោយរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំ ឯកឧត្តម ពិតជាមានសេចក្តីសោមនស្សរីករាយ ដែល​ឃើញកិច្ចផ្តួចផ្តើម និងគម្រោងជាច្រើនត្រូវបានស្នើឡើង ហើយគំនិតផ្តួចផ្តើម ទាំងនេះ នឹងត្រូវ​បានពិនិត្យដើម្បីអនុម័តនៅរសៀលនេះ៕